ផៃ ស៊ីផាន ថា​​ការ​បារម្ភ​រឿង​សិទ្ធិ​មនុស្ស កើត​ឡើង​ព្រោះ​ស្រង់​ព័ត៌មាន​​លំអៀង​

សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានចាត់ទុក​ការព្រួយ​បារម្ភ​ ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ ក្នុង​​ពេល​​ថ្មីៗ ពីសំណាក់​​បណ្ដា​​ស្ថាប័ន​អន្តរជាតិ​​មួយ​ចំនួន និង​​ប្រទេស​​ជា​ច្រើន​​នោះ ថា​ជា​ទស្សនៈ​ដឹង​និង​យល់​ ដែល​ស្រង់​ចេញ​ពី​ព័ត៌មាន ដែល​«បំភ័ន្ថ ឬ​ប្រឌិត សម្រាប់​ហេតុផល​នយោបាយ ​ទាំង​​មិន​គ្រប់​​ជ្រុង​ជ្រោយ និង​លំអៀង»។
ផៃ ស៊ីផាន ថា​​ការ​បារម្ភ​រឿង​សិទ្ធិ​មនុស្ស កើត​ឡើង​ព្រោះ​ស្រង់​ព័ត៌មាន​​លំអៀង​
តំណាងរាស្ត្រពីររូប របស់គណបក្សសង្គ្រោះជាតិ រងការវាយតប់ជាទំងន់ នៅខាងមុខរដ្ឋសភា ពីសំណាក់បាតុករ​​គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា ជាក្រុមអង្គរក្សនាយករដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)

ពិតហើយ ថាដំណឹង និងព័ត៌មាន​ទាក់ទងនឹងប្រតិកម្ម ពីសំណាក់​បណ្ដា​ប្រទេស​ជាច្រើន រួមនឹង​អង្គការ​អន្តរជាតិ​ធំៗ និងអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបាន​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្រោយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីកថ្លាក្នុងហឫទ័យនោះឡើយ។ អារម្មណ៍​មិន​សប្បាយចិត្តនេះ ត្រូវបានបញ្ចេញឲ្យដឹង តាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី តាម​រយៈ​សំណេរ​មួយ ផ្ដល់ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍។

លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «រាល់ការបារម្ភទាំងអស់នោះ គ្រាន់តែបង្ហាញ នូវទស្សនៈដឹង និងយល់ ដែល ស្រង់ចេញពីព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងលំអៀង ដែលជាព័ត៌មាន ឫរបាយការណ៍បំភ័ន្ត ឫ​ប្រឌិត​សម្រាប់ ហេតុផលនយោបាយ និងជំហរ ដែលមានទិសដៅខ្ទាស់ ឬបំផ្លាញនីត្យានុកូលភាព ប្រឆាំងនឹងច្បាប់ សណ្ដាប់​ធ្នាប់​សង្គម​រួមជាមួយ និងដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ ស្ថេរភាពកម្ពុជា»។

ឧត្ដមស្នងការ​ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីពីរសប្ដាហ៍មុន រួមនឹងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អង្គការលើកលែង​​ទោសអន្តរជាតិ និងសេចក្ដីប្រកាសរួម របសបណ្ដាប្រទេសចំនួន៣៩ កាល​ពី​សប្ដាហ៍​មុន បានសំដែងការព្រួយ​បារម្ភ​របស់ខ្លួន នៅចំពោះស្ថានការណ៍នយោបាយ នាប៉ុន្មានខែចុងក្រោយ នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅក្នុងសេចក្ដី​រាយការណ៍​ទាំងអស់​នោះ សុទ្ធតែបានពន្យល់ថា រដ្ឋាភិបាលសព្វថ្ងៃ ដែល​ដឹកនាំ​​ដោយ​​គណបក្ស​​ប្រជាជនកម្ពុជា កំពុងប្រើប្រាស់តុលាការ និងមធ្យោបាយ​រដ្ឋ ដើម្បី​ធ្វើការ​រឹតត្បិត ហើយ​​ឈាន​​ទៅ​​បំបិត​​សម្លេង របស់​ក្រុម​អ្នក​មាន​និន្នាការ​ជំទាស់។

បណ្ដាស្ថាប័នអន្តរជាតិ និងក្រុមប្រទេសទាំងនោះ បានលើក​យក​ករណី​បាញ់​សម្លាប់​លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សង្គម និងជាអ្នក​ធ្វើ​​អត្ថាធិប្បាយ​​នយោបាយ​​ដ៏​ល្បី​​ឈ្មោះ មកបរិហារ​ថា «បទឧក្រិដ្ឋ​នេះ​ នាំ​ឲ្យ​​សង្គម​​​ស៊ីវិល និង​​​​សំឡេង​​ឯករាជ្យ​​នៅ​កម្ពុជា មាន​ការ​ភ័យ​ព្រួយ» និងបានអំពាវនាវ ឲ្យមាន​ការស៊ើបអង្កេត​ពេញ​លេញ និង​​ដោយ​​​តម្លាភាព ចំពោះការបាញ់សម្លាប់​ដ៏ព្រៃផ្សៃ ទាំងកណ្ដាលថ្ងៃ។

