សម រង្ស៊ី ហៅ​ក្រុម​ក្លែង​លិខិត​លោក ថា​​ជា​ជន​«យ៉ាប់​​»

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានប្រតិកម្មដោយផ្ទាល់ ជាលើកដំបូង តបទៅ​នឹងការ​ក្លែង​លិខិត​របស់​លោក ដែលត្រូវ​បាន​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​មួយចំនួន យកមកផ្សាយ ដោយហៅទង្វើ របស់​ក្រុម​អ្នក​នៅ​ពី​ក្រោយ​ការ​ក្លែង​លិខិត​នេះ ថាជាក្រុម​ជន​ថោកទាប គ្មានយុទ្ធសាស្ត្រ និង​មាន​លក្ខណៈ «យ៉ាប់ណាស់»។
សម រង្ស៊ី ហៅ​ក្រុម​ក្លែង​លិខិត​លោក ថា​​ជា​ជន​«យ៉ាប់​​»
ពីឆ្វេងមកស្ដាំ៖ អ្នកស្រី ជូឡុង សូមូរ៉ា ជាភរិយា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាស្វាមី។ (រូបថតលើហ្វេសប៊ុក)

យ៉ាងហោចណាស់ មានលិខិតចំនួនពីរ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ស្និតនឹងរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា យក​មក​ផ្សាយ ដោយសុទ្ធតែអះអាងថា លិខិតទាំងនោះ ជាលិខិតផ្ទៃក្នុង ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ហត្ថលេខា ដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ។ បន្ទាប់ពីត្រូវបាន​​អ្នកនាំ​ពាក្យ​​គណបក្ស​ អះអាង​ជា​ផ្លូវ​ការ ថាសុទ្ធសឹង​ជាលិខិតក្លែងក្លាយរួច លិខិត​ទាំង​នោះ ក៏ត្រូវបានអតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ខ្លួន​លោក​ផ្ទាល់ ច្រាន​ចោល​ដូចគ្នា និងថែមទាំងបានហៅ ក្រុមអ្នក​នៅ​ពី​ក្រោយ លិខិត​ក្លែង​ក្លាយ​ទាំង​នោះ ថាជាក្រុមជន​ថោកទាប គ្មានយុទ្ធសាស្ត្រ និងមានលក្ខណៈ«យ៉ាប់ណាស់»។

លោក សម រង្ស៊ី បានប្រតិកម្មដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែ​កុម្ភៈកន្លងមក និងបានអំពាវនាវ ទៅឲ្យកាន់ពលរដ្ឋកម្ពុជា កុំឲ្យតម្លៃមនុស្ស ដែលប្រើ​«ល្បិច​ថោក​ទាប​បែប​នេះ»។ លោក បានថ្លែងឡើងថា៖ «ល្បិចនេះ ល្បិចថោកទាប ល្បិចប្រឌិត ក្លែងបន្លំឯកសារ។ គឺថា​ម្ខាង​ទៀត​នោះ គេ​ទាល់​ច្រក មិនដឹងប្រើ​យុទ្ធសាស្ត្រអ្វី គ្មាន​យុទ្ធសាស្ត្រ​អ្វីច្បាស់លាស់ គឺប្រើតែល្បិច​ថោក​ទាប ក្លែង​បន្លំ​ប្រឌិត​ឯកសារ យក​ឈ្មោះខ្ញុំ យក​ហត្ថលេខាខ្ញុំ យក​ទៅ​បិត យក​ទៅប៉ះ យក​ទៅ​កាត់ត។ យ៉ាប​ណាស់!»។

លិខិតក្លែងក្លាយទាំងនោះ ក៏ត្រូវបានមន្ត្រីរដ្ឋាភិបាល និងមន្ត្រី​​គណបក្ស​ប្រជាជកម្ពុជា យក​មក​បង្ហោះ​នៅ​លើ​បណ្ដាញ​​​សង្គម ដោយធ្វើមិនដឹងមិនឮ ពីការបដិសេធ​របស់​គណបក្ស​ប្រឆាំង និងថែម​ទាំង​អះអាង​ ម្ដង​​ហើយ​ម្ដង​​ទៀត ថា​ជា​ឯកសារពិត។ លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន ក៏ជាមនុស្ស​ម្នាក់ ដែល​​យក​​លិខិត​​ទី​មួយ មក​​បង្ហោះ​ដែរ ហើយបាន​សរសេរ​​ធ្វើអាត្ថាធិប្បាយ ជាភាសា​អង់គ្លេសថា លោក​មាន​​ការ​ភ្ជាក់​​ផ្អើល​​ណាស់ នៅ​ពេល​ឃើញ​​លិខិត​នេះ។

រីឯលោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីវិញ បានសរសេរអម នឹងលិខិត​ក្លែងក្លាយ​នេះ តាមបែបអុចអាល​ថា៖ «ទៅ​ណា​ឆ្ងាយ ? ប្តីលាលែង ស្នើសុំដាក់ប្រពន្ធអីចឹងទៅ ! សំខាន់ មិនដឹង​ថា តើលោក​អនុប្រធាន​ឈឺ​ចិត្តយ៉ាង​ណា​ទេ?»។

ប្រព័ន្ធ«គ្រួសារនិយម»...

លិខិតមួយ ពីក្នុងចំណោមនោះ បានសរសេរ​ចង់ឲ្យគេយល់ថា លោក សម រង្ស៊ី បានកំហិត​ទៅកាន់​លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះជាតិ ដើម្បីដាក់​ភរិយា​លោក សម រង្ស៊ី គឺ​អ្នកស្រី ជូឡុង សូមូរ៉ា ឲ្យជំនួស​តំណែង​ប្រធាន​គណបក្ស នៅបន្ទាប់ពី​លោក បានលាលែង​ពីតំណែង។ រីឯលិខិត​មួយ​ទៀត ដែល​សរសេរ​​នៅ​​ខាង​​លើ​​ក្បាល ដាក់ថា «សំងាត់បំផុត» ក៏បានបញ្ជាក់ដែរ​ថា លោក សម រង្ស៊ី បាន​ស្នើ​ឲ្យមាន​ការវិល​ត្រឡប់ ទៅកាន់​តំណែង ជាប្រធាន​គណបក្ស សម រង្ស៊ី វិញ។

ប៉ុន្តែលោក សម រង្ស៊ី បានបដិសេធថា លោកមិនដែល«នឹកគិត» ថាលោកចង់ឲ្យភរិយា ឬកូនចៅ​របស់​លោក ចូល​ទៅ​ដណ្ដើម​តំណែង​អ្វីមួយ នៅក្នុងជួរថ្នាក់ដឹកនាំ របស់​គណបក្សសង្គ្រោះ​ជាតិ​នោះទេ ដែលខុស​ពី​លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ដែលទើប​នឹងតែងតាំង​កូនប្រុសខ្លួន កាលពីប៉ុន្មាន​ថ្ងៃមុន ឲ្យមានតំណែង​ធំ នៅក្នុងគណៈកម្មាធិការត្រួត​ពិនិត្យ ក្នុងគណបក្ស។

អតីតប្រធានគណបក្សប្រឆាំង​ធំជាងគេ បាននិយាយ​ «ផ្លែផ្កា» ដាក់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​ថា៖ «ខ្ញុំគ្មាន​ដែលមាន​បំណង គ្មានដែលនឹកឃើញ ថាត្រូវយកភរិយាខ្ញុំ ឬយកកូនខ្ញុំ មកជំនួសខ្ញុំ មិនដែលទាល់​តែ​សោះ។ ខ្វះអីអ្នកចេះដឹង នៅស្រុកខ្មែរ បញ្ញាវ័ន្ដ គេស្រឡាញ់ជាតិ ដែលគេមាន​ឧត្ដម​គតិ​ជាតិ​ខ្ពង់ខ្ពស់ គេ​មាន​ចំណេះ​វិជ្ជា គេមានបទ​ពិសោធន៍ ខ្វះអី ច្រើនណាស់ មិនចាំបាច់​យក​កូនខ្លួន យក​ប្រពន្ធ​ខ្លួន ក្រុម​គ្រួសារ​ខ្លួន​នោះ​ទេ។ មិនមែនមាន​តែខ្លួន មានតែគ្រួសារ​ខ្លួន ដែលគ្រាន់បើ ចុះខ្មែរជាង​១៥លាន​នាក់ គេអត់កើត​ទេ​ឬអី?»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់