ហ៊ុន សែន ព្រមាន​អាមេរិក កុំ​ការពារ​«អាយ៉ង»

បុរសខ្លាំងកម្ពុជា បានថ្លែងព្រមានសហរដ្ឋអាមេរិក កុំឲ្យជ្រៀតជ្រែកចូលអធិបតេយ្យភាពកម្ពុជា ហើយបានចាត់ទុកការចេញសេចក្ដីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក ជុំវិញការចាប់ខ្លួនលោក កឹម សុខា ថាគ្រាន់តែជាសេចក្ដីថ្លែងការណ៍ ដើម្បីការពារ«អាយ៉ង»របស់ខ្លួនតែប៉ុណ្ណោះ។
ហ៊ុន សែន ព្រមាន​អាមេរិក កុំ​ការពារ​«អាយ៉ង»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

«អ្នកដែលបានធ្វើសេចក្ដីថ្លែងការណ៍ ដើម្បីការពារនូវជននេះ គឺវាគ្រាន់តែជាការការពារ អាយ៉ងរបស់ខ្លួន ឲ្យរួចផុតពីការចោទប្រកាន់ តែប៉ុណ្ណោះ» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗយ៉ាងដូច្នេះ សំដៅទៅសហរដ្ឋអាមេរិក ដែលលោកចាត់ទុកថា បាននៅពីក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើគម្រោងការមួយ ដែលបុរសខ្លាំងកម្ពុជា អះអាងថា ជាគម្រោងការដើម្បីបំផ្លិចបំផ្លាញកម្ពុជា។

កាលពីល្ងាច​ម្សិលម៉ិញ សហរដ្ឋអាមេរិក តាមរយៈសម្លេង របស់អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី «Heather Nauert» បានចេញសេចក្ដីថ្លែងការណ៍ សំដែងការព្រួយបារម្ភជាពន់ពេក នៅចំពោះការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដោយត្រូវបានធ្វើឡើង នៅយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ អ្នកស្រីបានហៅការចាប់ខ្លួននោះ ទំនងជាធ្វើឡើង នៅក្រោមហេតុផលនយោបាយ។ 

អ្នកស្រី បានលើកឡើងថា៖ «យើងកត់សម្គាល់ ជាមួយនឹងការព្រួយបារម្ភក្រៃលែង ចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំនយោបាយប្រឆាំង ដ៏គួរឲ្យគោរពម្នាក់ ធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ក្រោយការចោទប្រកាន់មួយចំនួន ដែលហាក់ដូចជា មានហេតុផលនយោបាយ នៅពីក្រោយ។ លោក កឹម សុខា មានការប្តេជ្ញាចិត្ត ដ៏យូរអង្វែងមួយ និងមានការទទួលស្គាល់ជាអន្តរជាតិ អំពីនិន្នាការរបស់លោក ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអហិង្សា។»

សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ទៀតថា ហេតុការណ៍នៃការចាប់ខ្លួន រួមនឹងចំណាត់ការផ្សេងទៀត ក្នុងពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាល នឹងបង្កមន្ទិលយ៉ាងធ្ងន់ធ្ងរ ទៅការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំខាងមុខ និងពីលទ្ធផលស្របច្បាប់មួយ តាមបែបប្រជាធិបតេយ្យ។

អ្នកស្រី «Heather Nauert» បានបញ្ជាក់ថា៖ «យុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងករណីមួយនេះ បានបន្តបោះជំហាន តាមយុទ្ធនាការដែលកំពុងមានបញ្ហាជាច្រើនទៀត កាលពីពេលថ្មីៗនេះ រួមមានទាំងការដាក់កំហិត ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងទៅលើអង្គការ​សង្គមស៊ីវិល។ ចំណាត់ការទាំងនេះ បានកាត់បន្ថយ ដល់ដំណើរស្ទុះទៅមុខ នៅក្នុងប៉ុន្មានទសវត្សន៍ចុងក្រោយនេះ របស់កម្ពុជា និងបានបង្កឲ្យមានចំណោទធ្ងន់ធ្ងរ ចំពោះសមត្ថភាពរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលអាចទទួលយកបាន ហើយដែលអាចផ្ដល់ នូវលទ្ធផលស្របច្បាប់មួយ តាមបែបប្រជាធិបតេយ្យ។»

