សារព័ត៌មាន​អ៊ឺរ៉ុប៖ «ទេសចរណ៍​ផ្លូវ​ភេទនៅកម្ពុជា ជា​រឿង​ពិត»

ក្រុមអ្នកយកព័ត៌មាន របស់បស្ចឹមលោក ដែលធ្វើការឆ្លើយឆ្លងព័ត៌មាន ពីក្នុងប្រទេសកម្ពុជា សុទ្ធតែអះអាងប្រហាក់ប្រហែល ទៅនឹងបទយកការណ៍ របស់បណ្ដាញទូរទស្សន៍អាមេរិក «CNN» ដែរថា ទេសចរណ៍ផ្លូវភេទ ជាពិសេស ការស្វែងរកការរួមភេទ ជាមួយកុមារ​មិនទាន់គ្រប់អាយុ គឺជាការពិតមួយ កើតមាន​នៅកម្ពុជា។ 
សារព័ត៌មាន​អ៊ឺរ៉ុប៖ «ទេសចរណ៍​ផ្លូវ​ភេទនៅកម្ពុជា ជា​រឿង​ពិត»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពេលទទួលសញ្ញាប័ត្រកិត្តិយសមួយ ពីសាកលវិទ្យាល័យនៅបរទេស។ (រូបថតលើហ្វេសប៊ុក)

បទបញ្ជាខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក ឈ្មោះ «មេត្រីភាពអន្តរជាតិ» (ជាភាសាអង់គ្លេស «Agape International Missions» ហៅកាត់ «AIM») មិនបានធ្វើឲ្យសារព័ត៌មានមួយចំនួន នៅបណ្ដាប្រទេស​អ៊ឺរ៉ុបខាងលិច តំអក់យូរ ក្នុងការចេញផ្សាយព័ត៌មាន របស់ផងខ្លួនឡើយ។ បណ្ដាសារព័ត៌មាន បានលើកឡើងប្រហាក់ប្រហែលគ្នា ថាទេសចរណ៍ផ្លូវភេទ ជាពិសេស ការស្វែងរក​ការរួមភេទ ជាមួយកុមារមិនទាន់គ្រប់អាយុ គឺជាការពិតមួយ កើតមាន​​នៅកម្ពុជា។

ហើយការលើកឡើងនេះ ក៏មិនខុសគ្នាប៉ុន្មានឡើយ ពីបទយកការណ៍ឆ្នាំ២០១៣ របស់បណ្ដាញទូរទស្សន៍អាមេរិក ឈ្មោះ «CNN» ដែលបានត្រឡប់ ទៅដកស្រង់​យករូបភាពខ្លះ ពីបទយកការណ៍នេះ មកផ្សាយឡើងវិញ កាលពីប៉ុន្មានថ្ងៃមុន តាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា៖ «ជីវីត​ក្រោយ​ការ​ជួញ​ដូរ៖ ក្មេង​ស្រី​​ជា​ច្រើន ​ត្រូវ​បាន​លក់​ឲ្យបម្រើផ្លូវ​ភេទ ដោយ​ម្តាយ​របស់​ពួកគេ» ឬ​ជា​ភាសា​អង់គ្លេស​ថា «Life after trafficking: The girls sold for sex by their mothers»។។

ប៉ុន្តែការអះអាងទាំងឡាយ នៅក្នុងបទយកការណ៍នោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន និងរូបលោក ហ៊ុន សែន ផ្ទាល់ផង ទទួលយកបានទេ ជាពិសេស នៅចំពោះការផ្ដល់បទ​សម្ភាសរបស់លោក «Don Brewster​» ប្រធាន-ស្ថាបនិក ប្រចាំប្រទេសកម្ពុជា របស់អង្គការក្រៅរដ្ឋាភិបាលខាងលើ។ លោកនាយករដ្ឋមន្ត្រី បានហៅការថ្លែង របស់ប្រធានអង្គការ  ដែលធ្វើការប្រឆាំងការជួញដូរផ្លូវភេទ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨៨មកនោះ ថាជាការប្រមាថ ទៅដល់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា ដែល«មិនអាចអត់ឱនឲ្យបាន»។

បុរសខ្លាំងកម្ពុជា បានថ្លែងនៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ កាលពីម្សិលម៉ិញ ក្នុងមណ្ឌលកោះពេជ្រថា៖ «ការប្រមាថ​មួយ​នេះ​ មិន​អាច​អត់​ឱន​ឲ្យបាន​ទេ។​ ​ដោយ​តម្លៃ​ណា​ក៏​ដោយ​ អង្គការ​មួយ​នេះ​ ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​។​ មិន​អាច​ឲ្យ​នៅ​បាន​ទៀត​ទេ​ ហើយ​ទៅ​មាន​ស្អី​ប៉ុន្មាន​ អី​ប៉ុន្មាន​ យើង​យក​មក​ចិញ្ចឹម​ហ្មោះ»។ ​

