ហ៊ុន សែន ព្រមាន​ក្រុម LDP ឲ្យ​​មាន​ភាព​​ថ្លៃថ្នូរ និង​សុជីវធម៌

នៅទីបំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតប ទៅនឹងក្រុមសមាជិកគណបក្សសម្ព័ន្ធ ដើម្បី​ប្រជាធិប​តេយ្យ ក្នុង​ករណី​ជម្លោះ​ដីធ្លី នៅឯខេត្តកំពត​នោះ​ហើយ តែជាចម្លើយ ដែល​មិនដូច​ការ​ព្រាង​ទុក (ឬការ​ទាមទារ) របស់​ក្រុម​នេះ​ទេ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បានព្រមាន​ឲ្យក្រុម​គាំទ្រ​គណបក្ស​ជួង​មួយ​នេះ ឲ្យចេះ​ប្រើ​ពាក្យ​សម្ដី​ថ្លៃថ្នូរ និង​មាន​សុជីវធម៌។
ហ៊ុន សែន ព្រមាន​ក្រុម LDP ឲ្យ​​មាន​ភាព​​ថ្លៃថ្នូរ និង​សុជីវធម៌
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ខឹម វាសនា ប្រធានគណបក្ស«ជួង»។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 08, 2017
  • ប្រធានបទ: ជម្លោះហ្វេសប៊ុក
  • អាន និងបញ្ចេញយោបល់

ទឹកភ្នែករបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថា​បក្ស​ជួង) ដែល​បាន​ស្រក់​ចុះ​មក ពិត​ជា​មិន​បាន​​ធ្វើឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំជួលចិត្តបន្តិច​ណា​សោះ។ ផ្ទុយ​ទៅ​វិញ ​លោក ហ៊ុន សែន បែរជាប្រតិកម្ម​តប​ទៅវិញ ដោយ​ពាក្យ​​ព្រមាន​ធ្ងន់ៗ នៅលើទំព័រហ្វេសប៊ុក​របស់​លោក នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

នោះអាច​បណ្ដាល មកពីការសរសេរ របស់ក្រុម​សមាជិក«បក្សជួង» ដែលបានទាមទារ​នៅលើ​បណ្ដាញ​សង្គម​ ស្នើ​សុំ​ទៅ​​នាយក​រដ្ឋមន្ត្រី​កម្ពុជា ឲ្យ​លូកដៃ​ចូល​អន្តរាគមន៍ នៅក្នុងការ​ចាប់​ឃាត់​ខ្លួន ក្រុម​យុវជន​​សមាជិក​​គណ​បក្ស​ ទាំង​១៣នាក់ ក្នុងខេត្តកំពត កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ​ កន្លង​មក​នេះ។ លោក ហ៊ុន សែន បាន​​សរសេរ​ឆ្លើយ​តប ទៅ​ក្រុម​«ពល LDP»​ ដូច្នេះ​ថា៖ «សូមបងប្អូន​ចូល​មក​និយាយ មានភាពថ្លៃថ្នូរ និងមានសុជីវធម៏។ តើ​មក​ពឹង​ខ្ញុំ ឬមក​ប្រដៅខ្ញុំ ឬមកជេរខ្ញុំ?»។

សមាជិកជាច្រើន របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលទៅសរសេរ​នៅលើទំព័រ​ហ្វេសប៊ុក របស់​​នាយករដ្ឋមន្ត្រី ដោយ​រៀប​រាប់ ពីរឿងរ៉ាវជម្លោះដីធ្លី ដែលបានកើតឡើង នៅក្នុងភូមិ​តេជោ​​ក្បាល​​ដំរី ​ឃុំ​​តេជោ​​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត។ សមាជិក​ខ្លះ​ទៀត បានដៀមដាម​​ដាក់​នាយករដ្ឋមន្ត្រី បីទសវត្សន៍​​ជាង​ របស់​​កម្ពុជា​​ថា៖ «តុលាការ ធ្វើតាមតែមាត់​សម្ដេចប៉ុណ្ណោះ»។ រីឯសារ​​ចូល​រួម​​មរណ​ទុក្ខ​មួយ របស់​​លោក ហ៊ុន សែន ចំពោះ​​អ្នក​​ធ្វើ​​អត្ថាធិប្បាយ​​ទូរទស្សន៍​​ម្នាក់ ដែលទើបធ្វើ​មរណភាព​នោះ ត្រូវបានសមាជិក​ម្នាក់​​ទៀត របស់​​គណបក្ស​​​«ជួង» ចាត់ទុក​ថា ជារឿង​​កេង​​ចំណេញ យក​​ប្រជាប្រិយភាព។

