ឥណ្ឌា​ផ្ដើម​សាង​សង់​រូប​ចម្លាក់ ដែល​ខ្ពស់​ជាង​គេ​លើ​លោក

រូបចម្លាក់មួយ ស្ដីពីព្រះមហាក្សត្រម្នាក់ របស់ប្រទេសឥណ្ឌា នៅក្នុង​សតវត្សន៍​ទី១៧ ត្រូវបានប្រកាស បើក​ការដ្ឋាន​សាងសង់ កាល​ពីថ្ងៃ​សៅរ៍​​កន្លង​មក​នេះ។ រូបចម្លាក់នោះ មានកំពស់ដល់ទៅ ជិត២០០ម៉ែត្រ ខ្ពស់​ជាង​គេ នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​ចំណាយ​ប្រាក់ ដល់ទៅជាង៥០០លាន​ដុល្លារ។
ឥណ្ឌា​ផ្ដើម​សាង​សង់​រូប​ចម្លាក់ ដែល​ខ្ពស់​ជាង​គេ​លើ​លោក
រូបថតផ្តិតពីវីដេអូ បង្ហាញពីរូបចម្លាក់ របស់ព្រះមហាក្សត្រ «Chhatrapati Shivaji» ទ្រង់គង់នៅលើខ្នងសេះ ចេញ​ធ្វើ​សង្គ្រាម។

មេដឹកនាំឥណ្ឌា ដែលត្រូវបានចាត់ទុក ថាជាមនុស្សដ៏អស្ចារ្យនោះ មិនមែនមានតែ មហាត្មះ គន្ធី ទេ។ តែរដ្ឋ​បុរស​ឥណ្ឌា​​ដ៏អស្ចារ្យ (ជាងគេ) មួយរូបទៀតនោះ គឺជាព្រះមហាក្សត្រមួយអង្គ ព្រះនាម «Chhatrapati Shivaji» ដែល​បាន​ប្រែ​ក្លាយ​ប្រទេសឥណ្ឌា ឲ្យទៅជាចក្រភពដ៏ធំមួយ នៅក្នុងសតវត្សន៍ទី១៧។ នេះ បើ​តាម​សំដី របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលបានថ្លែងឡើង នៅក្នុងពិធី​សម្ពោធ​បើក​ការដ្ឋាន សាងសងរូបចម្លាក់ របស់ព្រះរាជាអង្គនេះ កាលពីថ្ងៃសៅរ៍កន្លងមក នៅលើកោះមួយ ស្ថិត​នៅ​ក្នុង​ឆក​សមុទ្រ​​ភាគ​ខាង​លិច នៃក្រុង ប៊ុមបៃ។

រូបចម្លាក់នេះ នឹងមានកំពស់ដល់ទៅ ១៩២ម៉ែត្រ ខ្ពស់ជាងរូបចម្លាក់ «សេរីភាព» នៅក្រុង ញ៉ូយក (សហរដ្ឋ​អាមេរិក) ពីរដង - ខ្ពស់ជាងរូបចម្លាក់ ព្រះយេស៊ូគ្រឹស្ទ៍ នៅក្រុង រីយ៉ូ (ប្រទសប្រេស៊ីល) ៥ដង និងធំជាង​រូប​ចម្លាក់​យក្ស​​របស់ព្រះពុទ្ធ នៅក្នុងវត្តរដូវផ្ការីក (ប្រទេសចិន) ដែលមានកំពស់ត្រឹមតែ ១២៨ម៉ែត្រ​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋមន្ត្រី ម៉ូឌី បានថ្លែងថា៖ «បុគ្គលលក្ខណៈ និងគុណសម្បត្តិ៍ របស់ព្រះអង្គ (Chhatrapati Shivaji) បាន​ផ្ដល់​ជាគំរូ ឲ្យយើងច្រើនណាស់»។

ការសាងសង់រូបចម្លាក់នេះ មិនមែនជាការពេញចិត្ត សម្រាប់បណ្ដាជនឥណ្ឌា ទូទៅនោះទេ ដោយហេតុថា ដើម្បី​សង់រូបចម្លាក់ របស់ព្រះបាទ «Chhatrapati Shivaji» មួយអង្គនេះ រដ្ឋ«Maharashtra» ដែលស្ថិត​នៅភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា ត្រូវចំណាយទឹកប្រាក់ ដល់ទៅ៥៣០លានដុល្លារ (៣៦កោដរ៉ូពី - រូបិយប័ណ្ណក្នុង​ស្រុក)។ ក្រុម​អ្នក​រិះគន់ បាននិយាយថា ទឹកប្រាក់នេះគួរត្រូវបង្វែ យកទៅធ្វើផ្លូវថ្នល់ ស្ពាន សាលារៀន ឬការ​អភិវឌ្ឍន៍​អ្វី​ផ្សេង ប្រសើរជាង។

មកដល់ថ្ងៃនេះ បណ្ដាជនប្រមាណជា ៣៨០០០នាក់ បានចូលរួមគាំទ្រញត្តិមួយ ដែលធ្វើនៅលើគេហទំព័រ «Change.org» ស្នើសុំទៅរដ្ឋាភិបាលឥណ្ឌា ឲ្យបោះបង់ចោល នូវគម្រោងសាងសង់​រូបចម្លាក់​ខាងលើ ដែល​នឹង​​ត្រូវ​​សង់​រួច​រាល់ នៅឆ្នាំ២០១៩ខាងមុខ។

ប៉ុន្តែគម្រោងរូបចម្លាក់មួយនេះ មិនមែនជា​គម្រោង​លើកដំបូង របស់រដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោក ណារិនដ្រា ម៉ូឌី នោះទេ។ កាលពីឆ្នាំ២០១៤ រូបចម្លាក់មួយ នៃ​បីតា​ឯករាជ្យជាតិឥណ្ឌា លោក «Sardar Vallabbhai Patel» ដែលមានកំពស់ ដល់ទៅ១៨២ម៉ែត្រ ក៏ត្រូវបានលោក ម៉ូឌី អញ្ជើញ​ទៅ​បើក​ការដ្ឋាន​ដែរ។ រូប​ចម្លាក់​នេះ ស្ថិតនៅក្នុងរដ្ឋ «Gujarat (ភាគខាងលិចឥណ្ឌា និងខាងជើង​ជាប់​រដ្ឋ​ ​Maharashtra)» ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់ ប្រមាណ​ជា ៣៧០លានដុល្លារ៕

» ទិដ្ឋភាព​នៃរូបចម្លាក់​ខ្ពស់ជាងគេ ក្នុងពិភពលោក បង្ហាញជូនជាលក្ខណៈ "3D"៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់