កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

ប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានអាត្រា នៃការបាត់បង់ព្រៃឈើ យ៉ាងលឿន​បំផុត នៅ​​លើ​ពិភពលោក។ បើទោះជាស្ថិត ក្នុងតំបន់ព្រៃអភិរក្សក៏ដោយ ប៉ុន្តែនៅក្នុងទសវត្សន៍​ចុង​ក្រោយ​នេះ មួយ​ភាគ​ធំ នៃ​ព្រៃឈើ​នៅ​កម្ពុជា ត្រូវ​បាន​កាប់​រំលំ ដើម្បី​ដាំដំណាំកៅស៊ូ និងដើម្បីយកធ្វើ ជាឈើ​ប្រើ​ប្រាស់។ នេះ ជា​ការ​លើក​ឡើង នៅក្នុង​របាយការណ៍​ខ្លី​មួយ អម​ដោយ​រូបភាព របស់​កម្មវិធី​ឃ្លាំ​មើល​ពិភពលោក (The Earth Observatory) របស់​អង្គការ​ណាសា (Nasa) ដែល​ជា​ស្ថាប័ន​វិទ្យាសាស្ត្រ​មួយ របស់​រដ្ឋាភិបាល​អាមេរិក។
កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»
រូបភាពមានចលនា ស្ដីពីការវិវត្តន៍ នៃការបាត់បង់ព្រៃឈើ នៅកម្ពុជា ដាក់ជូនដោយគម្រោង «Global Forest Watch» របស់វិទ្យាស្ថាន «World Resources»។

រូបថតប៉ុន្មានសន្លឹក ដ៏រន្ធត់ និងព្រឺព្រួច នៅនឹងកន្លែងតែមួយ តែខុសឆ្នាំគ្នា ត្រូវបានបង្ហោះ នៅ​លើ​គេហទំព័រ​ផ្លូវការ នៃ​គម្រោងឃ្លាំមើលពិភពលោក (The Earth Observatory) របស់អង្គការណាសា (Nasa) ដែល​ជា​ស្ថាប័ន​វិទ្យាសាស្ត្រ​មួយ របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃម្សិលម៉ិញ។ ក្នុងចំណោមនោះ មានរូបថតពីរ​សន្លឹក ដែល​គេអាចស្គាល់បាន ថាជាការចាប់រូបភាព ពីប្រព័ន្ធផ្កាយរណប របស់អង្គការវិទ្យាសាស្ត្រមួយនេះ ពីលើខេត្តកម្ពុជា ចំនួន៥ គឺខេត្ត​កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាពិសេសបានបង្ហាញ ពីតំបន់ព្រៃឈើ មួយផ្នែកធំ នៅក្នុងខេត្តកំពង់ធំ ជាប់​នឹងខេត្តកំពង់ចាម។

រូបថតពីរសន្លឹក បានដាក់ទន្ទឹមគ្នា (មួយសន្លឹក ថតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ និងមួយសន្លឹកទៀត ថត​នៅ​ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៥) ដើម្បីធ្វើការ​ប្រៀបធៀប និងធ្វើឲ្យអ្នកទស្សនា កើតក្ដីរញ្ជួលចិត្ត ត្បិតក្នុង​រយៈ​ពេល​១៥ឆ្នាំ ព្រៃឈើនៅក្នុងតំបន់ទាំងនោះ បានរលាយបាត់រូបរាង ពីទិដ្ឋភាពដើម​សឹង​តែ​ទាំងស្រុង។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមលើក​យករូបថតទាំងពីរ មកដាក់បង្ហាញជូន ដូចខាងក្រោម៖

» រូបភាព ថតក្នុងឆ្នាំ២០០០៖

» រូបភាព ថតក្នុងឆ្នាំ២០១៥៖

របាយការណ៍ ដែលបានដាក់អមមកជាមួយនឹងរូបថតទាំងនេះ បានស្រង់ការសិក្សាស្រាវជ្រាវ ពីសំណាក់​ក្រុម​អ្នកវិទ្យាសាស្ត្រ មកពីសកលវិទ្យាល័យ «Maryland» (ស្ថិតនៅភាគខាងកើត សហរដ្ឋអាមេរិក) និង​ពី​គម្រោង «Global Forest Watch» របស់​វិទ្យាស្ថាន «World Resources» ដែលជំនាញ​ខាង​អាត្រា​ឃ្លាំ​មើល នៃ​ការ​វិវត្តន៍​របស់​ព្រៃឈើ នៅលើពិភពលោក មកបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងប្រឈម នឹង​ការ​វិនាស​ហិន​ហោច នៃ​ព្រៃឈើ​របស់​ខ្លួន​ហើយ។

របាយការណ៍​បានសរសេរថា រវាងពីឆ្នាំ២០០១ មកទល់នឹងឆ្នាំ២០១៤ អាត្រាប្រចាំឆ្នាំ នៃការបាត់បង់ព្រៃ មាន​កម្រិត ១៤,៤% ឬនិយាយម្យ៉ាងទៀត គឺប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើរបស់ខ្លួន នៅលើផ្ទៃក្រឡាដី​ប្រចាំ​ឆ្នាំ ប្រមាណ​​ជា ១,៤៤ លានហិចតា (៥ ៥៦០ ម៉ៃយ៍ការ៉េ)។ ការបាត់បង់ហិនហោច ព្រៃឈើខាងលើនេះ មាន​កម្រិត​ខ្ពស់ជាងគេបំផុត ប្រើប្រៀបធៀប ការ​បាត់​បង់​​ព្រៃឈើ នៅក្នុងប្រទេស សៀរ៉ាឡេអូន ដែល​មាន​ត្រឹម​តែ ១២,៦% ប្រទេសម៉ាដាហ្គាស្កា ដែល​មាន​ត្រឹម​តែ ៨,៣% ប្រទេសអ៊ុយរ៉ូហ្គាយ ដែលមាន​ត្រឹមតែ ៨,១% និង​ប្រទេស​ប៉ារ៉ាហ្គាយ ដែលមាន​ត្រឹមតែ ៧,៧%។

កម្មវិធីឃ្លាំមើល​ពិភពលោក របស់អង្គការណាសា បានពន្យល់នៅលើរូបថតទីពីរ (ខាងលើ) ថា ក្រឡាៗ​ជា​ច្រើន ដែល​បង្ហាញនៅលើរូបថតនេះ ជាផ្លូវថ្នល់ និងជា​គម្រោង ដំណាំកៅស៊ូដ៏ធំសម្បើម ដែលគេរំពឹងថា ព្រៃឈើ​ដែល​នៅ​សេស​សល់ នៅក្នុងតំបន់នេះ នឹងត្រូវកាប់រំលំ ជាបន្ថែមទៀត។

ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា មូលហេតុចំបង បណ្ដាលឲ្យមានការកាប់កំទេចព្រៃឈើ យ៉ាង​ឆាប់​រហ័ស​ដូច្នេះ ដោយសារការកើនឡើង នៃសម្បទានដី ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការឡើងថ្លៃ នៃ​ផលិត​ផល​កៅស៊ូ នៅក្នុងពិភពលោក។ ការធ្វើសម្បទានដី ត្រូវបានផ្ដល់ជូន ទៅឲ្យក្រុមអ្នកវិនិយោគជាតិ និងបរទេស ដើម្បី​ដំណាំ​កសិផល ផលិតផលឈើ និងការប្រើប្រាស់ដទៃទៀត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់