ប៉ុន្តែសេចក្ដីថ្លែងការណ៍ខាងលើ មិនទទួលបានការស្វាគមន៍ ពីរដ្ឋាភិបាលកម្ពុជាទេ។ ថ្លែងនៅចំពោះ សាសនិកឥស្លាមច្រើនរយនាក់ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធាន​គណបក្សកាន់អំណាចដ៏ចាស់វស្សា លោក ហ៊ុន សែន បានថ្លែងព្រមាន ត្រឡប់ទៅសហរដ្ឋអាមេរិកវិញថា៖ «សុំគោរពអធិបតេយ្យជាតិ របស់កម្ពុជា! មិនត្រូវប្រើប្រាស់វិធីផ្ដួលរំលំ តាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ទេ។»។

បុរសខ្លាំងកម្ពុជា បានលើកយកមកប្រៀបធៀប នូវអ្វីដែលបានកើតឡើង នៅក្នុងប្រទេសមួយចំនួន ក្នុងតំបន់មជ្ឈឹមបូព៌ា ដូចជាប្រទេសអៀរ៉ាក់ ប្រទេសលីប៊ី និងប្រទេសស៊ីរីជាដើម ខណៈប្រទេសទាំងនោះ សុទ្ធតែមានមេដឹកនាំ (ឬអតីតមេដឹកនាំ) ជាជនផ្ដាច់ការ ដែលកាន់អំណាចចាក់ឫស រាប់សិបឆ្នាំ។ តែលោក ហ៊ុន សែន មិនបានលើកមកនិយាយ ពីរបៀបដឹកនាំ របស់មេដឹកនាំ (ឬអតីតមេដឹកនាំ) របស់បណ្ដាប្រទេសទាំងនោះទេ។ លោកគ្រាន់តែឲ្យគេឯងមើល ពីស្ថានភាពសព្វថ្ងៃរបស់ប្រទេសទាំងនោះ ដែលត្រូវបានបំផ្លាញ ដោយភ្លើងសង្គ្រាម។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ការស្អប់ខ្ពើម ការមិនចូលចិត្តចំពោះ សាដាមហ៊ូសេន រួចហើយចោទថា គេមានអាវុធប្រល័យលោក ក៏នាំកងទ័ពចូលទៅ។ ឥឡូវស្លាប់ សាដាម ហ៊ូសេន មួយ តើប្រទេសអៀរ៉ាក់មានសន្តិភាព ហើយឬនៅ? មានប្រជាធិបតេយ្យ ហើយឬនៅ? បើវានៅក្រោមគ្រាប់បែក គ្រាប់ផ្លោង និងការវាយប្រហារនានានោះ?»។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង បានតម្លើងសម្លេងខ្លាំងៗថា៖ «ទោះតម្លៃណាក៏ដោយ មិនឲ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរ ដើម្បីសម្លាប់ខ្មែរតទៅទៀតទេ»។

សម្រាប់គណបក្សសង្គ្រោះជាតិវិញ តែងបានលើកឡើងជារឿយៗ ថាខ្លួនមិនមានបំណងផ្ដួលរំលំរដ្ឋាភិបាល តាមរយៈអំពើហិង្សានោះទេ តែមានបំណងត្រឹមតែ ឲ្យមានការផ្លាស់ប្ដូរមួយ តាមរយៈការបោះឆ្នោតប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្នុងសហរដ្ឋអាមេរិក ក៏បានបដិសេធការចោទប្រកាន់ទាំងអស់ ពីសំណាក់រដ្ឋាភិបាល ទៅលើលោក កឹម សុខា ដែរ។

» វីដេអូសំភាសទាំងស្រុង របស់លោក អេង ឆៃអ៊ាង ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក៖

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់