FIFA៖ កម្ពុជា​ជាប់​លេខ​១៧៣​ដដែល ក្នុង​ចំណាត់​ថ្នាក់​បាល់​ទាត់​ថ្មី

មិនមានអ្វីផ្លាស់ប្ដូរទេ បើប្រៀបធៀប​ចំណាត់ថ្នាក់​បាល់ទាត់ របស់ប្រទេស​កម្ពុជា នៅក្នុងបញ្ជី​ចំណាត់​ថ្នាក់ ​ប្រចាំ​ឆ្នាំ របស់​សមាគម​បាល់ទាត់​ពិភពលោក សម្រាប់​ឆ្នាំនេះ ទៅនឹង​ឆ្នាំកន្លង​ទៅ។ បញ្ជីចំណាត់​ថ្នាក់ថ្មី ដែល​ទើបនឹង​ចេញ​ផ្សាយ​ឲ្យដឹង កាល​ពី​ម្សិលម៉ិញ បានឲ្យពិន្ទុ​មក​ប្រទេសកម្ពុជា នៅលេខរៀងទី​១៧៣ ពី​ក្នុង​ចំណោម ២០៦​ប្រទេស ដែល​សុទ្ធ​សឹង​ជា​សមាជិក របស់​សមាគមបាល់ទាត់​ពិភពលោក ហៅ​កាត់​ថា «FIFA»។
FIFA៖ កម្ពុជា​ជាប់​លេខ​១៧៣​ដដែល ក្នុង​ចំណាត់​ថ្នាក់​បាល់​ទាត់​ថ្មី
ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា លើកដៃទៅកាន់ទស្សនិកជន បន្ទាប់ពីប្រកួតចប់ ជាមួយក្រុមឥណ្ឌា កាលពីខែមីនាទៅម៉ិញ។ (រូបថតលើហ្វេសប៊ុក)

វិស័យបាល់ទាត់ នៅប្រទេសកម្ពុជា រវាងពីឆ្នាំមុនមកឆ្នាំនេះ ហាក់ដូចជានៅទ្រឹងនៅឡើយ។ បញ្ជី​ចំណាត់​ថ្នាក់​ឆ្នាំ​២០១៧​ថ្មី ដែលទើបនឹងចេញជាផ្លូវការ ដោយសមាគម​បាល់ទាត់​ពិភពលោក ហៅ​កាត់​ថា «FIFA» កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិល​ម៉ិញ បានដាក់ប្រទេសកម្ពុជា នៅក្នុងលេខរៀងទី១៧៣ ដូចឆ្នាំកន្លង​ទៅ​ដែរ ជាមួយ​នឹង​ពិន្ទុ​១០៨។ ជា​លេខ​រៀង ដែលនៅ«អន់»នៅឡើយ បើប្រៀបធៀប​ទៅនឹង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ ​លេខ​១២៩ វៀតណាម​ លេខ ១៣៦ ម៉ាឡេស៊ី លេខ ១៥៧ និង​ប្រទេស​ភូមា លេខ ១៦៦។ ប៉ុន្តែ​កម្ពុជា នៅ​គ្រាន់​បើ​ជាង​ប្រទេស​ជាប់​ខាង​ផ្សេង​ទៀត ដូចយ៉ាង​ប្រទេសឡាវ លេខ១៧៤ និង​ប្រទេស​ឥណ្ឌូនេស៊ី លេខ ១៧៥។

តើសមាគមបាល់ទាត់ពិភពលោក គណនាពិន្ទុនៃបញ្ជីចំណាក់ថ្នាក់នេះ យ៉ាងដូចម្ដេច?

ពិន្ទុសរុបប្រចាំឆ្នាំនៃសហព័ន្ធ​បាល់ទាត់ របស់ប្រទេសនីមួយ បានមកពីការបូក​បញ្ចូល​គ្នា នៃ​ពិន្ទុ​ដែល​រក​បាន ពី​ការ​ប្រកួត​នីមួយៗ ក្នុងរយៈពេលពេញមួយឆ្នាំ។ ហើយពិន្ទុ ដែលកើតចេញ ពីការ​ប្រកួត​ម្ដងៗ រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ របស់​ប្រទេស​មួយ ជាមួយ​នឹង​ក្រុម​បាល់ទាត់​ប្រទេស​មួយ​ទៀត ត្រូវ​គណនា​ដោយ​ការ​គុណ​ រវាង​កត្តា​ចំនួន​៤ រួមមាន លទ្ធផល​នៃ​ការប្រកួត (M) ទំងន់​នៃ​ប្រភេទ​ប្រកួត (I) ទំងន់​នៃ​ភាព​ខ្លាំង ឬ​ខ្សោយ ​របស់​ក្រុម​កីឡា​គូប្រជែង (T) និង​មេ​គុណ នៃបណ្ដុំ​សហព័ន្ធ​បាល់ទាត់​​ប្រចាំ​ទ្វីប​នីមួយៗ (C)។

