ផែង វណ្ណៈ ថា​ប្រតិកម្ម​របស់ ផៃ ស៊ីផាន ជា​ការ​«លាប​ពណ៌​»

ការលើកឡើង របស់លោក ផៃង វណ្ណៈ ទាក់ទងនឹង​កញ្ចក់​រថយន្ដ​បិទ​ផ្លាស្ទីក​ពណ៌ខ្មៅ ត្រូវបានលោក ផៃ ស៊ីផាន ចាត់ទុកថា ជាការប្រមាថ និងជាការវាយប្រហារ ទៅលើស្ថាប័ន​ទីស្ដីការគណៈរដ្ឋមន្ត្រី។ តបត្រឡប់ទៅវិញ លោក ផែង វណ្ណៈ បានហៅការបកស្រាយ របស់លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី ថាមានលក្ខណៈ ​ជាការលាបពណ៌ ពីសំណាក់​លោកធំ​នៅកម្ពុជា ទៅលើរូបលោក។
ផែង វណ្ណៈ ថា​ប្រតិកម្ម​របស់ ផៃ ស៊ីផាន ជា​ការ​«លាប​ពណ៌​»
ពីឆ្វេងទៅស្ដាំ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ។ (រូបថតលើហ្វេសប៊ុក)

សង្គ្រាមពាក្យសំដីលើកនេះ មិនមែន រវាងមន្ត្រី និងមន្ត្រី នៅក្នុងក្រសួងមហាផ្ទៃតែមួយទេ តែកំពុងបែកធ្លាយ ចេញពីក្រសួងមហាផ្ទៃ រាលដាលទៅដល់ ទីស្ដីការគណៈរដ្ឋមន្ត្រី​ម្ដង​វិញ។ នោះ គឺដោយសារការលើកឡើង របស់លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ ដែលស្និតគណបក្សកាន់អំណាច ទាក់ទងនឹងរថយន្ដរាប់សិបគ្រឿង ចតនៅលើកទីធ្លាចំណត មុខអាគារទីស្តីការគណៈរដ្ឋមន្ត្រី ដែលភាគច្រើន ជារថយន្ដបិទកញ្ចក់ខ្មៅ។

ការលើកឡើងនេះ ជាការឆ្លើយឆ្លង ជាមួយនឹងមន្ត្រីចរាចរណ៍ផ្លូវគោករាជធានី ដែលលោក ផែង វណ្ណៈ បានបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក។ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរនៅពេលនោះ ភ្ជាប់ចំណាត់ការ «ចាប់ឡានបិទកញ្ចក់ខ្មៅ» ទៅនឹង«រថយន្ដទំនើបៗ ដែលចតតរៀបជួរគ្នា»​ នៅក្នុងចំណត មុខអាគារទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានរូបថត បង្ហោះមកជាមួយ ដូច្នេះថា៖ «រថយន្តទំនើបៗ ដែលចតតំរៀបជួរគ្នា នៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺ​ ៩០%​ បិតកញ្ចក់ខ្មៅទាំងអស់​ ដូច្នេះបើចង់ចាប់​ សូមអញ្ជើញឲ្យលឿនផង​ ខ្ញុំនឹងផ្សាយសរសើរ សកម្មភាពចាប់បកផ្លាស្ទឹក​កញ្ចក់ខ្មៅ លើរថយន្តនេះជូន រយៈពេល​ ៣ខែ​»។

ចេតនា ឬអចេតនាក៏ដោយ ក៏សំណេរខាងលើនេះ ត្រូវតែប៉ះពាល់ ដល់ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយចាំបាច់ ត្រូវមានការពន្យល់មួយ ត្រឡប់មកវិញ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ស្ថាប័ននេះ បានចេញលិខិតចំហររបស់លោក កាលពីថ្ងៃទី៣១ ខែកក្កដា ហៅការភ្ជាប់រឿងរ៉ាវ របស់លោក ផែង វណ្ណៈ ថាមិនត្រឹមតែ ជាការវាយប្រហារ ដោយផ្ទាល់ ទៅលើមន្ត្រីបំពេញការងារ នៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្រមាថ និងវាយប្រហារ ទៅលើស្ថាប័នរដ្ឋ មួយ​ទាំងមូលតែម្ដង។

