ខៀវ កាញារីទ្ធ៖ ចង់​បន្ទោស​«ក៥» ត្រូវ​បន្ទោស​អ្នក​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម

បើសិនជាមនុស្សមួយចំនួន រួមនឹងប្រវត្តិវិទូឯករាជ្យជាច្រើន និយាយថា ផែនការ«ក៥» នៅក្នុងរបប​«សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា» ជាការ«បញ្ជូន»​ប្រជាជន​ស៊ីវិល​កម្ពុជា ឲ្យទៅស្លាប់ ឬ​ហៅ​ថា ជា​ការ​«កាប់​សម្លាប់»​បែប​ថ្មី​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ល្ងាច​នេះ បាន​ចេញ​មក​ពន្យល់​វិញ​ថា គេត្រូវ​​ធ្វើការ​ថ្កោលទោស​ដំបូង​បង្អស់ ទៅ​លើ​អ្នកណា ដែល​ចូល​ជាមួយ​ខ្មែរក្រហម រហូត​បង្កើត​បាន ជា​«រដ្ឋាភិបាល​ចំរុះ​កម្ពុជា​ប្រជាធិបតេយ្យ»។
ខៀវ កាញារីទ្ធ៖ ចង់​បន្ទោស​«ក៥» ត្រូវ​បន្ទោស​អ្នក​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម
ពីឆ្វេងទៅស្ដាំ៖ រូបលោក ខៀវ កាញារីទ្ធ និងរូបភាពឯកសារ ទាក់ទងនឹងព្រឹត្តិការណ៍ «ក៥» ក្នុងសម័យសាធារណរដ្ឋប្រជាមានិត​កម្ពុជា។ (រូបថតលើ ហ្វេសប៊ុក)

មានមន្ត្រីជាច្រើននាក់ មកពីគណបក្សកាន់អំណាច បានធ្វើមិនដឹងមិនឮ (ឬធ្វើភ្លេច) ពីព្រឹត្តិការណ៍​ដ៏អាណោច​អាធម នៃ«ផែនការ ក៥» ដែលបានបង្កឲ្យប្រជាជនស៊ីវិលខ្មែរ រាប់សិបម៉ឺននាក់ បានបន្តបាត់បង់​ជីវិត បន្ទាប់​ពី​បាន​ងើប​ចេញ ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប៉ុន្តែយ៉ាងហោចណាស់ មានលោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មួយ​រូប បាននិយាយរំលឹក ពីប្រវត្តិសាស្ត្រ ដ៏ជូរចត់របស់ប្រជាជាតិ​ខ្មែរ ក្នុង​របប​កុម្មុយនីស​ទីពីរ​នេះ បើ​ទោះ​ជា​លោក បាន​ពន្យល់​ថា កំហុសដំបូងគេ គឺ​អ្នក​ដែល​បាន​ចូលរួម ជា​មួយ​ខ្មែរក្រហម ក្នុង​ការ​បង្កើត​«រដ្ឋាភិបាល​ចំរុះ» កម្ពុជា​ប្រជាធិបតេយ្យ នោះក៏ដោយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរដូចនេះ នៅប៉ុន្មាននាទីមុន តាមរយៈគណនេយ្យ​​ហ្វេសប៊ុក​​របស់​​លោក​ថា៖ «អ្នក​ថ្កោលទោស រឿង"ក៥" ដំបូង​បង្អស់​​ត្រូវ​ថ្កោលទោស​​អ្នកណា ដែលចូល​ជា​មួយ​ខ្មែរក្រហម បង្កើត​រដ្ឋាភិបាល​ចំរុះ​កម្ពុជា​ប្រជាធិបតេយ្យ»។

