បន្ទាប់​​ពី​​តៃវ៉ាន់ ព្យុះ​«Meranti»​​បានបក់បោក ​លើ​ឆ្នេរ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​ចិន

កញ្ចក់បង្អួច ឬទ្វាអាគារជាច្រើន ត្រូវបានកំទេច។ ចរន្ដអគ្គិសនី ត្រូវបានកាត់ផ្ដាច់ នៅក្នុងក្រុង សៀមិន (Xiamen) បន្ទាប់ពីបានរងគ្រោះ ព្រោះព្យុះសមុទ្រ ដែលបានបក់បោកទៅលើកោះតៃវ៉ាន់ កាល​ពី​ម្សិល​ម៉ិញ​រួច។
បន្ទាប់​​ពី​​តៃវ៉ាន់ ព្យុះ​«Meranti»​​បានបក់បោក ​លើ​ឆ្នេរ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​ចិន
ទិដ្ឋភាពរលកបោកលើទំនប់ នៅលើឆ្នេរមួយ នៃកោះតៃវ៉ាន។ (រូបថតលើទ្វីសធើរ)
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 15, 2016
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីបានបោកបក់ ទៅលើកោះតៃវ៉ាន កាលពីម្សិលម៉ិញរួច ព្យុះសមុទ្រ «Meranti» បានវាយប្រហារ ទៅ​លើ​តំបន់​ភាគ​អាគ្នេយ៍ នៃប្រទេសចិនជាបន្តទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងល្បឿនខ្យល់បក់ រហូត​ដល់​១៧០​គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយមានអមជាមួយនឹងភ្លៀងធ្លាក់ យ៉ាងខ្លាំងនោះផង។ កម្លាំងខ្យល់ព្យុះ បាន​ផ្ដាច់​ចរន្ដ​អគ្គិសនី និងបំបែកកញ្ចក់បង្អួច ឬទ្វានៃអាគារជាច្រើន នៅក្នុងនិងនៅជុំវិញក្រុង សៀមិន (Xiamen)។ នេះ​បើ​តាម​របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស។

នៅព្រឹកម៉ិញនេះ រូបភាពជាច្រើនបានបង្ហាញឲ្យឃើញថា ផ្លូវជាច្រើននៅក្នុងទីក្រុង បានជន់លិច ដើមឈើ​បាន​បាក់ និងដួល - កញ្ចក់បង្អួចទ្វា បានបែកខ្ចាត់ខ្ចាយ និងផ្លាកសញ្ញាចរាចរណ៍ បានរបើករបាញ ដោយសារកម្លាំង​ខ្យល់​បក់​ដ៏​ខ្លាំង និងដ៏កម្រ។

រហូតមកដល់ម៉ោង ១១ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា គេរកមិនឃើញ​ព័ត៌មាន​ណា​មួយផ្សាយថា មានជន​រង​គ្រោះ ពី​ព្រឹត្តិការណ៍​ខ្យល់​ព្យុះនេះនៅឡើយ។ អាជ្ញាធរបានអំពាវនាវ ឲ្យបណ្ដាជនដែលរស់នៅ ក្នុង​តំបន់​រង​គ្រោះ ឲ្យនៅក្នុងផ្ទះ បើ​ទោះ​ជា​ប៉ុន្មាន​ថ្ងៃ​នេះ ជាថ្ងៃឈប់សម្រាក សែនព្រះខែ ដែលតម្រូវឲ្យជនជាតិចិន ចេញ​ពី​ក្រុង​ទៅ​ជួបជុំ​គ្រួសារ នៅ​តាម​ជនបទ​ក៏ដោយ។ អាជ្ញាធរក៏បានហាមនាវា ឬទូកកាណូតទាំងឡាយ មិនឲ្យ​ចេញ​ទៅ​សមុទ្រ​ដែរ ដោយ​បារម្ភ​​ពី​រលក​សមុទ្រធំៗ ថានឹងអាចកើតមាន ក្រោមឥទ្ធិពលខ្យល់ព្យុះ។

បើតាមសារព័ត៌មាន «ចិនថ្មី» បានអះអាងថា បើរាប់ចាប់តាំងពី៦៤ឆ្នាំ កន្លងមក ខ្យល់ព្យុះ «Meranti» មាន​កម្លាំង​​ខ្លាំងក្លា ជាងខ្យល់ព្យុះណាផ្សេងទាំងអស់ ដែលបានបក់បោកទៅលើខេត្ត «Fujian» (ភាគខាងកើត និង​អាគ្នេយ៍​នៃ​ប្រទេសចិន)។

ចំពោះការិយាល័យគ្រប់គ្រងអគ្គិសនីវិញ បានសរសេរនៅក្នុងបណ្ដាញសង្គមចិនថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ទៅដល់តំបន់ជាច្រើន និងមួយផ្នែកធំ នៃទីក្រុង។ ការដឹកជញ្ជូនខាងផ្លូវដែក ក៏បានជួបនឹង​ភាព​រអាក់​រអួល យ៉ាងខ្លាំងណាស់ដែរ។ រថភ្លើងល្បឿនលឿន ចំនួន១៨ខ្សែ នៅក្នុងខេត្តនេះទាំងមូល ត្រូវបាន​ផ្អាក​ដំណើរ​ការ ជា​បណ្ដោះ​អាសន្ន។ ចំណែកឯអាជ្ញាធរ របស់ខេត្តនៅជាប់ខេត្ត «Fujian» ក៏បានប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ នូវ​គម្រោងលប់ចោល នូវរថភ្លើងចំនួន១៤៤ខ្សែ ក្រោមមូលហេតុខ្យល់ព្យុះនេះ៕

-----------

» រូបភាពមួយចំនួន នៃខ្យល់ព្យុះសមុទ្រនេះ នៅលើកោះតៃវ៉ាន់ កាលពីម្សិលម៉ិញ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់