ក្រុង​ព្យុងយ៉ាង​ត្រៀម​បាញ់​​កាំជ្រួច​ចេញពីនាវាមុជទឹក ដើម្បីស្វាគមន៍សំដី ត្រាំ

របបកុម្មុយនីស្ដកូរ៉េ ទំនងជាកំពុងត្រៀមបាញ់សាកល្បង នូវកាំជ្រួចជាច្រើនទៀត ចេញពីនាវាមុជទឹកមួយគ្រឿង ដែលកំពុងស្ថិតក្រោមការសាងសង់ ឬការកែសម្រួល ក្នុងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន។ ការត្រៀមលក្ខណៈខាងលើ បានធ្វើឡើង​ក្នុងបរិយាកាស នៃការឆ្លើយឆ្លងមិនដាច់សូរ និងដ៏តានតឹង រវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្រុង​ព្យុងយ៉ាង​ត្រៀម​បាញ់​​កាំជ្រួច​ចេញពីនាវាមុជទឹក ដើម្បីស្វាគមន៍សំដី ត្រាំ
ទិដ្ឋភាពបាញ់កាំជ្រួច ចេញពីនាវាមុជទឹក របស់ប្រទេសកូរ៉េខាងជើង ក្នុងពេលកន្លងមក។ (រូបថត KCNA)

រូបថតជាច្រើន ដែលត្រូវបានថតជាប់ ដោយប្រព័ន្ធផ្កាយរណប បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ដូចជា​កំពុងត្រៀមលក្ខណៈ ក្នុងការបាញ់សាកល្បងកាំជ្រួច ដែលមានក្បាលភ្ជាប់ដោយគ្រាប់បែក ចេញពីនាវាមុជទឹកមួយគ្រឿង។ ការរកឃើញនេះ បានកើតឡើងចំពេល ដែលភាពតានតឺង កំពុងឡើងកម្ដៅខ្លាំង រវាងប្រទេសកុម្មុយនីស្ដមួយនេះ ជាមួយនឹងសហរដ្ឋអាមេរិក។

លោក «Joseph Bermudez» អ្នកជំនាញមួយរូប ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង បានបង្ហាញរូបថតផ្កាយរណបទាំងនេះ នៅលើគេហទំព័រឃ្លាំមើល ឈ្មោះ «38 North» ដែលជាគេហទំព័របស់វិទ្យាស្ថានអាមេរិក-កូរ៉េ នៃសាកលវិទ្យាល័យ «Johns Hopkins»។ សម្រាប់អ្នកជំនាញរូបនេះ រូបថតបានបង្ហាញ ពីការត្រៀមបាញ់សាកល្បង នូវប្រភេពកាំជ្រួច «SLBM» របស់របបក្រុងព្យុងយ៉ាង ដែលនឹងអាចត្រូវធ្វើ ក្នុងពេលខាងមុខ។

លោកបានថ្លែងឡើងថា៖ «រូបថតទាំងនេះ ដែលទើបត្រូវបានថតជាប់ ដោយប្រព័ន្ធផ្កាយរណប នៃសហគ្រាសមួយ បានបង្ហាញពីការវិវត្តន៍ជាបន្តបន្ទាប់ ដែលពន្យល់ថា ប្រទេសកូរ៉េខាងជើង ទំនងជាកំពុងពន្លឿន ការអភិវឌ្ឍផ្នែកដែនសមុទ្រ នៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន»។

រូបថតទាំងនោះ បង្ហាញពីសកម្មភាព ក្នុងការបំពាក់កាំជ្រួចរយៈឆ្ងាយ ទៅឲ្យនាវាមុជទឹក ប្រភេទ «SINPO» ស្ថិតក្នុងការដ្ឋានសម្រាប់សាងសង់នាវា និងជាបន្ទាយយោធាជើងទឹក ឈ្មោះ «Mayang-do»។ លោក «Joseph Bermudez» បានបន្តឲ្យដឹងទៀតថា៖ «ប្រទេសកូរ៉េខាងជើង ទំនងជាកំពុងរៀបចំ ការបាញ់សាកល្បង ចេញពីកណ្ដាលសមុទ្រ នូវកាំជ្រួចជាច្រើន។ រូបថតទាំងនេះ ក៏បានប្រាប់ដែរថា ប្រទេសនេះបានធ្វើការកែសម្រួល និងបន្ថែមកម្លាំង សម្រាប់ប្រព័ន្ធបាញ់កាំជ្រួច ចេញពីនាវាមុជទឹក ឬមួយ កំពុងផលិតកាំជ្រួច "Pukguksong-1" ដែលមានលក្ខណៈទំនើប និងខ្លាំងជាងមុន។»។ 

«បាញ់ដល់ទឹកដីអាមេរិក»

កាំជ្រួច «Pukguksong-1» ជាប្រភេទកាំជ្រួច «SLBM» ដែលបានឆ្លងកាត់ ការបាញ់សាកល្បងដំបូង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។ នៅពេលនោះ កាំជ្រួចនោះបានហោះក្នុងចំងាយ៥០០គីឡូម៉ែត្រ ចេញពីប្រទេសកូរ៉េខាងជើង មកកាន់ប្រទេសជប៉ុន។ បន្ទាប់ពីពេលនោះមក មេដឹកនាំវ័យក្មេង របស់របបកុម្មុយនីស្ដ លោក គីម ជុង-អ៊ុន (Kim Jong-Un) បានចេញមក​អះអាងថា កាំជ្រួចប្រភេទ «SLBM» របស់ប្រទេសលោក ​​នឹងអាចបាញ់​ដល់ទឹកដី​អាមេរិក តាមរយៈនាវាមុជទឹក ដោយធ្វើដំណើរឆ្លងកាត់ មហាសមុទ្រប៉ាស៊ីភិច។

កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានតម្លើងសម្លេងខ្លាំងៗ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដោយបញ្ជាក់ថា វិធានាការយោធា ត្រូវបានត្រៀមរួចជាស្រេច ក្នុងការប្រើប្រាស់ប្រឆាំងក្រុងព្យុងយ៉ាង ដែលបានព្រមានកាលពីប៉ុន្មានថ្ងៃមុន ថានឹងបើកការវាយប្រហារ នៅក្បែរកោះ «Guam» របស់អាមេរិក នៅភាគខាងជើង កណ្ដាលមហាសមុទ្រប៉ាស៊ីភិច។  កោះនោះ គឺជាមូលដ្ឋានយោធាដ៏សំខាន់ ឬនិយាយម្យ៉ាងទៀត ជាបន្ទាយយុទ្ធសាស្ត្រមួយ របស់សហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីខាងកើត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់