នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ ស្រាត​ខោ​ខ្សែ​ការពារ​គូ​ប្រកួត...

ជាឈុតឆាក ចាប់ស្រាតខោកីឡាករ ពីសំណាក់កីឡាករដូចគ្នា នៅក្នុងនាទីចុងក្រោយ នៃការប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន រវាងក្រុម ក្រិច និងក្រុមបូស្នៀ ក្នុងវគ្គជំរុះ​សម្រាប់ឡើងទៅប្រកួត នៅក្នុងការប្រកួត​ពិភពលោក ឆ្នាំ​២០១៨។
នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ ស្រាត​ខោ​ខ្សែ​ការពារ​គូ​ប្រកួត...
បើលេងច្រាន កីឡាករ «Edin Dzeko» ក៏អាចលេងចាប់ស្រាតខោ តបទៅវិញដែរ។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៤ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 23, 2016
  • ប្រធានបទ: ពិភពលោក ២០១៨
  • អាន និងបញ្ចេញយោបល់

បើទោះជាក្រុមជម្រើសជាតិ បូស្នៀ បានរកបានគ្រាប់បាល់ មួយគ្រាប់នាំមុខរួចហើយក៏ដោយ តែកីឡាករ​របស់​ក្រុមនេះ បែរជាទប់អារម្មណ៍របស់ខ្លួន មិនបានទៅវិញ ជាពិសេសភាពតានតឹង បានកើនឡើង​ដ៏​កំពូល នៅ​ក្នុង​រយៈពេល​១៥នាទី​ចុងក្រោយ។ ទំនងជាក្ដៅក្រហាយ ព្រោះត្រូវកីឡាករក្រិច ឈ្មោះ «Sokratis Papastathopoulos» ទាញឲ្យដួល ហើយត្រូវអាជ្ញា​កណ្ដាល​ឲ្យខ្លួន​ខុស​ទៀតនោះ កីឡាករប្រធាន​ក្រុម​បូស្នៀ ឈ្មោះ«Edin Dzeko»  បានប្រើការសងសឹងមួយដ៏ចម្លែក៖ នោះគឺការ​ចាប់​សម្រាត​ខោ របស់​កីឡាករ​គូ​ប្រជែង​របស់​ខ្លួន ឲ្យខាង​តែបាន រហូតធ្លាក់ដល់ជង្គង់ បង្ហាញ «ខោទ្រនាប់» នៅកណ្ដាលទីលានប្រកួត។

បន្ថែមពីលើនេះ កីឡាករ «Edin Dzeko» ដែលទាត់ឲ្យក្រុមអាជីព «AS Roma» របស់ប្រទេសអ៊ីតាលី បាន​ងើប​ឡើង ហើយបានច្រានខ្សែការពារក្រិច កីឡាករ «Sokratis Papastathopoulos» ឲ្យដួល​ទៅ​លើ​ដី​ម្ដង​វិញ។ សកម្មភាពទាំងនោះ បានកើតឡើងយ៉ាងហួសចិត្ត នៅពីមុខអាជ្ញាកណ្ដាល ដែលនៅក្បែរនេះ និង​កំពុង​​ឃាត់​​ពួកគេ។

ជាលទ្ធផល កីឡាករ«Edin Dzeko» ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបូស្នៀ ត្រូវបានអាជ្ញា​កណ្ដាល​ដក​កាត​លឿង​ព្រមាន តែនេះ​ជាការព្រមាន​លើកទីពីរ ដែលស្មើនឹងកាតក្រហម បណ្ដេញចេញពីការប្រកួត។

ព្រឹត្តិការណ៍​ប៉ះទង្គិចគ្នាខាងលើ បានបណ្ដាលឲ្យក្រុមទាំងសងខាង ចូល​មកជជែក​យកខុសត្រូវ និងបាន​ប្រើ​ដៃ​ ប្រើកម្លាំង​ប៉ះគ្នា​ខ្លះថែមទៀត។ នេះ ជាករណី​របស់កីឡាករក្រិច ឈ្មោះ «Kyriakos Papadopoulos» ម្នាក់​ទៀត ដែលត្រូវ​​អាជ្ញាកណ្ដាល​​គិតថា ជាអ្នក«ធ្វើឯងចេះ» និងបង្ករឿងឲ្យកាន់តែធំ ហើយក៏ត្រូវ​បណ្ដេញ​ចេញ ពី​ការ​ប្រកួត​ដែរ។

អ្នកតាមដានបាល់ទាត់ បានគិតថា ទង្វើចាប់ស្រាតខោគូប្រកួត ពីសំណាក់កីឡាករ «Edin Dzeko» មាន​បំណង​​ចង់​ចំណេញពេល ដោយហេតុថា ក្រុមបូស្នៀបានឈ្នះមួយគ្រាប់ ខណៈការប្រកួតឈាន ជិតដល់​ទីបញ្ចប់​ហើយ។ ប៉ុន្តែគំនិតដ៏«ខូចខិល»នេះ មិនបានផ្ដល់ប្រយោជន៍ឲ្យក្រុមបូស្នៀទេ ព្រោះ ក្រុមជម្រើស​ជាតិ​ក្រិច បានរកគ្រាប់បាល់បានមួយវិញ «មួយទល់នឹងមួយ» នៅក្នុងម៉ោងបន្ថែម។ ការប្រកួតស្មើនេះ បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​សងខាង ទទួលបាន​មួយ​ពិន្ទុដូចគ្នា តែក្រុមក្រិច​នៅតែគ្រាន់បើដដែល ដោយសារក្រុមនេះ មាន​ចំណាត់​​ថ្នាក់​​នាំមុខ លើក្រុមបូស្នៀ ក្នុងពូល «H» ជាមុនហើយ៕

» ទិដ្ឋភាព នៃការចាប់ស្រាតខោ នៅក្នុងការប្រកួតរវាងក្រុមបូស្នៀ និងក្រុមក្រិច៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់