ហើយ​បន្ទាប់​មក ធី សុវណ្ណថា ថ្លែង​អរគុណ​«សម្ដេច​តេជោ»...

កិច្ចសន្ទនាឆ្លើយឆ្លង បានធ្វើជាបន្តទៅទៀត។ បន្ទាប់ពីពាក្យលើកសរសើរ របស់បុរស​ខ្លាំង​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃទី១ ខែ​កក្កដា​មក​នោះ នៅ​រសៀល​ថ្ងៃ​ដដែល ជាវេនរបស់កញ្ញា ធី សុវណ្ណថា ម្ដង ដែលត្រូវ​ថ្លែង​តប​វិញ នូវ​ពាក្យ​អំណរ​អរគុណ «គោរព​ជូន​ចំពោះ​​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។
ហើយ​បន្ទាប់​មក ធី សុវណ្ណថា ថ្លែង​អរគុណ​«សម្ដេច​តេជោ»...
ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតហ្វេសប៊ុក)

វគ្គឆ្លើយឆ្លង ចងបន្តជាភាគ។ ហើយក្នុងភាគនេះ ជាភាគឆ្លើយឆ្លងពីសំណាក់ កញ្ញា ធី សុវណ្ណថា តបអរគុណ​លោក ហ៊ុន សែន វិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានថ្លែងលើកសរសើរកញ្ញា កាលពីភាគមុន​រួច​មក។

កញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារដ៏ចាស់ដៃ ប្រឆាំងលោក ហ៊ុន សែន កាលពីពេលកន្លងមក បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយថ្លែងអំណរគុណត្រឡប់ទៅលោក ហ៊ុន សែន ដូច្នេះវិញថា៖ «សូម​ថ្លែង​អំណរគុណ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ដែល) បាន​ថ្លែង​សរសើរនាងខ្ញុំ ក្នុងការពារព្រៃឈើ តំបន់អារ៉ែង»។

កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅ​អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើកសរសើរតារាហ្វេសប៊ុកខាងលើ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ ជាប្រធានអង្គការយុវជនកិច្ចការសង្គម។  លោក ហ៊ុន សែន បានហៅសកម្មភាព​កន្លង​មក របស់កញ្ញា ធី សុវណ្ណថា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ថាជាចលនាជួយការពារបរិស្ថានមួយ។

នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានថ្លែងដូច្នេះថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថា​អ្នក​លេង​ខាង​ហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយ​ការពារ​មួយ ជំរុញ​លើកទឹកចិត្ត ឲ្យពួកគាត់បន្តទៅ។ វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយ​កាប់​ឈើ កុំ​ទៅ​ជួយ​លួច​លាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើម ចំពោះ​ឈ្មួញ និង​ពួក​អ្នក​កាប់​ឈើដែរ។»

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

នេះជាការឆ្លើយឆ្លងដោយផ្ទាល់ ជាលើកដំបូងបង្អស់ រវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងតារា​ហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលធ្លាប់វាយប្រហារ​​មិន​សំចៃមាត់ លើលោក ហ៊ុន សែន និងទៅលើ​រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា។ ការឆ្លើយឆ្លងនេះទៀតសោធ ក៏ទើបនឹងបានកើតឡើង នៅបន្ទាប់​​ពី​រឿង​រ៉ាវ​​ប្ដឹង​ផ្ដល់ ពីសំណាក់តារាហ្វេសប៊ុករូបនេះ ធ្វើទៅលើលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងសំនុំរឿង​បែកធ្លាយ​ខ្សែអាត់ដ៏អាស្រូវ និងបានឈាន ទៅចាប់ខ្លួនមនុស្សផ្សេងទៀត ដែល​មិន​ស្រប​នឹង​លោក ហ៊ុន សែន ជាច្រើននាក់។

យ៉ាងណាក៏ដោយ ក៏ការថ្លែងសរសើរជាសាធារណៈ ពីសំណាក់លោក ហ៊ុន សែន ទំនងជាបានបង្កនូវការរំភើប ដល់អតីតអ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិរូបនេះ រហូតដល់កញ្ញា ធី សុវណ្ណថា បានបន្ថែមរបាយការណ៍​ខ្លះ​ទៀត ពី​សកម្មភាព​កន្លង​មក​នោះ «ជូន»លោក ហ៊ុន សែន។ កញ្ញា ធី សុវណ្ណថា បានសរសេរបន្ត ឲ្យ«សម្តេច​មេត្តា​ជ្រាប»​ថា៖ «នាងខ្ញុំ បានដឹកនាំទេសចរណ៍ (ទៅ) តំបន់អារ៉ែង (ចំនួន) ៨ដង (មានចំនួន) ១២៥០នាក់ បាន​សង់​បង្គន់៨ អណ្តូងទឹក២ ជណ្តើរឈើឡើងភ្នំ១ និងបានបើកថ្នាក់រៀន២ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ សិស្ស​៤៤០​នាក់។ ក្រៅពីនោះ ក៏បានផ្តល់ម៉ូតូ១គ្រឿងល្បាតព្រៃ និងជួយពលរដ្ឋផ្នែកកសិកម្ម។»។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងក្ដីមន្ទិលថា បន្ទាប់ពីការឆ្លើយឆ្លងគ្នានេះរួច តើលោក​នាយរដ្ឋ​មន្ត្រី និង​តារា​ហ្វេសប៊ុក អាចនឹងមានគម្រោងជួបគ្នា ក្នុងពេលឆាប់ៗនេះដែរ ឬយ៉ាងណា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់