លោក ផៃ ស៊ីផាន បានបង្ហាញ«ការសោកស្តាយ» និង«ការហួសចិត្ត» ចំពោះការលើកឡើងខាងលើ របស់លោក ផែង វណ្ណៈ ដែលមន្ត្រីអ្នកនាំពាក្យចាត់ទុកថា ជាការ«ប្រឌិត»មួយ។ លោកថា៖ «ការលើកឡើង​របស់លោក (ផែង វណ្ណៈ) នេះ អាចចាត់ទុកបានថា មិនត្រឹម តែការវាយប្រហារផ្ទាល់ ចំពោះតែ មន្រ្តីបំពេញ​ការងារទាំងអស់នោះទេ ក៏ប៉ុន្តែជា ការប្រមាថ និងវាយប្រហារ មកលើស្ថាប័នរដ្ឋ (ទីស្តីការគណៈរដ្ឋមន្រ្តី) ដែលធ្វើអោយមតិ​សាធារណៈ​យល់ខុស ថាទីស្តីការគណៈរដ្ឋមន្រ្តី ចូលរួម​ជាមួយ​នឹង​ជន​ប្រព្រឹត្ត និងបំពានច្បាប់»។

មន្ត្រីអ្នកនាំពាក្យ បានយកឱកាសនេះ ដើម្បីពន្យល់ចូលជ្រៅ ទៅដល់រឿងរ៉ាវ របស់នគរបាលចរាចរណ៍ថា៖ «ទីស្តីការគណៈរដ្ឋមន្រ្តី ជាស្ថាប័ន ក៏ដូចជាចំណាត់ការរបស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដាច់ខាតមិនចូលរួមគាំទ្រ និងការពារដល់ជនទាំងឡាយណា ដែលប្រព្រឹត្តរំលោភច្បាប់នោះទេ។ យើងសូមគាំទ្រ​ដោយឥតលក្ខខណ្ឌ ចំពោះមន្រ្តីនគរបាលចរាចរណ៍​អនុវត្តច្បាប់ ក្នុងកិច្ចចាត់វិធានការ ប្រឆាំងរាល់បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយ និងច្បាប់ជាធរមាន។»។

សម្រាប់លោក ផែង វណ្ណៈ វិញ លិខិតចំហររបស់លោក ផៃ ស៊ីផាន មានលក្ខណៈ ជាការ«បកស្រាយចោទ» និងបង្ហាញ ពី«វប្បធម៌លាបពណ៌ របស់អ្នកធំ»នៅកម្ពុជា ទៅលើរូបលោក។ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរតបវិញថា៖ «អ្នកនាំពាក្យ អាចក្លាយជាអ្នកនាំរឿងបាន បើអ្នកនាំពាក្យមិនបានមើលខ្លឹមសារ​អត្ថបទ​ សំណៅដើមរបស់ខ្ញុំ ហើយយកទៅ​សរសេរ តាមអារម្មណ៍ស្អប់​។​ (...) ខ្ញុំអានអត្ថបទរបស់ខ្ញុំ​ អានហើយអានទៀត​ អត់ឃើញមានចំណុចណា ដែលខ្ញុំចោទមន្ត្រីទីស្ដីកាគណ:រដ្ឋមន្ត្រី​ សោះ​។​ តែគេយកទៅបកស្រាយចោទខ្ញុំទៅវិញ​ នេះហើយដែលជាវប្បធម៌លាបពណ៌ របស់អ្នកធំស្រុកខ្ញុំ​។»។

ប្រតិកម្មរបស់លោក ផែង វណ្ណៈ បណ្ដាល​ឲ្យមានប្រិយមិត្ត​របស់​លោកខ្លះ សំដែងការយល់ទាស់ ដោយពន្យល់ទៅលោក ផែង វណ្ណៈ ជំនួសលោក ផៃ ស៊ីផាន ថាមន្ត្រីអ្នកនាំពាក្យទំនងជា ចង់និយាយដល់ពាក្យ «រថយន្តទំនើបៗ ដែលចតតំរៀបជួរគ្នា នៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺ​ ៩០%​ បិតកញ្ចក់ខ្មៅទាំងអស់»។ នៅត្រង់នេះ លោក ផែង វណ្ណៈ បានពន្យល់វិញថា៖ «បើមិនយល់ដូចគ្នា គួរតែសួរគ្នាមុន មុននឹងប្រតិកម្ម​»។

តែប្រិយមិត្តខ្លះទៀត បានគាំទ្រការលើកឡើង របស់លោក ផែង វណ្ណៈ។ ដូចលោក ឡុង ឧត្ដមសុខា បានសរសេរថា៖ «លោកផៃ សុីផាន (...) គាត់និយាយពេលខ្លះក៍ខុសដែរ» ហើយត្រូវលោក ផែង វណ្ណៈ សរសេរត្រឡប់មកវិញថា៖ «កុំនិយាយអញ្ចឹងប្អូន​ គាត់ជាថ្នាក់ដឹកនាំ​ ប្រយ័ត្ន​ប្អូន​មានបញ្ហា។​ ប្អូន​និយាយថា មានគេស្រលាញ់ច្រើនទៅ​ ទើបបានសុខ។​»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់