ប្រដាល់​ប្រចាំ​សតវត្សន៍៖ ម៉ាយវ៉េដ័រ បំបាក់ ម៉ាក់គ្រេហ្គ័រ នៅ​ត្រឹម​ទឹក​ទី១០

ការប្រកួត«ប្រចាំសតវត្សន៍» រវាងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) និងកីឡាករអៀឡង់ ខរណ័រ ម៉ាក់គ្រេហ្គ័រ (Conor McGregor) ក្នុងយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យ (ត្រូវជាព្រឹកថ្ងៃអាទិត្យ នៅកម្ពុជា) ត្រូវបានអាជ្ញាកណ្ដាល បញ្ឈប់នៅត្រឹមទឹកទី១០ បន្ទាប់ពីកីឡាករ ម៉ាយវ៉េដ័រ បានវាយបំបាក់ រាប់ចាប់ពីទឹកទី៧មក រហូតលុះត្រាកីឡាករ ម៉ាក់គ្រេហ្គ័រ សឹងតែដួល «KO» នៅលើសង្វៀន។
ប្រដាល់​ប្រចាំ​សតវត្សន៍៖ ម៉ាយវ៉េដ័រ បំបាក់ ម៉ាក់គ្រេហ្គ័រ នៅ​ត្រឹម​ទឹក​ទី១០
កីឡាករអៀឡង់ ម៉ាក់គ្រេហ្គ័រ រងកណ្ដាប់ដៃរបស់កីឡាករអាមេរិក ម៉ាវ៉េដ័រ ធ្ងន់ធ្ងរ មុននឹងត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត នៅត្រឹមទឹកទី១០។ (រូបថតលើទ្វីសធើរ)

កីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) បានបន្តឯកត្តកម្ម«មិនដែលចាញ់ - មិនដែលស្មើ» របស់ខ្លួន នៅក្នុងការប្រកួតអាជីព ទាំង៥០លើក ហើយបានបន្ថែមតួលេខ វាយឲ្យដួល «KO» បានរហូតដល់២៧លើក បន្ទាប់ពីបានយកជ័យជំនះ ដោយសារការបញ្ឈប់ការប្រកួត ពីសំណាក់អាជ្ញាកណ្ដាល នៅត្រឹមទឹកទី១០ (ពីក្នុងចំណោម១២ទឹក) ក្នុងការប្រកួត«ប្រចាំសតវត្សន៍» ទល់នឹងកីឡាករអៀឡង់ ខរណ័រ ម៉ាក់គ្រេហ្គ័រ (Conor McGregor) នៅយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យនេះ។

និយាយទៅ ជ័យជំនះរបស់កីឡាករ ម៉ាយវ៉េដ័រ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលណាស់ណាទេ ដោយសារកីឡាករប្រដាល់ជាតិអាមេរិក អាយុ៤០ឆ្នាំរូបនេះ មានជំនាញខាងប្រដាល់សកល យ៉ាងខ្លាំងក្លា ខុសគ្នាឆ្ងាយពីកីឡាករ ម៉ាក់គ្រេហ្គ័រ អាយុ២៩ឆ្នាំ ដែលជំនាញខាងប្រដាល់គុនចម្រុះ «MMA» តែទើបតែចេញ មកប្រកួតប្រដាល់សកល នៅលើកនេះ ជាលើកទីមួយរបស់ខ្លួន។

ការប្រកួតរវាងអ្នកទាំងពីរ បានរងការរិះគន់ ពីអ្នកឃ្លាំមើល នៅពាសពេញពិភពលោក ថាជាការប្រកួត«ដើម្បីប្រាក់» ប្រសិនជាគេក្រឡេកភ្នែក ទៅមើលប្រាក់ចំណូល ដែលអ្នករៀបចំការប្រកួតនេះ ទទួលបាន។ ចំណែកឯកីឡាករខ្លួនឯងវិញ ក៏ទទួលបានតម្លៃខ្លួនមិនតិចលានដែរ៖ កីឡាករ ម៉ាក់គ្រេហ្គ័រ ទទួលបាន១០០លានដុល្លារ ខណៈកីឡាករ ម៉ាយវ៉េដ័រ ទទួលបានជាង២០០លានដុល្លារ។

ការប្រកួត«ប្រចាំសតវត្សន៍»នេះ ធ្វើឡើងនៅក្រុង ឡាសវេហ្គាស សហរដ្ឋអាមេរិក ក្រោមការចូលរួមទស្សនា ពីទស្សនិកជនប្រមាណ ២០ ០០០នាក់ ក្នុងនោះ មានកំពូលតារាល្បីៗ ទាំងនៅក្នុងវិស័យភាពយន្ដ ចម្រៀង និងកីឡាប្រដាល់។ ប៉ុន្តែការប្រកួត បានពន្យាពេល ១៥នាទី ក្រោយពេលកំណត់ ដោយសារតែមានបញ្ហារអាក់រអួល ផ្នែកការផ្សាយបន្តផ្ទាល់ ដែលជាប្រភពចំណូល ដ៏សំខាន់មួយ នៃជំនួបរវាងកីឡាករទាំងពីរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់