ក្រសួង​អប់រំ​បំភ្លឺ​ការ​ដំឡើង​ឋានៈ គ្រី ស៊ាងឡុង ថា​ធ្វើ​តាំង​ពី​យូរ

ក្រសួងអប់រំរបស់ប្រទេសកម្ពុជា បានប្រតិកម្មទៅនឹងអត្ថបទចុះផ្សាយ របស់សារព័ត៌មានភ្នំពេញប៉ុស្ដ៍ ដែលមានចំណងជើងថា «មន្រ្តី​មាន​រឿង​អាស្រូវ​នៅ​ក្រសួង​អប់រំ​ម្នាក់ ​ត្រូវ​បាន​ដំឡើង​ឋានៈ» ទាក់ទងនឹងមន្ត្រីក្រសួងមួយរូប លោក គ្រី ស៊ាងឡុង ដែលបានប្រព្រឹត្តិ​រឿងអាស្រូវ បៀតបៀនកេរ្ដិ៍ខ្មាស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយអះអាងថា ការដំឡើងឋានៈ តាមវេនអតីតភាពនេះ ត្រូវបានធ្វើឡើង តាំងពីមុនសាមីខ្លួន ប្រព្រឹត្តិខុសឆ្គងនោះម្លេះ។
ក្រសួង​អប់រំ​បំភ្លឺ​ការ​ដំឡើង​ឋានៈ គ្រី ស៊ាងឡុង ថា​ធ្វើ​តាំង​ពី​យូរ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គ្រី ស៊ាងឡុង។ (រូបថតលើហ្វេសប៊ុក)

នៅកម្ពុជា មន្ត្រីប្រព្រឹត្តិល្មើស ទទួលរង្វាន់? លោក គ្រី ស៊ាងឡុង អតីត​មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឲ្យកម្ពុជា ដែលបានប្រព្រឹត្តិការបៀតបៀនកេរ្ដិ៍ខ្មាស់ លើស្ត្រីអ្នកបកប្រែជាតិកូរ៉េម្នាក់ នៅក្នុងវេទិកា​ស្ដីពី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ អាស៊ាន​បូក​ ៣ ​នៅក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង ​កាលពី​ឆ្នាំ​មុន​នោះ ត្រូវបានដំឡើងឋានៈ ពី​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ ​ថ្នាក់​លេខ​ ២ ​មក​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ​ថ្នាក់​លេខ​ ១។ នេះបើតាងអនុក្រឹត្យ​ មួយ​ចុះ​ហត្ថលេខា ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​ ២២ មីនា ឆ្នាំ២០១៧ ដែលទើបនឹងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មានថ្ងៃមុននេះ។

បន្ទាប់ពីផ្ទុះរឿងអាស្រូវ ដែលធ្វើឲ្យក្រសួង ចេញលិខិតប្រកាសព័ត៌មានដ៏ច្របូកច្របល់ កាលពីអំឡុង​ពេលនោះ លោក គ្រី ស៊ាងឡុង ដែល​ធ្លាប់មានតំណែង ជាប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ ត្រូវ​បាន​ក្រសួង​អប់រំដកតំណែង ​ឲ្យក្លាយមក​​ជា​គ្រូ​ធម្មតាវិញ។​

ដំណឹងនៃការដំឡើងឋានៈ តាមអនុក្រិត្យរបស់លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន យកទៅចុះផ្សាយ និងបានស្រង់ការមិនពេញចិត្ត របស់មន្ត្រីសង្គមស៊ីវិល មកសរសេរជាប្រតិកម្ម​ផង។ នៅក្នុងអត្ថបទបស់ខ្លួន ដែលមានចំណងជើងថា «មន្រ្តី​មាន​រឿង​អាស្រូវ​នៅ​ក្រសួង​អប់រំ​ម្នាក់ ​ត្រូវ​បាន​ដំឡើង​ឋានៈ» សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ បានសរសេរ​ ពីការរិះគន់​របស់អ្នកស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​ ដែលបានចាត់ទុកការដំឡើងឋានៈ លោក គ្រី ស៊ាងឡុង មានលក្ខណៈ«បក្ខពួកនិយម» និងផ្ដល់​«គំរូ​អាក្រក់»​​សម្រាប់​វិស័យ​អប់រំ ជាពិសេសរូបភាពមិនល្អ សម្រាប់​រដ្ឋាភិបាល​កម្ពុជា។

