បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

បាតុករបីនាក់បានស្លាប់ នៅក្នុងហេតុការណ៍ នៃការបើករថយន្ដបុកចូលក្នុងហ្វូងបាតុករ ដែលបានមកជួបជុំគ្នា ដើម្បីធ្វើបាតុកម្ម សំដែងការប្រឆាំង នឹងបាតុកម្មរបស់​ក្រុមស្ដាំនិយមជ្រុល​អាមេរិក នៅក្នុងក្រុង «Charlottesville» នៃរដ្ឋវៀជឺនី (Virginie) ភាគខាងកើតសហរដ្ឋអាមេរិក។
បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់
ទិដ្ឋភាពនៅក្រោយពេលកើតហេតុ៖ រថយន្ដទាំងពីរនេះ មិនមែនជារថយន្ដបង្កទេ ខណៈរថយន្ដបង្ក បានឈប់សកម្មភាពខ្លួន នៅឆ្ងាយពីនេះ។ (រូបថតនៅលើទ្វីសធើរ)

ការជួបជុំធ្វើបាតុកម្ម របស់ក្រុមស្ដាំនិយមជ្រុលអាមេរិក (ជាទូទៅ ជាក្រុមជាតិនិយមជ្រុល) នៅក្នុងក្រុង «Charlottesville» នៃរដ្ឋវៀជឺនី ( ភាគខាងកើតសហរដ្ឋអាមេរិក) បានប្រែក្លាយជាវិនាសកម្ម ដ៏ខ្លោចផ្សារមួយ នៅថ្ងៃសៅរ៍ទី១២ ខែសីហានេះ បណ្ដាលមកពីរថយន្ដមួយគ្រឿង ដែលត្រូវបានបើកបំបុក ចូលទៅក្នុងហ្វូងបាតុករមួយក្រុមទៀត ដែលបានមកជួបជុំគ្នា ដើម្បីសំដែងការប្រឆាំង នឹងបាតុកម្មខាងលើមុន។ មនុស្សបីនាក់ បានស្លាប់ ហើយ១៩នាក់ទៀត បានរងរបួស។

វីដេអូដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីរថយន្ដពណ៌ខ្មៅមួយគ្រឿង បានបើកក្នុងល្បឿនដ៏លឿន បុករថយន្ដមួយគ្រឿង ដែលនៅពីមុខខ្លួន ហើយឃើញមានជនរងគ្រោះច្រើននាក់ បានប៉ើងខ្ទាតខ្លួន ដូចសំឡី។ បន្ទាប់មករថយន្ដពណ៌ខ្មៅនេះ បានបើកថយក្រោយវិញ នៅក្នុងចំណោមហ្វូងបាតុករ ដែលកំពុងតក់ស្លុត។

» បញ្ជាក់៖ រូបភាពខាងក្រោម អាចប៉ះពាល់អារម្មណ៍៖

ជនអ្នកកាន់ចង្កូតរថយន្ដបង្ក ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅដាក់ឃុំ ជាបណ្ដោះអាសន្ន។ នេះ បើតាមការប្រកាសឲ្យដឹង របស់សាលាក្រុង។ នៅក្នុង​ពេលភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា មានមនុស្ស១នាក់ស្លាប់ និង១៩នាក់រងរបួស ដែលត្រូវបានដឹក ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែរបាយការណ៍ចេញផ្សាយ នៅពេលក្រោយមកបានអះអាងថា មនុស្សស្លាប់មានដល់ទៅ ៣នាក់។ 

ហេតុការណ៍នេះ ទំនងជាទង្វើដោយចេតនា ភ្លាមៗបន្ទាប់ពីអាជ្ញាធរ​បានហាមឃាត់បាតុកម្ម របស់ក្រុមស្ដាំនិយមជ្រុល ដោយហេតុមានឧប្បត្តិហេតុប៉ះទង្គិចគ្នា រវាងបាតុករស្ដាំនិយមជ្រុលទាំងនោះ និងបណ្ដាជនរស់នៅក្នុងទីក្រុង ដែលធ្វើឲ្យមនុស្ស១៥នាក់ផ្សេង (នៅមុនហេតុការណ៍រថយន្ដបុកមនុស្ស) នៅពេលនោះ។ ការប៉ះទង្គិចគ្នានោះ ទទួលបានប្រតិកម្មភ្លាមៗ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានបរិហារពីអំពើហិង្សា តែលោក ត្រាំ មិនបានចង្អុល ដាក់ការទទួលខុសត្រូវ ទៅលើក្រុមស្ដាំនិយមជ្រុលទាំងនោះទេ។

បើតាមសាក្សីនៅនឹងកន្លែង បានរៀបរាប់ថា ជនរងគ្រោះទាំងពេលមុន និងពេលក្រោយ សុទ្ធសឹងជាបាតុករប្រឆាំងបាតុកម្ម។ ពួកគេទាំងនោះ បានចុះមកបរិហារវត្តមាន របស់ក្រុមស្ដាំនិយមជ្រុល នៅក្នុងក្រុង «Charlottesville» ដែលមានជាអាទិ៍ ក្រុម «Ku Klux Klan» និងក្រុមជាតិនិយម «Neo-Nazism (និន្នាការដូចលោក អាដុហ្វ៍ ហ៊ីត្លែ - អាល្លឺម៉ង់)»៕

» បញ្ជាក់៖ រូបភាពខាងក្រោម អាចប៉ះពាល់អារម្មណ៍៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់