CIA ធ្លាប់​ព្រមាន​ពី​ភេរវកម្ម​នៅ​បាសឺឡូន តាំង​ពី២ខែ​មុន

តាំងពីពីរខែមុន ភ្នាក់ងារចារកម្ម​របស់​អាមេរិក ហៅថា «CIA» បានព្រមាននគរបាល ខេត្ត​កាតាឡូញ (Catalogne) ជាមុនហើយ ពីលទ្ធភាព​នៃការផ្ទុះភេរវកម្ម នៅក្នុងទីក្រុង បាសឺឡូន (Barcelone)។ នេះ បើតាមសារព័ត៌មាន «el Periodico» របស់ប្រទេស​អេស្ប៉ាញ នៅក្នុងអត្ថបទ​មួយ​របស់ខ្លួន ដែលផ្សាយតាម​បណ្ដាញ​អ៊ិនធើណែត។
CIA ធ្លាប់​ព្រមាន​ពី​ភេរវកម្ម​នៅ​បាសឺឡូន តាំង​ពី២ខែ​មុន
ព្រះវិហារ «Sagrada Familia» របស់ក្រុង បាសឺឡូន ដែលអាចជាទិសដៅ នៃការវាយប្រហារ របស់ក្រុមភេរវនិយមដូចគ្នាដែរ។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 25, 2017
  • ប្រធានបទ: ភេរវកម្ម
  • អាន និងបញ្ចេញយោបល់

ទីភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» បានដឹងជាមុន ពីគម្រោងធ្វើភេរវកម្ម របស់ក្រុមអ៊ីស្លាមនិយមជ្រុល នៅក្នុងក្រុង បាសឺឡូន (Barcelone) និងបានព្រមាននគរបាលតំបន់ កាតាឡូញ (Catalogne) តាំងពីរយៈពេលពីរខែ មុនភេរវកម្មថ្ងៃទី ១៧ ខែសីហាកន្លងទៅនេះ។ សារព័ត៌មាន «El Periodico» របស់ប្រទេសអេស្ប៉ាញ បានរាយការណ៍ថា ការព្រមាននោះ បានបញ្ជាក់ច្បាស់ទៀតថា ទីក្រុងបាសឺឡូន ជាទិសដៅដ៏មានសក្ដានុពលមួយ នៃអំពើភេរវនិយម ហើយចំណុច នៃការវាយប្រហារ អាចទំនងជានៅលើដងវិថី «Ramblas» ដែលសម្បូរដោយទេសចរណ៍។

មិនខុស ពីការព្រមាននោះប៉ុន្មានទេ ព្រោះនៅរសៀលថ្ងៃទី១៧ ខែសីហា រថយន្ដដឹកទំនិញធុនមធ្យមមួយគ្រឿង ត្រូវបានក្រុមភេរវជនបើក ចូលទៅ បំបុកសម្លាប់មនុស្ស យ៉ាងហោច១៣នាក់ និងធ្វើឲ្យរបួសច្រើនជាង១០០នាក់ នៅលើដងវិថីខាងលើនេះ។

នៅក្រោយការវាយប្រហារនោះប៉ុន្មានម៉ោង អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS)  បានចេញមុខមកទទួលស្គាល់ទង្វើនេះ ថាជាស្នាដៃរបស់ក្រុមយុទ្ធជនរបស់ខ្លួន តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ របស់ទីភ្នាក់ងារឃោសនាផ្លូវការ «Amaq» នៃក្រុមភេរវនិយម។

ក្នុងយប់ថ្ងៃទី១៧ ខែសីហា ជនសង្ស័យពីរនាក់ ត្រូវបានអាជ្ញាធរអេស្ប៉ាញចាប់ខ្លួន។ ជនម្នាក់ពីក្នុងចំណោមនោះ ឈ្មោះ «Driss Oukabir» ជាតិម៉ារ៉ុក អាយុ២៨ឆ្នាំ ដែលជាអ្នកជួលរថយន្ដខាងលើ បានរងការសង្ស័យច្រើនជាងគេ។ ជនសង្ស័យរូបនេះ បានចូលទៅបង្ហាញខ្លួន នៅចំពោះអាជ្ញាធរអេស្ប៉ាញ និងបានប្រកែកថា ខ្លួនមិនបានប្រព្រឹត្តិទង្វើខាងលើនេះទេ មុននឹងឆ្លើយទម្លាក់កំហុស ទៅឲ្យប្អូនប្រុសខ្លួន ដែលត្រូវបានគរបាលបាញ់សម្លាប់ ក្នុងភេរវកម្ម​បើក​រថយន្ដ​តូច​បុកមុនស្ស​មួយទៀត កើតឡើងក្នុងយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ នៅក្រុង «Cambrils» ភាគខាងត្បូងទីក្រុង បាសឺឡូន។

នៅប៉ុន្មានថ្ងៃក្រោយមក សារព័ត៌មានអេស្ប៉ាញ «El Espanol» បានអះអាងថា ការវាយប្រហារ បើករថយន្ដបុកមនុស្ស នៅកណ្ដាលក្រុង បាសឺឡូន មិនមែនជាគម្រោងភេរវកម្ម ដ៏សំខាន់ជាងគេ របស់ក្រុមភេរវនិយមនោះទេ។ ស្រង់ប្រភពពីនគរបាល សារព័ត៌មានបានបញ្ជាក់ថា ក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ ជ្រុលនិយមអ៊ីស្លាម មានគម្រោងដាក់បំផ្ទុះ រថយន្ដផ្ទុកដោយគ្រាប់បែក នៅនឹងទីកន្លែង ដែលសម្បូរដោយមនុស្ស និងជានិមិត្តរូប របស់ប្រទេសអេស្ប៉ាញជាច្រើន ដូចយ៉ាង តាមដងវិថី «Ramblas» (ដែលរងការវាយប្រហាររួចហើយ) នៅនឹងព្រះវិហារ «Sagrada Familia» ឬអាចនៅនឹងកំពង់ផែ របស់ក្រុង បាសឺឡូន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់