នៅចំពោះការចុះផ្សាយ និងប្រតិកម្ម​ពីសំណាក់​មហាជន យ៉ាងច្រើននោះផង ក្រសួងអប់រំ​បាន​ចេញ​មក​បំភ្លឺ នៅក្នុងលិខិតមួយ ចុះថ្ងៃទី១៩ ខែឧសភាកន្លងមក ថាការដំឡើងឋានៈនោះ អនុវត្ត​តាម​គោលការណ៍ ​ដំឡើង​​ថ្នាក់​មន្ត្រី​រាជការ​ តាម​វេន​អតីតភាព ដែល​មាន​រយៈពេល០២ឆ្នាំម្តង ដោយស្វ័យប្រវត្តិ។ ក្រសួង​បានបកស្រាយទៀតថា ក្រសួងបាន​រៀបចំ​សំណុំ​លិខិត ដំឡើង​​ថ្នាក់​តាម​វេន​អតីតភាព​របស់ លោក គ្រី ស៊ាងឡុង តាំងពី​មុន​ពេលផ្ទុះរឿងអាស្រូវ ពីសំណាក់​សាមី​ខ្លួនម្លេះ។

ក្នុងលិខិតបំភ្លឺដដែល ក្រសួងបានបញ្ជាក់បន្តថា «ក្រសួង​សម្រេច​ស្នើ​សុំបន្ថយ​​ថ្នាក់ ​លោក គ្រី ស៊ាងឡុង​ ពី​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ​ ថ្នាក់​លេខ១ [ត្រឡប់]មក​គ្រូ​បង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ​ ថ្នាក់​លេខ២ ​វិញ» បើទោះ​បី​ជា​ការដឡើងឋានៈ នៅក្នុងអនុក្រិត្យ ត្រូវបានធ្វើឡើង ដោយ​​គោរព​ទៅ​តាម​នីតិវិធី​រដ្ឋបាល​ នោះក៏ដោយ។

រឿងអាស្រូវរបស់លោក គ្រី ស៊ាងឡុង បានបែកធ្លាយជាសាធារណៈ បន្ទាប់ពី​សារព័ត៌មាន​ជាច្រើន នៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការ​ឃាត់ខ្លួន ​មន្ត្រី​ក្រសួង​អប់រំ​កម្ពុជា​រូបនេះ ដែលត្រូវបានធ្វើឡើង ​កាលពីយប់ម៉ោង១០ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងសង្កាត់មួយ នៃរដ្ឋធានី​សេអ៊ូល។ ការចាប់​ខ្លួន​នោះ ជាការអនុវត្ត​តាមបណ្ដឹង​ភ្លាមៗ របស់ស្ត្រីអ្នកបកប្រែភាសា ដែលបានចោទលោក គ្រី ស៊ាងហុង ថា​បាន​លូកដៃ​ទៅ​ចាប់​ចង្កេះ និងព្យាយាមថើបនាង។

នៅក្នុងលិខិតមួយ របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង ផ្ញើរទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឲ្យដឹងថា ដើម្បីជាថ្នូរនឹងការដោះលែង លោក គ្រី ស៊ាងហុង នោះ រដ្ឋអាជ្ញា​ប្រចាំនៅសង្កាត់ "Seoul Southern" បានសម្រេចផាកពិន័យ ជាប្រាក់ចំនួន ៣.៦០០.០០០វ៉ុន និងសង​ជំងឺ​ចិត្ត​​ដល់​​ជន​រង​គ្រោះ​ ចំនួន៥.០០០.០០០វ៉ុន និងថ្លៃមេធាវី ចំនួន ៥.៥០០.០០០វ៉ុន (ទឹកប្រាក់សរុប ត្រូវជា ១២ ៣០០ដុល្លារ)។ លោក ឌីម៉ង់ បាន​សរសេរ​ថា៖ «ថវិកាទាំងអស់នេះ គឺបានពីការផ្ដល់​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយ​សំណង»។

ប៉ុន្តែថវិកាផាកពិន័យនោះ ត្រូវបានក្រសួងអប់រំប្រកែកម្ដងជាពីរដង ដោយលើកទីមួយ អះអាងថា ជាប្រាក់កម្ចីពីអង្គភាព នៃនាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ មុននឹងបំភ្លឺសារជាថ្មី ថាជាប្រាក់កម្ចីពីបុគ្គលិក សហសេវិក នៃអង្គភាព នៃនាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ។ បើសរុបទាំងលើកនេះផង គឺមិនដល់រយៈពេល​មួយឆ្នាំ​​ស្រួលបួល​ផងទេ ដែលលោក គ្រី ស៊ាងឡុង ធ្វើឲ្យក្រសួងអប់រំរវល់មិនស្វាង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់