បេក្ខនារី​ចៅ​សង្កាត់ CNRP៖ «មិន​យល់​តុលាការ​ស្រុុក​រំដួល»

បេក្ខនារីចៅសង្កាត់ មកពីគណបក្សប្រឆាំង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានលើកឡើងថា កញ្ញាមិនយល់​ ពីតុលាការ​«ស្រុក​រំដួល» ដែលបានចេញដីកា កោះហៅកញ្ញាឲ្យចូលទៅបង្ហាញខ្លួន ម្ដងជាពីរដង និងលើកទីពីរ គឺ​នៅ​ចំថ្ងៃ​យុទ្ធនា​ការ​​ឃោសនា​​បោះឆ្នោត​ ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ តែម្ដង។
បេក្ខនារី​ចៅ​សង្កាត់ CNRP៖ «មិន​យល់​តុលាការ​ស្រុុក​រំដួល»
រូបថតរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នៅលើការឃោសនា ក្នុងការបោះឆ្នោតឃុំសង្កាត់។ (រូបថតលើហ្វេសប៊ុក)

បន្ទាប់ពីទទួលបានដីកាកោះហៅ ជាលើកទីពីរ ឲ្យចូលខ្លួនទៅបំភ្លឺ នៅចំថ្ងៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ គឺនៅថ្ងៃទី២៣ ខែឧសភាខាងមុខនេះ បេក្ខនារី​ចៅសង្កាត់អូចារ លេខ​រៀង​ទី​ ១ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានដង្ហោយរកការពន្យល់ ថាហតុអ្វីបានជាពាក្យសុំពន្យា ការចូលទៅបំភ្លឺ របស់កញ្ញា មិនត្រូវបានតុលាការ​យកចិត្តទុកដាក់ សម្រាប់សំនុំរឿងមួយ ដែលបានចប់សព្វគ្រប់ទៅហើយនោះ។

ព្រះរាជអាជ្ញារង តុលាការខេត្តបាត់ដំបង ​បាន​កោះ​ហៅ​ឲ្យ​នាង​ចូល​បំភ្លឺ​ម្តង​រួច​ហើយ ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​មីនា ដោយ​តម្រូវ​ឲ្យ​នាង​​ចូល​ខ្លួន ទៅបំភ្លឺ​ នៅ​ថ្ងៃ​ទី​ ២០ ខែ​មេសា​។ ប៉ុន្តែបេក្ខនារីចៅសង្កាត់រូបនេះ បានធ្វើលិខិតស្នើសុំ ពន្យាការចូលខ្លួនទៅបំភ្លឺនោះ រហូតដល់ក្រោយថ្ងៃបោះឆ្នោតឃុំសង្កាត់ ក្រោមមូលហេតុថា កញ្ញាជាប់រវល់ នៅក្នុងការរៀបចំការបោះឆ្នោតមួយនេះ។

ផ្ទុយពីការស្នើសុំពន្យាខាងលើ ដីកាកោះលើកទីពីរ ចុះថ្ងៃទី៨ ខែឧសភា បានធ្លាក់មកដល់ នៅប៉ុន្មានថ្ងៃមុននេះ កំណត់ឲ្យកញ្ញាចូលទៅបំភ្លឺ នៅថ្ងៃទី២៣ ខែឧសភា ដោយនាំ​ឯកសារ​ផ្សេងៗ ​ដែល​ពាក់ព័ន្ធ ទៅជាមួយ។​ ក្នុងដីកាទីពីរនោះ ព្រះរាជអាជ្ញារង​អមអយ្យការ​សាលា​ដំបូង​ខេត្ត ថែមទាំងបានហៅរូបកញ្ញា ថាជា«ជនសង្ស័យ»នោះទៀត។