«ពល LDP» រូបនោះ បាន​សរសេរ​ថា៖ «បើរឿងកេងចំណេញ យកប្រជាប្រិយភាពអ៊ីចឹង ដឹងលឿនណាស់។​ ត្រង់​អ្នកស្ម័គ្រចិត្ត LDP ១៣នាក់ ជាប់គុក​យ៉ាង​អយុត្តិធម៌ ផ្សាយស្ទើរគ្រប់​សារព័ត៌មាន ផ្ញើរតាម​ឆាតផង ខមមិន​ផង គាត់មិន​ដឹងសោះ។ ពិតជា​អស្ចារ្យណាស់ នាយករដ្ឋមន្ដ្រី​ស្រុកខ្ញុំ។»។

ប៉ុន្តែករណីនេះ មិនមែនថា លោក ហ៊ុន សែន មិនបានដឹងនោះទេ។ ដូចសំណេររបស់លោក នៅ​ក្នុង​ចម្លើយ​តប​នោះ​ដូច្នេះថា៖ «រឿងនៅ​ខេត្តកំពត បានស្ថិតក្នុងដៃតុលាការ​រួចទៅហើយ។ សុំរកមេធាវី​តតាំងក្តី តាម​ផ្លូវ​តុលាការ។»។

រួច លោកនាយករដ្ឋមន្ត្រី បានព្រមានបន្ថែមថា៖ «សូមកុំហួសហេតុពេក ល្មមៗ បានហើយ»។

នៅថ្ងៃពុធនេះដដែល លោក ខឹម វាសនា ប្រធានគណបក្ស «ជួង» វិញ ក៏បានសរសេរ​ នៅលើ​គណនេយ្យ​ហ្វេសប៊ុក របស់លោកដែរ ដោយ​បានស្នើសុំទៅ​«ពល LDP»​របស់​លោក ឲ្យ​ឈប់ចូល​ទៅ​ផ្ដល់​មតិ​យោបល់ នៅ​លើ​​ទំព័រ​​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន តទៅទៀត។ លោក ខឹម វាសនា បាន​និយាយ​ថា លោក​បាន​ស្រក់​ទឹក​ភ្នែក នៅ​​ពេល​​ឃើញ​«ពល»​របស់​លោក ដើរសរសេរ​អង្វរ​គេ​ឯង គ្រប់​កន្លែង​ដូច្នេះ ទាំងក្រុមខ្លួន​«មិន​ខុស»​អ្វី​សោះ។

ជាមួយនឹង​ការអះអាង ដែលថា យុវជនទាំង១៣នាក់ ត្រូវបានចាប់ឃុំ ដោយ​អយុត្តិធម៌នោះ «ប្រមុខ​ទ័ព LDP» នៅ​​បានចោទ ក្រុម​អ្នក​គាំទ្រ​គណបក្សផ្សេង ថាបានបន្លំខ្លួនធ្វើជា «ពល LDP» ក្នុង​គោលបំណង​​«បំពុល​បរិយាកាស» នោះ​​ទៀតផង។ យ៉ាងណា លោក ខឹម វាសនា បាន​បញ្ជាក់​ថា គណបក្សលោក​​មាន​មេធាវី ដើម្បី​​ទៅ​​ការពារ​​​ជន​ត្រូវ​ចោទ ​ទាំង១៣នាក់​នោះ​​ហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់