«វិទ្យុ​បារាំង​អន្តរជាតិ មិនមែន​ជា​ស្ថាប័ន​បក​ប្រែ​ទេ​ ច៎ា»

បន្ទាប់ពីប្រតិកម្មឆ្លើយតប របស់នាយកវិទ្យុគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ យ៉ាងហោចពីរ​ដង​កន្លង​មក នៅ​ពេល​នេះ ​ជា​ការ​អះអាង​បន្ថែម​ថ្មី​ទៀត ពី​ជំហរ​របស់​វិទ្យុ​បរទេស​មួយ​នេះ តាមរយៈ​កិច្ច​សម្ភាស​មួយ ជាមួយ​នឹង​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ជុំវិញ​អត្ថបទ​ដ៏ប្រទាំង​ប្រទើស ដែល​មាន​ចំណង​ជើង​ថា «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​​ជា​មួយ​លក្ខខណ្ឌ​»។
«វិទ្យុ​បារាំង​អន្តរជាតិ មិនមែន​ជា​ស្ថាប័ន​បក​ប្រែ​ទេ​ ច៎ា»
ការិយាល័យវិទ្យុបារាំងអន្តរជាតិ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣។ (រូបថត AFP)

សំនុំរឿងតែមួយ ពាក់ព័ន្ធនឹងអត្ថបទ «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​» តែត្រូវបានវិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាខេមរភាសា ធ្វើប្រតិកម្មឆ្លើយតប​ជា​ច្រើន​ដង។ ការអះអាងជាថ្មី នាលើកនេះ មានរាប់បញ្ចូលទាំងការ«សោកស្ដាយ» របស់វិទ្យុបារាំងអន្តរជាតិ នៅ​ចំពោះ​«ការអាក់អន់»ស្រពន់ចិត្ត ពីសំណាក់ប្រធានគណបក្សប្រឆាំង និងការការពារខ្លួនថា វិទ្យុបារាំង​អន្តរជាតិ មិនមែន​ជាស្ថាប័ន​«បកប្រែ»​នោះឡើយ។

អ្នកដែលថ្លែងពីជំហរបន្ថែម របស់វិទ្យុបរទេសផ្សាយជាខេមរភាសាមួយនេះ គឺកញ្ញា អ៊ឹម រចនា អ្នកសារព័ត៌មាន​របស់ស្ថាប័ននេះ នៅក្នុងកិច្ចសម្ភាសមួយ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ជាមួយប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង នៅឯបរទេស។ កញ្ញា រចនា បានថ្លែងក្នុងនាមស្ថាប័ន​ដែល​កញ្ញា​កំពុង​បំពេញការងារជូន​ដូច្នេះថា៖ «នាងខ្ញុំសោកស្ដាយ ដែលឯកឧត្ដមអាក់អន់ចិត្ត ចំពោះការបក​ប្រែរបស់​វិទ្យុ​​បារាំង​​អន្តរជាតិ។ ប៉ុន្តែនាងខ្ញុំសុំជម្រាប​ជូនម្ដងទៀតថា វិទ្យុបារាំងអន្តរជាតិជាស្ថាប័នព័ត៌មាន។ យើង​មិន​មែន​ជា​ស្ថាប័នបកប្រែទេ។»។

អ្នកសារព័ត៌មានដដែល បានថ្លែងបន្តថា៖ «ហើយវិទ្យុបារាំងអន្តរជាតិ ក៏មិនមែនជាអ្នកនាំសារដូចគេដែរ យើង​គ្មាន​នាទីពាំនាំសំដីនរណា។ រីឯគោលការណ៍ របស់វិទ្យុបារាំងអន្តរជាតិ​​តាំងពីណាពីណីមកហើយ គឺពន្យល់​ព័ត៌មាន បកស្រាយព័ត៌មាន ជូនលោកអ្នកស្ដាប់។ នេះជាអ្វីដែលវិទ្យុបារាំងអន្តរជាតិធ្វើ ហើយនឹងបន្តធ្វើ​តទៅ​មុខ​ទៀត។ វិទ្យុបារាំងអន្តរជាតិ មិនមែនជាអ្នកបកប្រែទេ ច៎ា!»។

ការបញ្ជាក់ជំហររបស់វិទ្យុបារាំងអន្តរជាតិ ធ្វើឡើងដោយកញ្ញា អ៊ឹម រចនា បានកើតឡើងយ៉ាងហោចណាស់ ជា​លើក​ទីបី បន្ទាប់ពីនាយគ្រប់គ្រងវិទ្យុមួយនេះ គឺលោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) បាន​ធ្វើការ​ឆ្លើយតប កាល់ពី​ល្ងាច​ថ្ងៃ​ទី២២ ម្ដង និងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាម្ដងទៀត។ ប្រតិកម្មរបស់​ថ្នាក់ដឹ​កនាំ និង​បុគ្គលិក​របស់វិទ្យុបរទេស ដែលផ្សាយជាភាសាខ្មែរមួយ គឺជាការឆ្លើយតបទៅនឹងការលើ​កឡើង​ខ្លាំងៗ របស់​លោក សម រង្ស៊ី ទាក់ទងនឹងការចេញផ្សាយអត្ថបទខាងលើ ដែលប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គិតថា​បាន​«និយាយខុសតាមគេ» ហើយ«មិនបានស្តាប់ពាក្យសម្តីដើម និងពាក្យ​សម្តី​ពិត​របស់»​លោក។

នៅក្នុងប្រតិកម្មមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម លោក សម រង្ស៊ី បានសរសេរដូច្នេះថា៖ «បើ RFI នេះ មានស្មារតីវិជ្ជាជីវៈខ្ពស់មែន គួរណាស់ពេលនេះ ចូល​មើលវីដេអូ ដែលសភាអឺរ៉ុបបានថតជាផ្លូវការ នូវសុន្ទរកថា​របស់ខ្ញុំ ថ្ងៃទី១៣ ខែកក្កដា ២០១៦ ហើយធ្វើការ​កែ​តម្រូវ​ជាបន្ទាន់។ មិនគួរនិយាយខុសតាមគេ ហើយ​ចាញ់​បោក ការ​ឃោសនា​របស់រដ្ឋាភិបាល ដែលអាង​ថា​ប្រជា​រាស្ត្រ​ខ្មែរ​ភាគច្រើន មិនចេះស្តាប់ភាសាបារាំង។ ស្តាយ​ណាស់ ដោយ​កត់​សម្គាល់ថា សូម្បីតែ RFI នេះ ដែល​មាន​ជំនាញខាងភាសាបារាំង ក៏បណ្តោយឲ្យ​គេយក​ពាក្យ​សម្តី​ខ្ញុំ ជាភាសាបារាំង ទៅក្រឡៃតាមចិត្ត។»។

» ដើម្បីយល់រឿងនេះឲ្យច្បាស់ សូមអាន៖ ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI


Loading...

អត្ថបទទាក់ទង


មតិ-យោបល់