សហព័ន្ធ​បាល់​ទាត់​កម្ពុជា ដែលទទួលពិន្ទុបាន១០៨ បានសេចក្ដីថា ក្រុមកីឡាករកម្ពុជា ធ្លាប់បាន​ប្រកួត​ឈ្នះ ឬ​ស្មើ​ជា​មួយ​នឹង​គូ​ប្រកួត​របស់ខ្លួន ជាច្រើន​ដង​ដែរ (ព្រោះបើប្រកួតចាញ់ ទទួលបាន​សូន្យ​ពិន្ទុ ហើយ​​ពិន្ទុ​សរុប​​សម្រាប់​ចំណាត់​ថ្នាក់ ចេញ​ពីការ​ប្រកួតនោះ ក៏បាន​សូន្យ​ដែរ)។

ប្រកួតចាញ់គេ... តែចាញ់ល្អមើល!

ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា ដែលមានតំណែងជា មេបញ្ជាការរង​កង​យោធ​ពល ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​​កង​​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃប្រទេស ធ្លាប់បានថ្លែង​​ដោយ​មោទនភាពថា ក្រុម​កីឡា​បាល់​ទាត់​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន​នេះ មិន​«អន់» រហូតដល់​ប្រកួត​ចាញ់​គេ រាប់គ្រាប់​ភ្លេច​នោះ​ទេ។ លោក សុខា ដែល​មាន​ពាក់​ផ្កាយ​បួន នៅ​លើ​ស្មារ បាន​ឲ្យ​ដឹង​ថា «រាល់ការ[ប្រកួត]ចាញ់​រ​បស់​យើង គឺ​ជា​​ការ​បរាជ័យ​លក្ខណៈ​​កីឡា ​មាន​​ន័យ​​ថា ចាញ់គេ ក្នុងរយៈពេល​៩០នាទី តែមិនឆ្ងាយ» និង«ដើម្បីស្រង់បទពិសោធន៍»។

ចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់កីឡាបាល់ទាត់កម្ពុជា បានស្គាល់​ពេល​ខ្ពស់ និង​ពេល​ទាប តែមិន​ដែល​ងើប​ហួស ពី​ចំណាត់​ថ្នាក់​លេខ ១៦២ (ក្នុងឆ្នាំ១៩៩៨) នោះ​ទេ។ នៅឆ្នាំ២០០៥ បាល់ទាត់​កម្ពុជា បានធ្លាក់​ទៅដល់​ចំណាត់​ថ្នាក់ លេខ ១៨៨ តែបាន​ងើបបន្តិច​ម្ដងៗមកវិញ រហូតមកទល់ឆ្នាំ ២០១០ ជាមួយ​ចំណាត់​ថ្នាក់​លេខ ១៦៦។ អានិច្ចា! ចំណាត់ថ្នាក់ឆ្នាំ២០១០ ដែលគួរឲ្យ​លើក​ទឹកចិត្ត​នេះ បានធ្លាក់​ដាំដូង​ជាថ្មីទៀត និង​មាន​លក្ខណៈ ធ្ងន់ធ្ងរ​ជាង​ឆ្នាំ២០០៥ មួយ​លេខ គឺកម្ពុជាទទួល​បានលេខ​១៨៩ ក្នុងឆ្នាំ​២០១៣។

ចុះប្រទេសទាំង១០ដំបូងគេ មានប្រទេសណាខ្លះ?

សូមជូនរូបភាព ពីចំណាត់ថ្នាក់ នៃកំពូលប្រទេសបាល់ទាត់ទាំង១០ នៅក្នុង​ពិភពលោក ដូច​ខាង​ក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់