នៅគណនេយ្យហ្វេសប៊ុក របស់បេក្ខនារីចៅសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ មានសរសេរ​ផ្ទុះចម្ងល់ឡើងថា៖ «ពិតជាពិបាកយល់មែន​ តុលាការ​ នៅស្រុកយើង​ មិនដឹងជាគេធ្វើតាមវិជ្ជាជីវៈ​ ឬតាមបញ្ជាអ្នកនយោបាយ?»។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានឆ្លើយដោយខ្លួនឯងថា៖ «បើគេធ្វើតាមវិជ្ជាជីវៈ​ គឺតុលាការស្រុកយើងនេះ​ ពិតជាមិនមានចំណេះដឹងបន្តិចសោះ ព្រោះ​ ​ (១) លិខិតសុំពន្យារបស់ខ្ញុំ​ បានចូលតាមរដ្ឋបាលតុលាការត្រឹមត្រូវ​ បែជាឆ្លើយថា​ "មិនបានទទួលពាក្យសុំពន្យាទេ" (២) ដើមបណ្តឹង​មិនប្តឹងផង​ បែជាថា​ "គេប្តឹង"។ តែបើគេធ្វើតាមបញ្ជាអ្នកនយោបាយ​ មានន័យថា​ "គេជាបញ្ញាវ័ន្ត គ្មានឧត្តមគតិសោះ"»។

ការកោះហៅបេក្ខនារីរូបនេះ ពីសំណាក់សាលាដំបូង ខេត្តបាត់ដំបង ធ្វើឡើងនៅក្នុងសំនុំរឿង មិន​គោរព​តាម​សេចក្តី​សម្រេច និងការចុះអនុវត្តសាលក្រម ​របស់​តុលាការ​ តាម​ពាក្យ​បណ្តឹង​របស់​លោក សៅ ប៊ុនទិត មន្ត្រី​នគរបាល​ម្នាក់​ កាលពី​ថ្ងៃ​ទី​ ២០ ខែ​មករា​។ ប៉ុន្តែដើមបណ្ដឹង លោក សៅ ប៊ុនទិត ដែល​ជា​អ្នក​ឈ្នះ​ក្តី​ ក្នុងសំនុំរឿង​ដីធ្លី នៃ​សាលា​មត្តេយ្យ​ ក្នុងសង្កាត់អូរចានេះ ​បានអះអាងថា ​លោក​មិន​បាន​ប្តឹង​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​ពលរដ្ឋ​ណាម្នាក់​ទេ ​គឺ​លោក​ប្តឹង​ឲ្យ​តុលាការ​អនុវត្ត​សាលដីកា​​ ដែល​បាន​សម្រេច​ប្រគល់​ដី​នោះ ​មក​ឲ្យ​លោក​តែប៉ុណ្ណោះ​។ ហើយការអនុវត្ត​សាលដីកានោះ ក៏ត្រូវបានធ្វើចប់សព្វគ្រប់ និងរួចរាល់ហើយ​ដែរ។


ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក ប៉ង់ ចាន់សុយុទ្ធារា មិនអាចទាក់ទង ដើម្បីធ្វើការស្រាយបំភ្លឺបានទេ តែ​លោកធ្លាប់បានថ្លែង ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីចុងខែមេសាកន្លងមក ថាលោក​មិន​បាន​ទទួល ​ពាក្យ​សុំ​ពន្យារ​របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នោះទេ។ ការអះអាងរបស់លោក ប៉ង់ ចាន់សុយុទ្ធារា មានលក្ខណៈផ្ទុយទៅនឹង លិខិតស្នើសុំពន្យារបស់កញ្ញា ដែលបានបង្ហាញ ពីការវាយត្រាទទួលយក​ របស់រដ្ឋបាលតុលាការខេត្ត កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។

តបទៅនឹងការបង្ហោះ នៅលើបណ្ដាញសង្គម ដង្ហោយរកការពន្យល់ របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មានប្រិយមិត្តជាច្រើន បានបង្ហាញការយល់ឃើញរបស់ពួកគេ សឹងតែដូចគ្នា ថាការចេញដីកាកោះហៅ ជាលើកទីពីរ ពីសំណាក់តុលាការនេះ មានលក្ខណៈនយោបាយ ដែលជាការរំខាន ទៅដល់កិច្ចការឃោសនា ស្វែងរកសម្លេងឆ្នោត របស់បេក្ខនារីរូបនេះ។ ប្រិយមិត្តខ្លះទៀត បាន​ចង្អុលដោយចំៗ ថាតុលាការកំពុងប្រើល្បិច ដើម្បីចាប់ឃំខ្លួនកញ្ញា ដើម្បីកុំឲ្យឈឈ្មោះបោះឆ្នោតបាន។

យ៉ាងណាក៏ដោយ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថាកញ្ញានឹងចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី២៣ ខែឧសភាខាងមុខ បើទោះជាកញ្ញា អាចប្រឈមនឹងការឃាត់ខ្លួន នៅនឹងតុលាការក៏ដោយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់