ខៀវ កាញារីទ្ធ ព្រមាន​ទូរទស្សន៍​ឲ្យ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី១មករា​២០១៦

បណ្តាស្ថានីទូរទស្សន៍ក្នុងស្រុក របស់ប្រទេសកម្ពុជា នឹងត្រូវប្រឈម ចំពោះមុខច្បាប់ បើនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខ ទូរទស្សន៍ទាំងនោះ នៅបន្តចាក់ផ្សាយភាពយន្តបរទេស ក្នុងចន្លោះពីម៉ោង១៩ និងម៉ោង២១យប់នោះ។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 20, 2015
  • ប្រធានបទ: សោតទស្សន៍
  • អាន និងបញ្ចេញយោបល់

បើបណ្តាស្ថានីយទូរទស្សន៍ណា ដែលនៅតែបន្តការចាក់ផ្សាយ នូវខ្សែរភាពយន្តបរទេស ក្នុងចន្លោះម៉ោង១៩ ដល់ម៉ោង២១ យប់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នោះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ នេះជាការថ្លែងព្រមាន របស់លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅនឹងការចាក់ផ្សាយ វណ្ណកម្ម​បរទេស​ជាច្រើន របស់បណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក។

ក្នុងកិច្ចសម្ភាស ជាមួយបណ្តាអ្នកសារព័ត៌មាន និងទូរទស្សន៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ លោករដ្ឋមន្រ្តី​ក្រសួង​​ព័ត៌មាន បានព្រមានថា បើស្ថាន័ទូរទស្សន៍ណា នៅតែរឹងទទឹង បន្តចាក់ផ្សាយភាពយន្តបរទេស នឹង​អាច​ប្រឈមចំពោះមុខច្បាប់ ដូចជា មួយរងបណ្តឹងឡើងតុលាការ ទីពីរផ្អាកអាជ្ញាប័ណ្ណ និងទីបី​ត្រូវទទួល​ពិន័យ​ជាដើម។

កាលពីថ្ងៃទី២៥ កញ្ញា កន្លងមកនេះ លោករដ្ឋមន្រ្តីបានសម្រេចហាមឃាត់ម្ដងហើយ នូវការចាក់ផ្សាយ​ភាពយន្​តបរទេសគ្រប់ប្រភេទ នៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់ ក្នុងប្រទេសកម្ពុជា ក្នុងចន្លោះម៉ោង ពី១៩ ដល់​ម៉ោង ២១យប់។ លោក ខៀវ កាញារឹទ្ធ បានកំណត់ឲ្យយកម៉ោងនេះ មកចាក់ផ្សាយនូវវណ្ណកម្មខ្មែរ ដើម្បី​លើក​ស្ទួយវប្បធម៌ និងអត្តសញ្ញាណភាពយន្ត របស់ខ្មែរវិញ។

តែមកទល់នឹងថ្ងៃនេះ ការប្រកាសខាងលើ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថា ទូរទស្សន៍ភាគច្រើនបានធ្វើ​តាម​ហើយ មានតែទូរទស្សមួយប៉ុណ្ណោះ ដែលសុំពន្យាពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខវិញ ក្រោមហេតុផលជាប់កិច្ចសន្យានានា។ លោកថា បើគ្មានវណ្ណកម្មខ្មែរ ដូចជាខ្សែភាពយន្ត ឬវីដេអូទេ បណ្តា​ទូរទស្សន៍ទាំងនោះ អាចចាក់ផ្សាយនូវតន្ត្រីសម័យបុរាណ កម្មវិធីកម្សាន្តផ្សេងៗ ឬកម្មវិធីកីឡា ជាជំនួស​វិញ​បាន។

ក្រោយពិធីបើកសិក្ខាសាលា បណ្តុះបណ្តាល ស្ដីពីប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ លោក ខៀវ កាញារីទ្ធ បានដាក់កំហិតថា នឹងយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខ ជាថ្ងៃចាប់ផ្តើមអនុវត្ត សេចក្តីសម្រេច​នោះ នឹងមិនអាចមានការពន្យាពេល បានទៀតឡើយ។ លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា៖ «បើមិនគោរព យើង​អាចប្ដឹងទៅតុលាការ ឬមួយផ្អាកអាជ្ញាប័ណ្ណ ដាក់វិន័យផ្សេងៗ។ ប៉ុន្តែតាមខ្ញុំដឹង គឺទូរទស្សន៍ទាំងអស់ គាត់​យល់ព្រម នៅតែស្ថានីយទូរទស្សន៍ ភី.អ៊ិន.អ៊ិន (PNN) ដែលគាត់សុំពន្យារពេល ដល់ថ្ងៃទី៣១ ខែធ្នូ ដោយ​សារ​គាត់ ជាប់កុងត្រាជាមួយគេ។»៕


» សូមស្តាប់កិច្ចសម្ភាសជាមួយលោក ខៀវ កាញារីទ្ធ ដូចខាងក្រោម៖

---------


Loading...

អត្ថបទទាក់ទង


មតិ-យោបល់