លោកបានពន្យល់ថា៖ «ក្រោយពី (ឆ្នាំ)៧៩ អ្នកណាក៏ដឹងថា ពួកកម្ពុជាប្រជាធិបតេយ្យ បាន​ប្រព្រឹត្ត​អំពើ​​ប្រល័យ​ពូជ​សាសន៍ (ខុសពីអ្នកគាំទ្រ ៧០ -៧៥ ដែលគេមិនដឹងក្រយ៉ៅប៉ុលពត) ហើយ​គឺ​ការបង្កើត​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ខ្មែរក្រហម បន្តជីវិតរស់នៅ មានសិទ្ធិទទួលជំនួយ ពីគ្រប់ទិសទី ហើយ មានសិទ្ធិចែក ៥០ ភាគ​រយនៃ​រាល់​ជំនួយ​បន្ទាន់ របស់អង្គការសហប្រជាជាតិ សំរាប់កម្ពុជា ក្នុងពេល​ដែល​ពួកគេ មិនមាន​មនុស្ស​ដល់ ​៥០០ ០០០ នាក់ (ឯ​រដ្ឋ​កម្ពុជា ចិញ្ចឹម​មនុស្ស​ជាង ៣ លាននាក់) យក​ជំនួយ​នេះ បង្ខំ​មនុស្ស​ឲ្យ​​ចូល​ទាហាន មក​ច្បាំង​នៅ​ក្នុង​ប្រទេស ក្នុង​ពេល​ដែល​កងទ័ព​កម្ពុជា ទើបបង្កើត​ជា​អង្គភាព​រៀបរយ មិន​បាន​បួន-ប្រាំ​ឆ្នាំ​ផង។»

បុព្ធហេតុនៃ «ក៥»...

លោក ខៀវ កាញារីទ្ធ បានសសេរនៅចុងបញ្ចប់ ថា៖ «ពួកពេជ្ឈឃាតស្អប់ ក៥ ព្រោះដោយ ក៥ នេះ កំលាំង​បញ្ជូន​មក​កាប់​សំលាប់​ខ្មែរ​ក្នុង​ស្រុក ត្រូវស្បើយ»។

គេមិនបានដឹងថា តើការអះអាងខាងលើ របស់លោករដ្ឋមន្ត្រី មានបំណងបញ្ជាក់ពីបុព្វហេតុ នៃ​ការ​បញ្ជូន​ប្រជាជន ឲ្យទៅទៅកាប់ឆ្កាព្រៃ ក្នុងផែនការ «ក៥» រហូតរងគ្រោះ ជាន់មីន និង«ចាញ់ទឹក​ចាញ់​ដី» រហូត​បាក់​ដៃ បាក់​ជើង ឈឺ​ស្លាប់ ដល់​ថ្នាក់​រាប់​សិប​ម៉ឺន​នាក់​នោះ​ទេ។ ប៉ុន្តែចំងល់មួយ បានផ្ទុះជាសំណួរ​ឡើង​ថា បើ​ «កងទ័ព​កម្ពុជា (ក្រោម​ការ​ជួយឧបត្ថម្ភ ពីកងទ័ពយួន ក្នុង​សម័យ​នោះ) ទើបបង្កើត​ជា​អង្គភាព​រៀប​រយ មិន​បាន​បួន-ប្រាំ​ឆ្នាំ​ផង» និង​គ្មាន​សមត្ថភាព​ទប់ស្កាត់ ការវិលត្រឡប់​មកវិញ នៃ​របប​ប្រល័យ​ពូជសាសន៍​នោះ​ទេ ដូច្នេះ​គឺ​មាន​តែ​យុទ្ធសាស្ត្រ នៃ​ផែនការ​«ក៥»​នេះ​ទេឬ ទើប​អាច​ទប់​ស្កាត់​បាន?

អត្ថន័យ នៃពាក្យ«ក៥»...

អ្នកចម្រៀងអាយ៉ៃ ដ៏ល្បីឈ្មោះម្នាក់ (អ្នកដែលឆ្លងកាត់​ព្រឹត្តិការណ៍នេះ សុទ្ធតែបាន​ស្គាល់​ច្បាស់​ថា អ្នក​ចម្រៀង​អាយ៉ៃ​នោះ ជា​នរណា) ក៏បានច្រៀង​ចំអក​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ ដោយ​បាន​លើក​ឡើង ប្រៀប​ធៀប​ថា «ទៅ​ជិះ​ឡាន មក​ជិះ​ចាន» ជាដើម។ តែមក​ដល់​ថ្ងៃនេះ រឿងរ៉ាវ​ទាក់​ទង​នឹង​ផែនការ «ក៥» ស្ថិត​នៅ​ជា​អាថ៌កំបាំង ដ៏​ជ្រាលជ្រៅ​នៅ​ឡើយ ជា​ពិសេស បើសិន​ជា​គេ​ចង់​ដឹង ឲ្យ​ច្បាស់​ទៀត​ថា តើ​នរណា​ជា​អ្នក​​នៅ​​ពី​ក្រោយ​​​ផែនការ​​នេះ និង​ដើម្បី​កិច្ចកល​អ្វី​?

