អតីត​ប្រមុខ​រដ្ឋ​សូវៀត ព្រមាន​ពី​សង្គ្រាម​លោក​ទី៣ កំពុង​ហៀប​ផ្ទុះ

អតីតប្រមុខរដ្ឋ​ នៃអតីត​សហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបាឆូវ (Mikhaïl Gorbatchev) បាន​អំពាវនាវ ឲ្យធ្វើការ​កាត់​​បន្ថយ​​សព្វាវុធ ជា​ពិសេស​​អាវុធ​នុយក្លេអ៊ែរ ដើម្បីបញ្ឈៀសសង្គ្រាម​ដ៏ប្រល័យមួយ ដែល​លោក​គិត​ថា អាចនឹងកើត​​ឡើង​យ៉ាង​ខ្លាំងក្លា នៅពេល​អនាគត​ខាងមុខ។
អតីត​ប្រមុខ​រដ្ឋ​សូវៀត ព្រមាន​ពី​សង្គ្រាម​លោក​ទី៣ កំពុង​ហៀប​ផ្ទុះ
លោក មីខាអ៊ីល ហ្គោរបាឆូវ អតីតប្រមុខរដ្ឋ​ នៃអតីត​សហភាពសូវៀត។ (រូបថតលើទ្វីសធើរ)

លោក មីខាអ៊ីល ហ្គោរបាឆូវ (Mikhaïl Gorbatchev) អតីតប្រមុខរដ្ឋចុងក្រោយ​ នៃអតីតសហភាពសូវៀត ដែល​ធ្លាប់​ជា​​មហា​អំណាច​កុម្មុយនីស​ធំជាងគេ បានសំដែងក្ដីបារម្ភរបស់លោក នៅចំពោះសភាពការណ៍​បច្ចុបន្ន ដោយ​បាន​ថ្លែង​ឡើងថា៖ «វាកាន់​តែ​ច្បាស់​ហើយ ថាពិភពលោកយើងសព្វថ្ងៃ កំពុងត្រៀមខ្លួន ដើម្បី​ធ្វើស​ង្គ្រាម​លោក​​ជា​ថ្មី​ទៀត»។

លោក ហ្គោរបាឆូវ បាន​ថ្លែងដូច្នេះ កាលពីថ្ងៃទី២៦ ខែមករានេះ នៅលើទំព័រអត្ថបទមួយ របស់ទស្សនាវដ្ដី «Time» អាមេរិក។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ «បច្ចុប្បន្ន ពិភពលោកបានពេញប្រៀប ទៅដោយបញ្ហា (...) ហើយរាល់​អ្នក​នយោបាយ ទំនងជាលែង​មាន​​ទិសដៅ​​ពិត​ប្រាកដ និង​កំពុង​​វង្វេង​វង្វាន់»។

អតីមេដឹកនាំដ៏មានឥទ្ធិពល ដែលសព្វថ្ងៃមានអាយុ ៨៥ឆ្នាំនោះ បាន​ថ្លែងស្នើទៅ មេដឹកនាំ​នៅលើ​ពិភពលោក​ទាំង​អស់ ឲ្យធ្វើការ​ថ្កោល​ទោស «យោធានីយកម្ម នៅក្នុងការធ្វើនយោបាយ និងការប្រឡងប្រណាំង ផ្នែក​សព្វាវុធ» ដោយ​ហេតុ​ថា «ស្ថានភាព​បែបនេះ មាន​​​គ្រោះថ្នាក់​បំផុត»។ លោក​ថា បណ្ដា​រដ្ឋ​មួយ​ចំនួន បាន​បង្កើន​ការ​ចំណាយ ទៅ​លើ​វិស័យ​យោធា​របស់​ពួកគេ តែ​បែរ​ជាផ្អាប់​ទុក នូវថវិកា​​ដ៏សំខាន់ ដែលមាន​ទិសដៅ​​សម្រាប់​សង្គម​ទៅ​វិញ។

ក្នុង​ទសវត្សន៍ឆ្នាំ៨០ លោក មីខាអ៊ីល ហ្គោរបាឆូវ ធ្លាប់បានជជែកចរចា ជាមួយសហរដ្ឋអាមេរិក ជុំវិញដំណើរការ​កាត់​​បន្ថយ​​អាវុធ​នុយក្លេអ៊ែរ របស់​ពិភពលោក។ លោកបានបារម្ភ នៅក្នុងអត្ថបទរបស់ទស្សនាវដ្ដី ដោយ​ខ្លាច​ក្រែង​ស្ថានភាព​នៅ​ពេលនោះ អាចនឹង​វិល​​ត្រឡប់​មកវិញ។ លោក​បាន​ថ្លែង​ថា៖ «នៅថ្ងៃនេះ ការ​គម្រាម​ដោយ​អាវុធ​នុយក្លេអ៊ែរ ទំនង​ជា​កំពុង​ពន្លេច​ខ្លួន​​ឡើង​សារ​ជា​ថ្មី»។

លោក ហ្គោរបាឆូវ បានពញ៉ាក់អារម្មណ៍ ពីទំនាក់ទំនងរបស់ក្រុមប្រទេសមហាអំណាច ដែលមានសភាព​កាន់​តែ​អាក្រក់ តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​មក។ លោកបានទាមទារឲ្យ​ក្រុម​ប្រទេសទាំងនោះ ត្រូវបញ្ចប់ស្ថានភាព​បែប​នេះ កុំ​ឲ្យ​មាន​តទៅ​ទៀត ខណៈ​សង្គ្រាម​ប្រឆាំង​នឹង​ភេរវកម្ម មាន​ភាព​ចាំបាច់​ណាស់ និងមិនមែន​​គ្រាន់​តែ​​ជា «កិច្ចការ​ល្មមៗ» នោះ​ទេ។ អតីតមេដឹកនាំរូបនេះ បានថ្លែងឡើង ដោយ​សម្លឹង​​មើល​​វែង​ឆ្ងាយ​ថា៖ «គោល​បំណង​ដ៏​សំខាន់ និង​ជា​ថ្មី​ម្ដង​ទៀត គឺត្រូវ​បញ្ជៀស​សង្គ្រាម»៕

អតីតមេដឹកនាំ នៃអតីតសហភាពសូវៀតរូបនេះ បានពន្យល់ថា៖ «នឹងគ្មានបញ្ហាណាមួយ ត្រូវបានដោះ​ស្រាយ​ចេញ ដោយប្រើ​មធ្យោបាយ នៃការធ្វើសង្គ្រាមនោះឡើយ»។ បញ្ហាទាំងនោះ ដែលរួមមាន «ភាពក្រីក្រ បរិស្ថាន ជន​អន្តោប្រវេសន៍ កំណើនប្រជាជន​នៅ​លើ​ផែនដី និង​ភាព​រីងរៃ​នៃ​ធនធានធម្មជាតិ» សុទ្ធសឹងជារឿង​ចំពោះ​មុខ ដែល​អតីត​ប្រមុខ​រដ្ឋវ័យដ៏ចំណាស់ ចង់លើកឡើង បញ្ជាក់​ទៅ​កាន់​​មេដឹកនាំ​​ពិភពលោក មាន​ទាំង​​ប្រធានាធិបតី​រ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង​ជា​ពិសេស​អង្គការ​សហប្រជាជាតិ។

លោកថា៖ «វាល្មមដល់ពេល ដែលត្រូវធ្វើប្រតិកម្មហើយ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់