លោក​នាយករដ្ឋ​មន្រ្តី​បានថ្លែង​បន្ត​ថា៖ «ប្រទេស​ខ្ញុំ​ក្រ​ ប៉ុន្តែ​អ្នកឯង​មិន​អាច​ប្រមាថ​ជនជាតិ ​របស់​ខ្ញុំ​បាន​ទេ​ អាហ្នឹង​ខ្ញុំ​សុំ​បញ្ជាក់»។​

សារព័ត៌មាននៅអ៊ឺរ៉ុប បានយកការរកឃើញ របស់បទយកការណ៍ របស់ទូរទស្សន៍ «CNN» មកបញ្ជាក់ថា ទោះជាមានយុទ្ធនាការរបស់អាជ្ញាធរ នៅដើមទសវត្សន៍ ឆ្នាំ២០០០ ប្រឆាំងនឹងពេស្យាកម្មលើកុមារ នៅក្នុងតំបន់«ស្វាយប៉ាក»​ក៏ដោយ ក៏ការជួញដូរនេះ នៅតែកើតឡើងវិញដដែល នៅក្នុងឆ្នាំក្រោយៗមក។ ប្រធានអង្គការ «AIM» លោក «Don Brewster​» ត្រូវបានស្រង់សំដី នៅក្នុងបទយកការណ៍ នូវពាក្យមួយឃ្លាដូច្នេះថា៖ «បើ​យើង​និយាយ​ អំពីការ​ជួញដូរ​ផ្លូវភេទ​កុមារ​ ទីនេះ (តំបន់ស្វាយប៉ាក) គឺ​ជា​ចំណុច​កណ្តាលមួយ នៃករណីអាជីវកម្មផ្លូវភេទទាំងអស់ នៅកម្ពុជា»។

បទយកការណ៍​ជាព័ត៌មាន ទាក់ទងនឹងទេសចរណ៍ផ្លូវភេទ ក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យមានប្រតិកម្ម ពីសំណាក់របបដឹកនាំសព្វថ្ងៃ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។

អ្នកសារព័ត៌មានបារាំងម្នាក់ លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ក៏ធ្លាប់​បានរងគ្រោះ ពីការចោទប្រកាន់យ៉ាងអយុត្តិធម៌ដែរ បន្ទាប់ពីបទយកការណ៍មួយ ស្ដីពីទេសចរណ៍ផ្លូវភេទនៅកម្ពុជា ក្នុងឆ្នាំ២០០៣ របស់អ្នកសារព័ត៌មានរូបនេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដ៍លេខ១ «TF1» ក្នុងឆ្នាំដដែល។

លោក ដានីញ៉ែល ត្រូវបានអាជ្ញាធរកម្ពុជា ស្វែងរក​ចាប់ខ្លួន អស់រយៈពេល៩ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៣ ក្រោមបទចោទដំបូងឡើយ តាមបណ្ដឹង​របស់​ជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងបទចោទជាថ្មី នៅពេលក្រោយមក ថាបានធ្វើ «សញ្ចារកម្ម»។ «សញ្ចារកម្ម» ដោយហេតុថា តាមរយៈ​បទ​យកការណ៍នោះ លោក ដានីញ៉ែល បានបន្លំខ្លួន​ចូលទៅក្នុងហេតុការណ៍ ដើម្បីថតផ្តិតយកទិដ្ឋភាពផ្ទាល់ ពីអ្វីដែលបានកើតឡើង។

សម្រាប់​នៅឆ្នាំ២០១៧នេះ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ទំនងជាងាកចំណាត់ការ សំដៅទៅលើអង្គការក្រៅរដ្ឋាភិបាលវិញម្ដង ដោយយកច្បាប់កែថ្មី ស្ដីពីអង្គការ-សមាគម ដែលទើបធ្វើវិសោធនកម្ម ក្នុងឆ្នាំ២០១៥ មកអនុវត្តន៍។ នេះ បើតាមប្រសាសន៍ផ្ទាល់ របស់លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដដែល និងត្រូវបានសារព័ត៌មាន នៅអ៊ឺរ៉ុប ដកស្រង់យកទៅចុះផ្សាយ។

ក្រុមសារព័ត៌មានអ៊ឺរ៉ុប បានសរសេរថា៖ «ច្បាប់ ដែលត្រូវបានអនុម័ត្រ ក្នុងឆ្នាំ២០១៥ បានអនុញ្ញាតឲ្យលោក ហ៊ុន សែន បិទអង្គការ-សមាគមណាក៏ដោយ ដែលបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ ឬទៅដល់"ប្រពៃណី និងវប្បធម៌" របស់ប្រទេសកម្ពុជា»។ អត្ថបទខ្លះ បានពន្យល់ទៀតថា៖ «ផ្ទុយទៅវិញ ប្រទេសកម្ពុជា កំពុងត្រូវការ​យ៉ាង​ច្រើន​នៅឡើយ នូវជំនួយរបស់អង្គការអន្តរជាតិ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យសុខាភិបាល និងសង្គមកិច្ច ដែលបានបានដួលទ្រុឌទ្រោម បើទោះជាសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ ត្រូវបានបញ្ចប់ច្រើនឆ្នាំ ​ទៅហើយ​ក្ដី»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់