ហ៊ុន សែន៖ ផលិតឥដ្ឋ​ក្បឿង​ក្នុងស្រុក... កាប់​ខ្ទេច​ព្រៃឈើ

«មានការផលិតឥដ្ឋក្បឿង នៅកម្ពុជា នឹងមានការកាប់បំផ្លាញព្រៃឈើ» នេះ ជាហេតុផល ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ឲ្យដឹង ជុំវិញការ​មិន​ផលិត​«ឥដ្ឋក្បឿង» នៅក្រោមរបបដឹកនាំ របស់​លោក​។ ជា​ការ​ពន្យល់ តាម​បែប​«អ្នក​ជំនាញ​សេដ្ឋកិច្ច»​មួយ​រូប ដើម្បីតប​ទៅនឹង​ការ​រិះគន់​កន្លងមក ដែលលើក​ឡើងថា កម្ពុជា​សព្វ​ថ្ងៃ​នេះ បើ​សូម្បី​តែ​«ឥដ្ឋ​ក្បឿង» ក៏​នាំ​ចូល​ពី​ក្រៅប្រទេស​​មក​ដែរ។
ហ៊ុន សែន៖ ផលិតឥដ្ឋ​ក្បឿង​ក្នុងស្រុក... កាប់​ខ្ទេច​ព្រៃឈើ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 14, 2017
  • ប្រធានបទ: សេដ្ឋកិច្ចនិងព្រៃឈើ
  • អាន និងបញ្ចេញយោបល់

«បើយើងធ្វើខ្លួនឯង វាថោកជាងការនាំចូល អាហ្នឹងចាំយើងលេង» នេះ ជាការលើកឡើង របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​បែប​​ជា​«អ្នកជំនាញខាង​សេដ្ឋកិច្ច»​​មួយ​រូប ដើម្បី​ពន្យល់ថា ហេតុអ្វីបានជា​ប្រទេស​​កម្ពុជា នៅ​​ក្រោម​​ការ​​ដឹកនាំ របស់​លោក បើសូម្បី​តែ«ឥដ្ឋក្បឿង» ក៏ត្រូវបាន​នាំចូល​ ពីក្រៅប្រទេស​ដែរនោះ។ ការ​ពន្យល់ ដែល​​​លោក​​ចង់​​មាន​​ន័យ​​ថា បើ​គ្មាន​ការ​ផលិត​​«ឥដ្ឋក្បឿង» នៅ​ក្នុង​ស្រុក នោះនឹងគ្មាន ​ការ​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ឡើយ។

លោកនាយករដ្ឋមន្ត្រី បានហៅពលរដ្ឋ ដែលកំពុងមើល-ស្ដាប់លោក នៅក្នុងពិធីសម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​ស្ពាន​បេតុង មិត្តភាព កម្ពុជា-ចិន កោះ​ធំ កាល​ពីថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈ ឲ្យយល់​ពីនយោបាយ ដឹកនាំ​សេដ្ឋកិច្ច​ជាតិ របស់​លោក​ដូច្នេះថា៖ «អ្នកខ្លះ គេឌឺឲ្យខ្ញុំករណាខ្ញុំ ថាសូម្បីតែឥដ្ឋក្បឿង ក៏ទិញ​ពីគេ​ដែរ! ឥឡូវ​សូម​លោក​យាយ​លោក​តា ជួយគិត​ខ្ញុំករណាខ្ញុំ អញ្ចេះ...»។

កាប់ខ្ទេចព្រៃ ដើម្បីបានឥដ្ឋក្បឿងមួយឡ!

បន្ទាប់មកលោក ហ៊ុន សែន បានពន្យល់ ដោយលើកជាសំណួរឡើងថា៖ «ដើម្បីបានឥដ្ឋក្បឿង​មួយឡ តើ​ត្រូវ​ប្រើ​អុស​ដុត​ប៉ុន្មាន? ដើម្បីឲ្យ​អាឥដ្ឋ​ក្បឿងហ្នឹង វាឆ្អិន?» មុន​នឹង លោកបាន​«ពេបមាត់» និង​ឆ្លើយ​ដោយ​ខ្លួន​​លោក​​ថា៖ «កាប់​ខ្ទេច​ព្រៃ ដើម្បី​ឲ្យវាចេញ ជាឥដ្ឋ ហើយ​និង​ក្បឿងនោះ។ ដល់​ប្រទេស​គេ​ផលិត គេ​ផលិត​នឹង​​ធ្យូង​ថ្ម។ អញ្ចឹង​ ​យើង​​ទិញ​​ពី​គេ វា​ថោក​ជាង ការផលិត​នៅក្នុងស្រុក។ បើអញ្ចឹង គួរតែឲ្យគេ​នាំ​ចូល​​ទៅ។»។

ដូច្នេះ គេត្រូវអរគុណ​ដល់នយោបាយ ដឹកនាំសេដ្ឋកិច្ច នៃ«ការមិនផលិតឥដ្ឋក្បឿង» របស់​លោក ហ៊ុន សែន ដែល​បាន​ជួយ​សង្គ្រោះ «ព្រៃឈើ» នៅ​កម្ពុជា។ ព្រៃឈើនៅកម្ពុជា ដែល​របាយការណ៍ របស់ក្រុម​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ឃ្លាំ​មើល​ឯករាជ្យនានា អះអាងថា បាននៅ​សេសសល់​តិចតួច បន្ទាប់​ពីរង​​ការ​កាប់​បំផ្លាញ គ្មាន​ត្រា​ប្រណី នៅក្នុង​រយៈពេល ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់