ប៉ុន្តែការលើកឡើងខាងលើនេះ ត្រូវបានច្រានចោល​ដោយ​រដ្ឋាភិបាល​កម្ពុជា ហើយ​ករណីខ្លះ ត្រូវបានចាត់ទុកថា ជាការលូកដៃលូកជើង ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា ដែលរដ្ឋាភិបាល​និយាយថា ជាប្រទេស​មាន​អធិបតេយ្យ​ភាព។ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បានថ្លែងឡើងដូច្នេះថា៖

«រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់​ខ្ជាប់​នូវ​តួនាទី​របស់ខ្លួន ដែលច្បាប់រដ្ឋ ក៏ដូចជារដ្ឋធម្មនុញ្ញខ្មែរ បានចែង​ជា​ធរមាន និងប្រគល់​ភារកិច្ច​ឲ្យ​ប្រតិបត្តិ​ដោយ​គ្មាន​ងាករេ។ រាល់រូបភាព នៃ​សកម្មភាព​ណា​មួយ ដែលកើតមាន ចេញ​ពី​បុគ្គល ឬក្រុមណាមួយ ដែលយល់​ឃើញ​ថា​ជា ឧបសគ្គ ឬប្រឆាំងនឹងនីត្យានុកូលភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ គឺត្រូវតែដាច់ខាតកម្ចាត់ និងបំបាត់ចេញ ពីសង្គម​ប្រជាធិបតេយ្យ​ខ្មែរ​បច្ចុប្បន្ន។»

លោក ផៃ ស៊ីផាន បានបរិហារ​ការ​ប្រកាស​ប្រមូល​ផ្ដុំមហាជន របស់គណបក្សសង្គ្រោះជាតិ ដែលលោកថា ធ្វើ​ឡើង​ក្នុង​រូបភាព​​មហា​បាតុកម្ម អហឹង្សា ប្រឆាំងនឹងសេចក្ដីសម្រេច​​របស់តុលាការ នៅក្នុងកិច្ចការពារ​​ផល​​ប្រយោជន៍​​ឯកជន ​របស់លោក កឹម សុខា ថាគឺ​ជា​ការប្រមាថ ប្រឆាំងនឹងនីតិវិធី របស់តុលាការ និងបង្កើតឲ្យមាន​ចលាចល កុបកម្ម បះបោរ ប្រឆាំង និងអំណាចស្ថាប័នរដ្ឋ​សុទ្ធសាធ ដែលមិនត្រូវ​អនុញ្ញាត​ដាច់ខាត ដោយ​ច្បាប់។ មន្ត្រី​អ្នកនាំ​ពាក្យ​​បាន​និយាយ​ថា សកម្មភាព នៃការគៀងគរ​កម្លាំង​មហាជន​នេះ ជា​ករណី​​ព្រហ្មទណ្ឌ​​សុទ្ធសាធ មិន​ត្រឹម​​តែ​​ប្រឆាំង​​នឹង​​តុលាការ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាករណី វាយប្រហារ​ជាក់​ស្ដែង ដល់​​សន្តិភាព និង​សន្តិសុខ​​ជាតិ​​ទាំង​មូល។

ចំពោះលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិវិញ បានពន្យល់ថា គណបក្ស​លោក​មិន​មាន​បំណង​​បង្ក​ចល្លាចល ឬបះបោរប្រឆាំង​​អំណាចស្ថាប័នរដ្ឋនោះទេ តែនោះជា​ការ​អនុវត្តន៍​សិទ្ធិ​ពលរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ថ្លែង​នៅ​មុខ​​យុវជន​រាប់​សិបនាក់ នៅ​ទីស្នាក់ការ​​កណ្តាល របស់​គណបក្ស​​​សង្គ្រោះ​​​ជាតិ​ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ លោក កឹម សុខា បានសន្យាថា គណបក្ស​ប្រឆាំង មិន​មាន​គម្រោង​​ធ្វើ​បដិវត្តន៍ ឬរដ្ឋប្រហារឡើយ។ លោកបាន​ប្រាប់ ឲ្យគណបក្ស​ប្រជាជន​កម្ពុជា បន្តដឹកនាំ​រដ្ឋាភិបាល ឲ្យ​ដល់​​ឆ្នាំ​២០១៨ ហើយបាន​អំពាវនាវ​ ឲ្យមាន​បរិយាកាស​នយោបាយ​ ត្រឡប់មករក​ប្រក្រតីភាព​វិញ ដើម្បី​​​ដំណើរ​​ការ​​បោះឆ្នោត​​​ដោយ​​​សេរី​មួយ ​នៅពេល​ខាងមុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់