វាយ​ប្រហារ​មុខ​ព្រះ​វិហារ​កាតូលីក (ប៉ារីស)៖ ជន​សង្ស័យ​ស្រែក​ថា «ដើម្បី​ប្រទេស​ស៊ីរី»

ជនសង្ស័យដែលបានវាយប្រហារ ទៅលើភ្នាក់ងារ​នគរបាល មុននឹងត្រូវបាននគរបាលការពារខ្លួន ដោយបានផ្ទះអាវុធតប បណ្ដាលឲ្យជននេះរបួសដេកដួលលើដីនោះ បានស្រែកឡើង នៅមុនការវាយប្រហារថា «ដើម្បីប្រទេសស៊ីរី»។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីមហាផ្ទៃបារាំង។ ភស្ដុតាងជារូបភាព ដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព នៅពេលបើកការវាយប្រហារ របស់ជនសង្ស័យ។
វាយ​ប្រហារ​មុខ​ព្រះ​វិហារ​កាតូលីក (ប៉ារីស)៖ ជន​សង្ស័យ​ស្រែក​ថា «ដើម្បី​ប្រទេស​ស៊ីរី»
ទិដ្ឋភាពពីការវាយប្រហារ ដោយ«ញញួរ» ពីសំណាក់ជនសង្ស័យ ទៅលើភ្នាក់ងារនគរបាល ពីក្រោយខ្នង មុននឹងត្រូវបានបង្ក្រាបឲ្យដេក នៅលើដី។ (រូបថតផ្តិតពីវីដេអូ)

រូបភាពនៃការវាយប្រហារ ដោយ«ញញួរ» ត្រូវបានទូរទស្សន៍បារាំង «CNews» ទទួលបាន និងយកមកផ្សាយ នៅមុននេះបន្តិច។ ហេតុការណ៍បានកើតឡើង កាលពីល្ងាចម្សិលម៉ិញ នៅលើទីលានខាងមុខ ព្រះវិហារ​កាតូលីក «Notre-Dame» ដ៏ល្បីល្បាញ នៃរដ្ឋធានីប៉ារីស ដែលសម្បូរពោរពាស ដោយទេសចរណ៍។ ជនសង្ស័យ មានអាយុ ៤០ឆ្នាំ បានប្រកាសដោយខ្លួនឯងថា ជា«យុទ្ធជនម្នាក់ នៃទឹកដីព្រះជាម្ចាស់» ដែលជាភាសាមួយ តែងតែត្រូវបានយកមកប្រើ ដោយបណ្ដាភេរវជន របស់អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម។

ជនសង្ស័យ ដែលកាន់អត្តសញ្ញាណបណ្ណ ជានិស្សិតមកពីប្រទេសអាល់ហ្សេរី បានស្រែកឡើង នៅពេលធ្វើសកម្មភាពនោះថា «ដើម្បីប្រទេសស៊ីរី»។ នេះ បើតាមការលើកឡើង របស់រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ា កូឡំ (Gérard Collomb) បន្ទាប់ពីលោកបានមកដល់ផ្ទាល់ នឹងកន្លែងកើតហេតុ កាលពីយប់ម្សិលម៉ិញ។ លោករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «បើតាមការសង្កេត ជាជំហានដំបូង ជននេះបានធ្វើសកម្មភាព តែម្នាក់ឯង»។

សាក្សីនៅនឹងកន្លែង បានថ្លែងឲ្យដឹងថា ជនសង្ស័យបានដក«ញញួរ»ចេញ ហើយរត់សំដៅ ទៅវាយភ្នាក់ងារនគរបាលម្នាក់ ពីខាងក្រោយខ្នង។ តែភ្នាក់ងារនគរបាលម្នាក់ទៀត បានដកកាំភ្លើងបាញ់តបវិញ បណ្ដាលឲ្យជននេះរបួស ដេកដួលនៅលើដី។ ប្រភពពីអាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យ និងនគរបាលរងគ្រោះ (រងរបួសស្រាល នៅត្រង់ក្បាល) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទូរទស្សន៍ «CNews» ដែលមានជំនាញខាងព័ត៌មាន ផ្សាយបន្តផ្ទាល់ បានទទួលបានរូបភាព (ខាងក្រោម) ដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព ហើយមិនខុសពីការលើកឡើង របស់សាក្សីខាងលើនោះទេ។ ប៉ុន្តែទិដ្ឋភាពនៃការវាយប្រហារ ដោយ«ញញួរ» មានសភាពហិង្សាខ្លាំង ជាងអ្វីដែលគេគិតមិនដល់។

បើតាមអ្នកនាំពាក្យ​រដ្ឋាភិបាលបារាំង លោក គ្រីស្ដូហ្វ៍ កាស្តាណេ (Christophe Castaner) បានអះអាងថា ជនសង្ស័យមិនត្រូវបានជាប់ នៅក្នុងបញ្ជីនៃក្រុមអ៊ីស្លាមនិយមជ្រុលនោះទេ ហើយគ្រប់ចំណុចទាំងអស់ ដែលអាជ្ញាធរទទួលបាន នៅក្នុងពេលនេះ បានឈានទៅដល់ សេចក្ដីសន្និដ្ឋានមួយថា ជននេះ ទំនងជាធ្វើ«សកម្មភាព ដោយឯកឯង»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់