នៅក្នុងសៀវភៅ ដែលមានចំណង​ជើងថា «ប៉ែន​ សុវណ្ណ ជីវប្រវត្តិ​សង្ខេប និងបុព្វហេតុ​ជាតិ​​មាតុភូមិ​​កម្ពុជា» លោក ប៉ែន សុវណ្ណ ដែល​ជា​អ្នក​និពន្ធ និង​ជាអតីត​អ្នកស្មោះស្ម័គ្រ របស់​រដ្ឋាភិបាល​ក្រុង ហាណូយ បាន​បក​អាក្រាត​ថា ផែនការ «ក៥» នេះ គឺ​ជា​ផែនការ ដែលចេញមក​ពីយួនផ្ទាល់ និង​មក​ពីអក្សរ​កាត់ «ក»​ទាំង​៥ នៃ​ពាក្យ៖ «កែន-កម្លាំង-កាប់ឆ្កាព្រៃ-ការពារព្រំដែន-កម្ពុជា»។

ផែនការនេះ ត្រូវបានលោក ប៉ែន សុវណ្ណ ដែលមានថានៈជានាយករដ្ឋមន្ត្រី នៅពេលនោះ សរសេរ​ថា លោក​បាន​បដិសេធ នៅ​ចំពោះ​លោក ឡេ ដឹកថូ មេទ័ពយួន ដោយមើលឃើញ ពីស្ថានភាពសុខភាព​ដ៏ទ្រុឌ​ទ្រោម ​របស់​ប្រជាជន​កម្ពុជា ដែល​ទើប​នឹង​ងើប​ចេញ ពីរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបាន​បញ្ជាក់​ទៀត​ថា ការ​បដិសេធ​របស់លោក ក៏​ជា​មូលហេតុ​មួយ ដែលធ្វើ​ឲ្យ «បនហាណូយ» ដក​លោក​ចេញ​ពី​តំណែង និង​ចាប់​រូប​លោក​ ទៅ​ដាក់​គុក​ងងឹត នៅ​រដ្ឋធានី​ហាណូយ នៅ​ពេល​បន្ទាប់​មក។

ប៉ុន្តែផែនការនេះ នៅតែត្រូវបានអនុវត្តន៍ ដោយក្រុមមេ​ដឹកនាំខ្មែរ ដែលត្រូវបានយួន​លើក​បន្តុប បន្ទាប់​​ពី​លោក ប៉ែន សុវណ្ណ។ មេដឹកនាំទាំងនោះ ដែលត្រូវទទួល​ខុសត្រូវ​ច្រើន​ជាង​គេ មាន​ជាអាទិិ៍ លោក ហេង សំរិន (​ពេល​​នោះ ជា​​ប្រមុខ​រដ្ឋ) លោក ហ៊ុន សែន (ពេលនោះ ជា​អគ្គលេខា​ធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​​ជា​​នាយក​រដ្ឋមន្ត្រី) និងលោក ប៊ូ ថង (ពេល​នោះ ជារដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ)​។ នេះ បើ​​តាម​​សៀវភៅ «ជញ្ជាំង​​ឬស្សី» ដែល​ស្រាវជ្រាវ​ពី​​ប្រវត្តិ​​នៃ​ផែនការ «ក៥» នេះ​ឡើង​វិញ និង​​ចងក្រង​ ដោយ​អ្នកស្រី «Esmeralda Luciolli»៕

(ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ នឹងត្រឡប់​មកធ្វើសេចក្ដី​រាយការណ៍​លំអិត ទាក់ទងនឹង​ព្រឹត្តិការណ៍ «ក៥» នេះ នៅ​ក្នុង​អត្ថបទ​​លើក​​ក្រោយ​​របស់ខ្លួន)


Loading...

អត្ថបទទាក់ទង


មតិ-យោបល់