មូលប្បទានប័ត្រ​២២២​លាន​អ៊ឺរ៉ូ ក្នុង​ការ​ផ្ទេរ​កីឡាករ ណីម៉ា

លោកអ្នកប្រហែលជាមិនដែលឃើញ មូលប្បទានប័ត្រនៅក្នុងទំហំទឹកប្រាក់ដ៏សម្បើម រហូតដល់ ២២២លានអ៊ឺរ៉ូ​ដូច្នេះទេ។ សូមជឿជាក់ចុះថា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងបុគ្គលិករបស់ខ្លួន ក៏មិនដែលបានឃើញដែរ។ តែនៅថ្ងៃសៅរ៍នេះ សារព័ត៌មាន «Marca» នៃប្រទេសអេស្ប៉ាញបានទទួលរូបថតមួយសន្លឹក ស្ដីពីមូលប្បទានប័ត្រនេះ ហើយទស្សនាវដ្ដី​សូមចែករំលែកបន្ត នូវរូបភាពនោះដូចខាងក្រោម។
មូលប្បទានប័ត្រ​២២២​លាន​អ៊ឺរ៉ូ  ក្នុង​ការ​ផ្ទេរ​កីឡាករ ណីម៉ា
ពីឆ្វេងទៅស្ដាំ៖ ប្រធានក្រុមបាល់ទាត់ប៉ារីស - កីឡាករ ណីម៉ា និងមូលប្បទានប័ត្រ ២២២លានអ៊ឺរ៉ូ។ (រូបថតលើទ្វីសធើរ)

មូលប្បទានប័ត្រក្នុងទំហំទឹកប្រាក់ ដ៏មហាសាល «២២២លានអ៊ឺរ៉ូ» ត្រូវបានកីឡាករអន្តរជាតិ ណីម៉ា (Neymar) មកពីប្រទេសប្រេស៊ីល អមដំណើរដោយមេធាវីរបស់កីឡាករ ប្រគល់ដោយផ្ទាល់ដៃ ទៅឲ្យប្រធានក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ដើម្បីជាសំណងរំលោះកិច្ចសន្យារបស់ខ្លួន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និងបន្តជាថ្មី នៅឆ្នាំ២០១៦។

ឯកត្តកម្មមិនដែលធ្លាប់មាន

ទឹកប្រាក់ដ៏សម្បើមនេះ ជាថវិកា​​របស់ក្រុមបាល់ទាត់ ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) ដែលចំណាយក្នុងនាមកីឡាករ ណីម៉ា ដើម្បីផ្ទេរយកកីឡាករលំដាប់ពិភពលោករូបនេះ មកទាត់នៅក្នុងក្រុមរបស់ខ្លួន សម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបានចុះហត្ថលេខា កាលពីយប់​ថ្ងៃព្រហស្បត្តិ ម្សិលម្ង៉ៃ។ ទឹកប្រាក់ ២២២លានអ៊ឺរ៉ូនេះ ជាទំហំទឹកប្រាក់​មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការផ្ទេរកីឡាករបាល់ទាត់ មកទល់នឹងថ្ងៃនេះ។

នៅមុនប្រគល់ជូនផ្ទាល់ដៃ ទៅឲ្យប្រធានក្រុមបាល់ទាត់ បាសឺឡូន មូលប្បទានប័ត្រនេះត្រូវបានបញ្ជូន ទៅឲ្យស្ថាប័ន «សម្ព័ន្ធបាល់ទាត់អាជីព (Liga)» របស់ប្រទេសអេស្ប៉ាញរួចហើយ ដោយហេតុថា ទាំងកីឡាករ និងទាំង​ក្រុមប៉ារីស ចង់ឲ្យស្ថាប័ននេះ ធ្វើជាមេបា​ជួយមើលការខុសត្រូវ ក្នុងនីតិវិធី​នៃការផ្ទេរកីឡាករ។ តែស្ថាប័ន «Liga» មួយនេះ បែរជាបដិសេធមូលប្បទានប័ត្រខាងលើ ដោយពន្យល់ពីមូលហេតុថា ខ្លួនមិនមានការធានា ឲ្យបានត្រឹមត្រូវពីទឹកប្រាក់ ដែលមាននៅក្នុងនោះ។

តែនិយាយថា «គ្មានការធានា» គឺជាការអះអាងដោយគ្មានហេតុផល ព្រោះថា មូលប្បទានប័ត្រដែលមានទំហំទឹកប្រាក់ រហូតដល់ប៉ុណ្ណេះ មានតែខាងធនាគារ «Société Générale» ដែលគ្រប់គ្រងគណនេយ្យ របស់ក្រុមបាល់ទាត់​ប៉ារីសប៉ុណ្ណោះ ដែលមានសិទ្ធិចេញ។ ដូច្នេះ បើក្នុងគណនេយ្យគ្មានប្រាក់ ដល់ប៉ុណ្ណេះទេ ធនាគារក៏មិនអាចចេញមូលប្បទានប័ត្រ បានយ៉ាងដូច្នេះដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់