ធី សុវណ្ណថា ត្រូវ​បាន​អញ្ជើញ​ឲ្យ​រួម​ពិធី​ជាមួយ ហ៊ុន សែន

បន្ទាប់ពីទទួលបាន ការថ្លែងកោតសរសើរ ពីសំណាក់លោក ហ៊ុន សែន កាលពីប៉ុន្មានសប្ដាហ៍មុន នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ តារាហ្វេសប៊ុកល្បីវ័យក្មេង នាង ធី សុវណ្ណថា ត្រូវបានអញ្ជើញឲ្យរួមពិធី ជាមួយលោក ហ៊ុន សែន ក្នុងវេទិកាមួយស្ដីពី «ការការពារ និងការអភិវឌ្ឍន៍​ធនធានធម្មជាតិ» នៅវិមានសន្តិភាព។
ធី សុវណ្ណថា ត្រូវ​បាន​អញ្ជើញ​ឲ្យ​រួម​ពិធី​ជាមួយ ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន​កិច្ចការសង្គម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 12, 2016
  • ប្រធានបទ: បរិស្ថាន-កម្ពុជា
  • អាន និងបញ្ចេញយោបល់

ក្រោយពីការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា កោត​សរសើរ​កញ្ញា ធី សុវណ្ណថា កាលពីប៉ុន្មានសប្ដាហ៍មុននោះ គេចេះតែចោទជាសំនួរឡើងថា តើអង្កាលទៅ ទើប​តារាហ្វេសប៊ុកល្បីវ័យក្មេងរូបនេះ នឹង​ចូលរួម​ហែហម ធ្វើការអមដំណើរដោយផ្ទាល់ ជាមួយលោក​នាយក​រដ្ឋមន្ត្រី? ជាចំណោទ ដែលត្រូវតែមានជាចម្លើយ នៅថ្ងៃនេះ និងមិនបាន​ប្រើប្រាស់​ពេលវេលា​យូរ ប៉ុន្មានទេ។ មិន​បាច់​ប្រើ​ពេលយូរ បើគេប្រៀបធៀប ទៅនឹងសកម្មជនបរិស្ថានផ្សេងៗទៀត។

លិខិតជូនដំណឹងមួយ របស់ក្រសួងបរិស្ថាន ចុះហត្ថលេខាដោយ​អនុរដ្ឋលេខាធិការ លោក សូ ខនឫទ្ធីគុណ នៅថ្ងៃទី៩ ខែសីហា តែទើបនឹងធ្លាក់​មកដល់ដៃ​អ្នកសារព័ត៌មាន នៅក្នុងថ្ងៃនេះ បានឲ្យដឹងថា ក្រសួង​បាន​អញ្ជើញ​កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ​«យុវជនកិច្ចការសង្គម» ឲ្យចូលរួមក្នុងវេទិកាមួយ ស្ដីពី«ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែសីហាខាងមុខ ក្នុងសាល​ប្រជុំ​«រំដួល» នៅ​វិមាន​សន្តិភាព។

លិខិត​នោះ​បាន​បញ្ជាក់​ថា ការអញ្ជើញនេះ ធ្វើឡើងក្រោមចំណារ​ដ៏«ខ្ពង់ខ្ពស់» និងដោយ​ផ្ទាល់​ពី​សំណាក់​​លោក ហ៊ុន សែន តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នោះមកម្លេះ។

តារាហ្វេសប៊ុក ដែលទទួលបានភាពល្បីល្បាញខ្លាំង ក្នុងអំឡុងពេល​ដែលនាង​ធ្វើ​សកម្មភាព​​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិរូបនេះ ក៏បានសរសេរអះអាង នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងដែរ ជាមួយនឹង​ភាសា​ហៅ​លោក ហ៊ុន សែន ខុសពីពេលកន្លងមក ថាជា​«សម្ដេចតេជោ»។ នាងបានសរសេរថា៖ «ថ្ងៃ២២ សីហា (ខាង​មុខ)​នេះ នាងខ្ញុំបានទទួល​ការអញ្ជើញ​ជាកិត្តិយស ចូលរួមវេទិកាស្តីពី "ការការពារ និងអភិរក្សធនធាន​ធម្មជាតិ" ក្រោម​អធិបតី​ភាព​​ដ៏ខ្ពស់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន»។

កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងទិវា​មច្ឆា​ជាតិ នៅ​​​អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើកសរសើរតារាហ្វេសប៊ុកខាងលើ ដែល​​បច្ចុប្បន្ន​​​បាន​​ប្រែ​ក្លាយ ជាប្រធានអង្គការយុវជនកិច្ចការសង្គម។ លោក ហ៊ុន សែន បានហៅសកម្មភាព​កន្លង​​មក របស់​​កញ្ញា ធី សុវណ្ណថា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ថាជាចលនាជួយការពារបរិស្ថានមួយ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថា​អ្នក​លេង​ខាង​ហ្វេសប៊ុក គាត់​ធ្លាប់​ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយ​ការពារ​មួយ ជំរុញ​​លើក​ទឹក​ចិត្ត ឲ្យពួកគាត់បន្តទៅ។ វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយ​កាប់​ឈើ កុំ​ទៅ​​ជួយ​​លួច​លាក់​ឈើ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ទាំងអស់ ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើម ចំពោះ​ឈ្មួញ និង​ពួក​អ្នក​កាប់​​ឈើ​ដែរ។»

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

បន្ទាប់មក នៅថ្ងៃទី២ ខែកក្កដា ពោលគឺនៅក្រោយមួយថ្ងៃ ពីការថ្លែងកោតសរសើររបស់លោក ហ៊ុន សែន តារា​ហ្វេសប៊ុករូបនេះ បានតបនូវក្ដី«អំណរអរគុណ» ជាមួយនឹងរបាយការណ៍ខ្លះៗ ស្ដីពី​សកម្មភាព​របស់​នាង​ទៀត ត្រឡប់«ជូន»លោក ហ៊ុន សែន វិញ។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅពេលនោះ ឲ្យ«សម្តេច​មេត្តា​ជ្រាប»​ថា៖ «នាងខ្ញុំ បានដឹកនាំទេសចរណ៍ (ទៅ) តំបន់អារ៉ែង (ចំនួន) ៨ដង (មានចំនួន) ១២៥០នាក់ បាន​សង់​​បង្គន់៨ អណ្តូងទឹក២ ជណ្តើរឈើឡើងភ្នំ១ និងបានបើកថ្នាក់រៀន២ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ សិស្ស​៤៤០​នាក់។ ក្រៅពីនោះ ក៏បានផ្តល់ម៉ូតូ១គ្រឿងល្បាតព្រៃ និងជួយពលរដ្ឋផ្នែកកសិកម្ម។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់