បវរកញ្ញា​ជាតិ​ហ្គាណា ក្លាយ​ជា​បវរកញ្ញា​ប្រចាំ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ

បវរកញ្ញាស្បែកខ្មៅ ដ៏ស្រស់ស្អាត ជាតិហ្គាណា នាង រ៉ឺប៊េកា អាសាម៉ាវ (Rebecca Asamoah) បានក្លាយ​ជា​បវរកញ្ញា​​ប្រចាំ​​ទ្វីប​​អាហ្វ្រិក ជា​​លើក​​ដំបូង​គេ​បង្អស់ ចាប់តាំងពីចុងសប្ដាហ៍កន្លងមក នៅក្នុងការប្រឡងជ្រើសរើស​មួយ ដែល​​ត្រូវ​​បាន​​រៀបចំ​​ធ្វើ​នៅ​​ក្នុង​​រដ្ឋធានី ចនណេស្បួរ (Johannesburg) ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
បវរកញ្ញា​ជាតិ​ហ្គាណា ក្លាយ​ជា​បវរកញ្ញា​ប្រចាំ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ
បវរកញ្ញាស្បែកខ្មៅ ដ៏ស្រស់ស្អាត ជាតិហ្គាណា នាង រ៉ឺប៊េកា អាសាម៉ាវ។ (រូបថត របស់កម្មវិធី​ប្រឡង​បវរកញ្ញាហ្គាណា)

កម្មវិធីប្រឡងបវរកញ្ញា ប្រចាំទ្វីបអាហ្វ្រិកនេះ ត្រូវបានរៀបចំធ្វើ ជាលើកដំបូងបង្អស់ ដោយ​ផលិតកម្ម «Neo Mashishi» នៅប្រទេសអាហ្វ្រិកខាងត្បូង និងបានប្រមូលបវរកញ្ញានៅក្នុងទ្វីបនេះ ជាច្រើន​សិប​នាក់ ឲ្យ​ចូល​មក​ប្រកួត។ អ្នករៀបចំកម្មវិធី ថែមទាំងបានសង្ឃឹមដែរថា ការប្រកួតជ្រើសរើសរាជនីសម្ផស្សប្រចាំទ្វីប​មួយ​នេះ នឹងទទួល​បាន​ការ​គាំទ្រ ពីសំណាក់សហភាពអាហ្វ្រិក (UA) ដើម្បីអនុញ្ញាតឲ្យបវរកញ្ញា ដែលបានឈ្នះ​ពី​ក្នុង​ការប្រកួត អាច​ដើរ​តួនាទី​តំណាង​ឲ្យ​ទ្វី​បអាហ្វ្រិក និងជាអង្គទូតសម្រាប់យុទ្ធនាការនានា ប្រឆាំង​នឹង​ជំងឺ​ឆ្លង ភាព​ក្រីក្រ និង​ការ​រើស​អ៊ើង​ជាដើម។

កាលពីថ្ងសៅរ៍ ចុងសប្ដាហ៍មុន នៅក្នុងសាលប្រគុំតន្ត្រីដ៏ធំ នៃមហាគ្រឹះលេងល្បែង «Gold Reef City» នៃ​រដ្ឋធានី ចនណេស្បួរ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង កំពូលស្រីស្អាតចុងក្រោយ ចំនួន​១២នាក់ ពី​ក្នុង​ចំណោម​៤០នាក់ ដែលមកពីប្រទេសនានា នៅក្នុងទ្វីបអាហ្វ្រិក បានឡើងមកដើរបង្ហាញរូប នៅលើ​ឆាក​ដើម្បីដណ្ដើម​យក​ជ័យលាភី​ចុង​ក្រោយ។ នៅក្នុងវគ្គខ្លះ នៃការបង្ហាញខ្លួន នៅលើឆាកនេះ បេក្ខនារីទាំងនេះ បាន​ដើរចូលមក និងរាំដោយស្លៀកពាក់ខោអាវប្រពៃណីប្រចាំប្រទេស របស់ពួកនាង និងដោយជើងទទេ។ រីឯ​វគ្គ​ស្លៀកពាក់ឈុតខ្លីវិញ ពួកនាងមិនសូវជាបញ្ចេញសាច់ខ្លាំង ដូចការប្រឡងបវរកញ្ញាជាច្រើន នៅ​អ៊ឺរ៉ុប អាមេរិក ឬ​នៅអាស៊ី​ឡើយ។

នៅទីបំផុត គឺបេក្ខនារីអាយុ២៤ឆ្នាំ ជំនួយការពេទ្យធ្មេញ មកពីប្រទេសហ្គាណា កញ្ញា រ៉ឺប៊េកា អាសាម៉ាវ (Rebecca Asamoah) ជាអ្នកឈ្នះជ័យលាភី ជាបវរកញ្ញាប្រចាំទ្វីបអាហ្វ្រិកលើកដំបូងនេះ។ បន្ទាប់​មក កញ្ញា មីឆើឡូ មីឡាប៊ូ (Michelo Malambo) មកពីប្រទេស ហ្សំប៊ី បានឈ្នះចំណាត់ថ្នាក់លេខពីរ ខណៈនាង ជេមីម៉ា កានឌីមីរី (Jemimah Kandimiri) មកពីប្រទេសម្ចាស់រៀបចំ​កម្មវិធី (អាហ្វ្រិកខាងត្បូង) បានជាប់លេខបី។

លោក ណេអូ ម៉ាស៊ីស៊ី (Neo Mashish) ម្ចាស់ផលិតកម្ម ដែលបានរៀបគម្រោង​​ប្រឡងបវរកញ្ញា​ទ្វីប​អាហ្វ្រិក​នេះ តាំង​ពី៥ឆ្នាំ​មក​នោះ បានឡើងមកបំពាក់ម្កុដ ឲ្យបវរកញ្ញា រ៉ឺប៊េកា អាសាម៉ាវ។ លោកបានថ្លែងឲ្យ​ដឹង​ថា៖ «នេះ​ជាលើក​ទីមួយ​ហើយ ដែល​យើងបានជ្រើសរើសឲ្យមានឡើង នូវបវរកញ្ញាប្រចាំទ្វីបអាហ្វ្រិក។ នេះ គឺ​ទ្វីប​អាហ្វ្រិក។ ​យើង​កំពុង​បង្ហាញ​ទ្វីបអាហ្វ្រិក ទៅកាន់ពិភពលោក និងមានមោទនភាពណាស់ ដែលបានកើតមក នៅ​លើ​ទ្វីប​មួយនេះ។ (...) កម្មវិធីរបស់ការប្រឡង បានធ្វើឡើងតាមបែបអាហ្វ្រិក ព្រោះយើងមិនបានចម្លងតាម ការ​ប្រឡងបវរកញ្ញា​ចក្រវាឡ ឬ​បវរកញ្ញា​ពិភពលោក​នោះឡើយ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់