អ្វី​ទៅ​ ជាតួនាទី ភារកិច្ច និង​សិទ្ធិ របស់​ស្មៀន​ឃុំ-​សង្កាត់?

តើស្មៀននៅក្នុងឃុំ និងសង្កាត់ មានតួនាទី ភារកិច្ច និងសិទ្ធិ យ៉ាងដូចម្ដេច និងស្ថិតនៅក្រោមក្របខណ្ឌនៃច្បាប់ នៅកម្រិតណា? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកទិដ្ឋភាពច្បាប់ និងប្រកាសឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ស្ដីពីស្មៀនឃុំ-សង្កាត់នេះ ដូចខាងក្រោម។
អ្វី​ទៅ​ ជាតួនាទី ភារកិច្ច និង​សិទ្ធិ របស់​ស្មៀន​ឃុំ-​សង្កាត់?
ស្ត្រីជាស្មៀនម្នាក់ ដែលបានប្រើប្រាស់សំដី ថ្លោសៗ និងលើកដៃចង្អុលមុខ ចៅសង្កាត់ទើបជាប់ឆ្នោតថ្មី នៅក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ។ (រូបថតផ្តិតពីវីដេអូ)

មានប្រិយមិត្តអ្នកអានជាច្រើន បានសាកសួរពីតួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀនឃុំ-សង្កាត ថាមន្ត្រីថ្នាក់មូលដ្ឋានទាំងនេះ ត្រូវធ្វើអ្វីខ្លះ និងត្រូវមានសិទ្ធិអំណាច នៅត្រឹមកម្រិតណា នៅក្នុងឃុំ-សង្កាត់? តើមន្ត្រីស្មៀន មានសិទ្ធិ«ចង្អុលមុខ» និងប្រើសំដី«ថ្លោសៗ» ដាក់មេឃុំ ឬចៅសង្កាត់ឬទេ?

ក្រៅពីសំនួរទាក់ទងនឹងសីលធម៌ អ្នកច្បាប់មួយរូបបានឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូដឹងថា មន្ត្រីស្មៀនជាមន្ត្រីចាត់តាំង ក្រោមរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ និងខុសឆ្ងាយពីមេឃុំ ឬចៅសង្កាត់ ដែលជាមន្ត្រី ដែលត្រូវបានរាស្ត្របោះឆ្នោតជូន។ អ្នកច្បាប់រូបនោះ បានរៀបរាប់ទៀតថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មន្ត្រីដែលទទួលបាន​សន្លឹកឆ្នោត​ពីរាស្ត្រ មានសិទ្ធិអំណាច ធំជាងឆ្ងាយ ពីមន្ត្រីដែលទទួល​បានការ​ចាត់តាំង។

អ្នកច្បាប់ដដែល បានអះអាងបន្តថា តួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀន មានបញ្ជាក់លំអិត នៅក្នុងសេចក្ដីប្រកាសលំអិត ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ប៉ុន្តែសេចក្ដីប្រកាសនោះ ក៏ត្រូវបានសរសេរ ស្ថិតក្រោមអំណាចច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ-សង្កាត់ នោះដែរ។ ប្រសិនជាស្មៀន បានប្រព្រឹត្តកំហុស ឬមេឃុំ-ចៅសង្កាត់ ពិបាកធ្វើការជាមួយស្មៀន នៅក្នុងមូលហេតុស្របច្បាប់ណាមួយ មេឃុំ-ចៅសង្កាត់ អាចកោះប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ និងលើកពីករណីនេះឡើង ហើយសម្រេចស្នើទៅក្រសួងមហាផ្ទៃ ឲ្យធ្វើការផ្លាស់ស្មៀនរូបនោះចេញ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ក្នុងច្បាប់បានសរសេរថា «ត្រូវផ្លាស់» និងមិនមែន«អាចត្រូវផ្លាស់»ទេ ដូច្នេះតោងរដ្ឋមន្ត្រី ចាំបាច់ត្រូវធ្វើតាមការស្នើសុំ របស់មេឃុំ-ចៅសង្កាត់។

មាត្រា២៧ នៃច្បាប់នោះ ចែងថា «ស្មៀនឃុំ-សង្កាត់ តែងតាំងឡើង ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ច ជួយកិច្ចការឃុំ-សង្កាត់ និងធានានិរន្តភាព កិច្ចការរដ្ឋបាល នៅក្នុងឃុំ-សង្កាត់។ ស្មៀនឃុំ-សង្កាត់ ត្រូវផ្លាស់ប្ដូរ ក្នុងករណីមានសំណើរ របស់មេឃុំ ចៅសង្កាត់ អនុលោមតាមការសំរេច របស់ក្រុមប្រឹក្សាឃុំ-សង្កាត់។»

អ្នកច្បាប់បានពន្យល់បន្តថា ក្រៅពីភារកិច្ច ធ្វើរបាយការណ៍កិច្ចការ នៅក្នុងឃុំ-សង្កាត់ ជូនទៅក្រសួងមហាផ្ទៃ ស្មៀនឃុំ-សង្កាត់ មានភារកិច្ច និងត្រូវធ្វើកិច្ចការ ជា«សេនាធិការ» របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថែរក្សា ការពារសម្ភារៈសាធារណៈ-ឯកជន នៅក្នុងឃុំ-សង្កាត់នោះ រួមទាំងត្រាឃុំ-សង្កាត់។ តែការរក្សាការពារ«ត្រា» មិនមែនមានន័យថា ការសម្រេចវាយត្រា ទៅលើលិខិតស្នាមណាមួយ របស់ឃុំ-សង្កាត់នោះ ជាសិទ្ធិរបស់ស្មៀនឡើយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនពីច្បាប់ ស្ដីពីការគ្រប់គ្រងឃុំ-សង្កាត់ ត្រង់ចំណុចដែលមានចែង ពីស្មៀន និងសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីស្មៀនឃុំ សង្កាត់ ដូចខាងក្រោម៖

(សូមចុចលើទំព័របន្ទាប់ ដើម្បីអានឯកសារទាំងនេះ)


Loading...

អត្ថបទទាក់ទង


មតិ-យោបល់