អ្នក​បម្រី​លើ​យន្ដហោះ​ដ៏​សិចស៊ី ចុះ​មក​ធ្វើការ​ក្នុង​រថភ្លើង​នៅ​ប៉ារីស

មានបញ្ហាអ្វីឬ បានជាស្ត្រីបម្រើការ​ នៅលើយន្ដហោះ ដ៏ស៊ិចស៊ីទាំងនេះ ចុះមកធ្វើការ​នៅក្នុង​បណ្ដា​ទូ​រថភ្លើង​នានា នៅប៉ារីស? តាម​ពិត​ទៅ ជា​យុទ្ធនាការ​មួយ របស់សហគ្រាស​ដឹកជញ្ជូន​ស្វ័យយ័ត នៃ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង ក្នុងការ​ពញ៉ាក់​អារម្មណ៍ របស់​អ្នក​ដំណើរ​ទាំង​អស់ ឲ្យប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់ ដែល​អាច​កើត​មាន​ឡើង។
យុទ្ធនាការ ដឹើម្បីបង្កគ្រោះថ្នាក់ សម្រាប់អ្នកធ្វើដំណើរតាមរថភ្លើងក្រោមដី ក្នុងរដ្ឋធានីប៉ារីសប្រទេសបារាំង។
  • ដោយ: ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០២ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: October 03, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អាន និងបញ្ចេញយោបល់

នៅពេលអ្នកជ្រើសរើស ការធ្វើដំណើរតាមរថភ្លើង ជាពិសេសក្នុងរថភ្លើងក្រោមដី នៃរដ្ឋធានីប៉ារីស អ្នក​គប្បី​ប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់​ដែលអាចកើតមានគ្រប់ពេល ប្រសិនជាអ្នកភ្លេចខ្លួន ឬធ្វើសកម្មភាពអ្វីមួយ ជ្រុល​ហួស​ហេតុ។ នេះជាសារមួយ នៅក្នុងយុទ្ធការផ្សព្វផ្សាយ របស់សហគ្រាស​ដឹកជញ្ជូន​សាធារណៈ​ស្វ័យយ័ត នៃ​រដ្ឋធានី​ប៉ារីស (ប្រទេសបារាំង) ដែលហៅកាត់ជាភាសាបារាំង «RATP» កាលពីចុងខែសីហា កន្លងមក។

ដើម្បីពញ៉ាក់អារម្មណ៍ ទៅដល់អ្នកដំណើរទាំងអស់ ដែលបានប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ របស់​ខ្លួន​នោះ សហគ្រាសរដ្ឋមួយនេះ បានបង្កើតឈុតឆាក ដ៏ពិសេសមួយ នៅចំថ្ងៃ​ដែលមាន​អាកាសធាតុ ដ៏ល្អ​បំផុត​ប្រចាំ​រដូវ​កាល។ យុវតីស្អាតៗក្មេងៗ ចំនួនជាង១០នាក់ និងយុវជនពីរនាក់ បានស្លៀកពាក់​លាបម្សៅ ជាអ្នក​​បម្រើ​ការ​​នៅ​លើ​យន្ដហោះ ហើយបានធ្វើយុទ្ធនាការនោះ ដោយដើរចែកខិតប័ណ្ណ និងដើរធ្វើ​កាយ​វិការ​​ពន្យល់ ទៅ​ដល់​បណ្ដា​អ្នកធ្វើដំណើរ នៅក្នុងទូរថភ្លើង នៅតាមខ្សែរថភ្លើង​​ក្រោមដីមួយចំនួន។

ប៉ុន្តែបញ្ហានៅបន្ទាប់​ពី​យុទ្ធនាការនោះ ក៏បានកើតឡើងដែរ។ នោះ គឺសម្លៀកបំពាក់របស់យុវតីស្អាតៗ និង​កាយវិការរបស់ពួកគេ បានរងការរិះគន់ថា មានលក្ខណៈសំញ៉ែង ឲ្យស្រើបស្រាលជ្រុលហួសហេតុ។

ក្រុម​អ្នក​ប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងប្រតិកម្ម តបនឹងយុទ្ធនាការនេះ ថាដដែលៗ មិនមានអ្វីថ្មី ក្រៅ​ពី​ការ​ស្លៀក​ពាក់ ញាត់កំណាត់ នៅត្រង់ដើមទ្រូងរបស់យុវតី ដើម្បីឲ្យឃើញរីកធំ។ ហើយខ្លះទៀត បាន​រិះគន់​រូបភាព នៃការយកយុវតីទាំងនេះ មកធ្វើដូច្នេះ មិនបានលើកតម្លៃ នៃការពញ៉ាក់អារម្មណ៍ របស់​អ្នក​ដំណើរ​ទេ តែ​បែរ​ជា​ធ្វើ​ដូចជា ឈុតឆាកកំប្លែង ដែលគ្រាន់តែ​ធ្វើឲ្យអស់សំណើច​ប៉ុណ្ណោះ។

តើការរិះគន់ខាងលើនេះ មានលក្ខណៈពិតឬទេ? វីដេអូខាងក្រោមនេះ នឹងបញ្ជាក់ជូន៖

តបនឹងការរិះគន់នោះ សហគ្រាសរដ្ឋស្វ័យយ័ត «RATP» ខាងដឹកជញ្ជូនសាធារណៈ នៃរដ្ឋធានីប៉ារីស បាន​ចេញមុខ មក​សំដែង​ការសោកស្ដាយ ដែលរូបភាព និងការសំដែងកាយវិការ របស់យុវតីស្អាតៗក្មេង រង​ការ​រិះគន់​ថា មាន​លក្ខណៈស្រើបស្រាល ហើយថាការស្លៀកពាក់ ជាអ្នកបម្រើការនៅលើយន្ដហោះនេះ​ គ្រាន់​តែ​ចង់​​ឲ្យ​​អ្នក​​ដំណើរ​ភ្ញាក់​ផ្អើល និងចាប់អារម្មណ៍ប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់