RIO២០១៦៖ ស៊ន សៀវម៉ី ចាញ់​កីឡាការិនីហូឡង់ ១-៧

ទីបំផុតទៅ ម្ចាស់មេដាយមាស​របស់​កម្ពុជា ក្នុងអាស៊ានហ្គេម ឆ្នាំ២០១៤ កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​ប្រកួត​ចាញ់​កីឡាការិនី រេស៊ីមី អូហ្គីង (Reshimie Oogink) មកពីប្រទេស​ហូឡង់ ក្នុង​លទ្ធផល​១ទល់​នឹង៧ សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ១ភាគ៨ កាល​ពី​យប់​ថ្ងៃ​ទី២០ ខែ​សីហា​នេះ ក្នុង​​ព្រឹត្តិការណ៍​​កីឡា​​អូឡាំពិក នាក្រុង «Rio» ប្រទេស​ប្រេ​ស៊ី​ល​។
RIO២០១៦៖ ស៊ន សៀវម៉ី ចាញ់​កីឡាការិនីហូឡង់ ១-៧
កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ម្ចាស់មេដាយមាសរបស់កម្ពុជា ក្នុងអាស៊ានហ្គេម ឆ្នាំ២០១៤។ (រូបថតលើ ហ្វេសប៊ុក)

បើសិនជាកីឡាករកម្ពុជា បានឡើងមកដល់វគ្គ១ភាគ៨ ឬវគ្គ១៦នាក់ នៃវិញ្ញាសារតៃក្វាន់ដូ​ស្ត្រី សម្រាប់​ប្រភេទ​ទម្ងន់​លើសពី៦៧គីឡក្រាម ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ប៉ុន្តែគឺ​លទ្ធផល ​ចេញ​ពី​ការ​ប្រកួត​ក្នុង​យប់ថ្ងៃទី ២០ ខែសីហានេះ (ព្រឹកនៅក្រុង រីយ៉ូ ប្រទេសប្រេស៊ីល) ដែល​ធ្វើ​ឲ្យ​កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​របស់​កម្ពុជា ក្នុងអាស៊ានហ្គេមឆ្នាំ២០១៤ ត្រូវ​បាន​ជម្រុះ​ចេញ​ជា​«បណ្ដោះអាសន្ន» ក្រោយពីការប្រកួត ជាមួយ​កីឡាការិនី​​ជាតិ​ហូឡង់ ឈ្មោះ រេស៊ីមី អូហ្គីង (Reshimie Oogink) ដោយលទ្ធផល១ទល់នឹង៧។

នៅចុងបញ្ចប់ការប្រកួត កញ្ញា ស៊ន សៀវម៉ី បានសំដែងការសោកស្ដាយ និងប្រកាស​សុំ​អភ័យ​ទោស ពីសំណាក់​បណ្ដាជនខ្មែរ ដោយនិយាយថា នាងប្រកួតមិនបានល្អទេ។ ប៉ុន្តែនៅមុន​ការ​ប្រកួត កីឡាការិនី​កម្ពុជា បាន​អះអាង​ក្នុង​នាម ជាកីឡាករថា៖ «គេក៏ចង់ឈ្នះ (រីឯ)យើងវិញ​កាន់​តែ​ចង់​ឈ្នះ។ តែទោះយ៉ាងណា នាងខ្ញំុនឹងប្រឹង​​ឲ្យអស់​ពី​លទ្ឋភាព ដើម្បី​ជាតិ​យើង។»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ដែលកំពុងដឹកនាំ ក្រុមកីឡាករកម្ពុជា​នៅ​ក្នុង​​ប្រទេស​ប្រេស៊ីល បានអះអាងថា កីឡាការិនី ស៊ន សៀវម៉ី នៅមិនទាន់អស់សង្ឃឹមនៅឡើយ ដោយត្រូវ​រង់ចាំ​ពិនិត្យ​មើល​លទ្ធផល​ប្រកួតបន្ត របស់កីឡាការិនីហូឡង់នេះ នៅពេលខាងមុខជាមុនសិន។ ប្រសិនជាកីឡាការិនី រេស៊ីមី អូហ្គីង ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នោះកីឡាការិនីកម្ពុជា អាចមានសង្ឃឹម នឹងប្រកួតដណ្ដើមយក​មេដាយ​សំរិត​បាន។ ក្នុងលក្ខខណ្ឌនេះ កញ្ញា ស៊ន សៀវម៉ី នឹងត្រូវឆ្លងកាត់ការប្រកួត ចំនួនពីរដងទៀត៕



Loading...

អត្ថបទទាក់ទង


មតិ-យោបល់