វីដេអូ​បង្ហាញ​ពី «Galaxy Note 7» ​ផ្ទុះ​ឆេះ​ក្នុង​ភោជនីយដ្ឋាន

វីដេអូឃ្លីបថ្មីមួយ ត្រូវបានបង្ហោះ នៅលើបណ្ដាញ​ចែករំលែកវីដេអូ យូធូប (Youtube) បង្ហាញពីការផ្ទុះ ឆេះ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដែលគេអាចស្គាល់ថា ជាទូរស័ព្ទ «Galaxy Note 7»។ វីដេអូនេះ បង្កការខាតបង់​មិន​តិច​ទេ សម្រាប់​សហគ្រាស ស៊ាំស៊ុង (Samsung) ដែល​ជា​សហគ្រាស​ធំ​ជាង​គេ​ក្នុងលោក ផ្នែកទូរស័ព្ទដៃ។
អ្នកបម្រើការក្នុងភោជនីយដ្ឋាន បានពាក់ស្រោមដៃ ទៅរើសទូរស័ព្ទដៃ ដែលកំពុងផ្ទុះឆេះ យកចេញទៅ។

នៅចំពោះហេតុការណ៍ដ៏​អាក្រក់​នេះ ក្រុមហ៊ុន​យក្សខាង​បច្ចេកវិទ្យា ឈ្មោះ «ស៊ាំស៊ុង (Samsung)» របស់​ប្រទេស​កូរ៉េខាងត្បូង បានបង្ខំចិត្តប្រាប់ដៃគូ (អ្នកលក់) របស់ខ្លួន ឲ្យឈប់លក់ និងប្រាប់​ទៅអ្នក​ប្រើប្រាស់ ឲ្យ​ឈប់​​ប្រើ​ប្រាស់​​តទៅទៀត នូវទូរស័ព្ទប្រភេទ ផាប្លេត (phablette) ដ៏ទំនើបរបស់ខ្លួន គឺ «Galaxy Note 7»។

រឿងរ៉ាវបង្កាការខាត់បង់មួយនេះ បានកម្រើកមកវិញខ្លាំងក្លា បន្ទាប់ពីវីដេអូមួយ ត្រូវបានយកមកបង្ហោះ នៅ​លើ​បណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) កាលពីថ្ងៃទី៨ ខែតុលានេះ។ ក្នុងវីដេអូដ៏ខ្លី ដែលមាន​​មនុស្ស​ចូល​ទៅ​មើល ជាង១លានដងនោះ គេឃើញយុវតីអ្នកបម្រើការម្នាក់ នៅក្នុងភោជនីយដ្ឋាន «Burger King» នៃ​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង ដែលមានពាក់​ស្រោមដៃ បានដើរចូលទៅរើស យកទៅបោះចោល នូវទូរស័ព្ទ​មួយ​គ្រឿង ដែល​កំពុងផ្ទុះឆេះ ចេញផ្សែងទ្រលោម នៅលើតុអាហារ។

ទូរស័ព្ទដែលផ្ទុះឆេះនោះ គឺទូរស័ព្ទទើបនឹងចេញលក់ថ្មី របស់ក្រុមហ៊ុន ស៊ាមស៊ុង មានឈ្មោះ «Galaxy Note 7»។ ប្រភេទទូរស័ព្ទ ដែលរងការផ្ទុះឆេះ ក្នុងភោជនីយដ្ឋានខាងលើ ក៏ជាការអះអាង របស់អ្នកនាំពាក្យ របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយនេះដែរ។

វីដេអូបង្ខំឲ្យមានប្រតិកម្ម...

ក្រុមហ៊ុន ស៊ាមស៊ុង បានប្រកាសនៅថ្ងៃអង្គារនេះ ស្នើសុំឲ្យអ្នក​ប្រើប្រាស់ទូរស័ព្ទ «Galaxy Note 7» ទាំងអស់ ឲ្យបិទទូរស័ព្ទប្រភេទនេះ និងឈប់ប្រើប្រាស់ សម្រាប់រយៈពេលមួយ ដែល​ក្រុមហ៊ុន​ប្រកាសថា នឹង​ធ្វើការ​ស៊ើប​អង្កេត ទៅលើការផ្ទុះឆេះនេះ ដែលទំនងជាបណ្ដាល មកពី​ថ្ម​របស់​ទូរស័ព្ទ។ នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ សហគ្រាស​យក្ស​ខាង​បច្ចេកវិទ្យា ក៏បានប្រាប់​ទៅ​ដៃគូ ជា​អ្នក​លក់​របស់ខ្លួន ឲ្យឈប់​​ចែកចាយ​ទូរស័ព្ទ​ប្រភេទនេះ ហើយអាច​ធ្វើការ​ផ្លាស់ប្ដូរ ជាមួយ​ទូរស័ព្ទ​ប្រភេទ​ថ្មី​មួយ ដែលមិនមែនជា «Galaxy Note 7» ជូនទៅអតិថិជន។

ភ្លាមៗ ក្រោយការចេញ​ផ្សាយព័ត៌មាន ជាផ្លូវការខាងលើនេះ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់​ចុះ​យ៉ាង​គំហុក ប្រមាណជា ៧,៦% ដែលស្មើនឹងទឹកប្រាក់ ប្រមាណជា ១៥កោដដុល្លារអាមេរិក។ ការខាតបង់​នេះ នៅ​មិន​ទាន់​ចប់​នៅឡើយទេ ដោយសារ​ហេតុការណ៍​ដ៏អាក្រក់នេះ កំពុងត្រូវ​បាន​តាមដាន យ៉ាង​​យក​​ចិត្ត​ទុកដាក់ ពី​សំណាក់​អ្នកប្រើប្រាស់ នៅជុំវិញ​ពិភពលោក ជាពិសេស​អ្នកប្រើប្រាស់ ផលិតផល​ផ្សេង​ទៀត របស់​ក្រុមហ៊ុន។

ដោយឡែក សម្រាប់ម្ចាស់ភោជនីយដ្ឋាន «Burger King» ខាងលើ បានប្រកាសតាមគេហទំព័រ «Wikitree» ថា​ខ្លួនបានទាមទារ​ឲ្យមានសំណង ពីក្រុមហ៊ុន ស៊ាមស៊ុង ទាក់ទងនឹង​តុអាហារ​របស់ខ្លួន ដែល​រង​ការ​ខូច​ខាត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់