កែម ឡី៖ នៅ​ពេល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​នៅ​មាន​ជីវិត​ទេ

អ្នកស្រាវជ្រាវផ្នែកសង្គមដ៏ល្បី លោក កែម ឡី ដែលត្រូវបានអ្នកសារព័ត៌មាន ហៅលោក ជាអ្នកវិភាគ​ឯករាជ្យ​នោះ បាន​បង្ហើប​ឲ្យ​ដឹង ពីការកំណត់ក្នុងចិត្តច្បាស់លាស់ នៅពេលដែលលោក បានធ្វើការវិភាគ​ម្ដងៗ ប្រាប់​ទៅ​ប្រព័ន្ធ​សារព័ត៌មាន។ ការ​កំណត់​ក្នុង​ចិត្ត​នោះ គឺលោក​បាន​«ស្លាប់»​រួចទៅ​ហើយ។
កែម ឡី៖ នៅ​ពេល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​នៅ​មាន​ជីវិត​ទេ
លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម។ (រូបថត monoROOM.info/ O. Vary)

«នៅពេលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនៅមានជីវិតនោះទេ» នេះជាការអះអាង បង្ហើបឲ្យដឹង របស់​លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ពីជំហររបស់លោក ឆ្លើយតបទៅនឹងការសាកសួរ កាលពីយប់​ថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០១៥ របស់លោក ជុន ចាន់បុត្រ អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចង់ដឹងថា តើ​លោក កែម ឡី ធ្លាប់បានរងនូវការ«គម្រាម» ដោយប្រការណាមួយ ដែរឬទេ។

លោក កែម ឡី ដែលត្រូវបានគេស្គាល់ថា បានផ្ដល់ការធ្វើអត្ថាធិប្បាយ ដោយមិនសំចៃមាត់​ក្នុង​ព្រឹត្តិការណ៍​នយោបាយ និងសង្គមនៅក្នុងប្រទេសនោះ បានពន្យល់ថា នៅក្នុងប្រទេសមួយ ដែលសម្បូរទៅដោយខ្លា ពស់​វែក និងត្រីឆ្លាមនោះ វាមិនមែនជាកន្លែង សម្រាប់ឲ្យនរណាៗ ក៏អាចផ្ដល់នូវការបញ្ចេញមតិ ប្រកប​ដោយ​សុភវិនិច្ឆ័យ និងភាពមោះមុតបាននោះឡើយ។

ផ្ដល់គំរូដល់យុវជន...

លោកបានថ្លែងបន្តថា៖ «ប៉ុន្តែ បើយើងនាំគ្នាខ្លាច ខ្លាចទាំងអស់គ្នា យើងអត់អាចមានលទ្ធភាព ផ្ដល់គំរូដល់​យុវជននោះទេ។ យើងអត់មានលទ្ធភាព កែប្រែប្រទេសយើងនោះទេ។ អញ្ចឹងហើយ បានជាខ្ញុំហ៊ាននិយាយ​បែបនេះ។»

ការលើកឡើងខាងលើរបស់លោក កែម ឡី បានធ្វើឡើង បន្ទាប់ពីការវិភាគមួយរបស់លោក នៅក្នុងកម្មវិធី​លើកមុន របស់វិទ្យុអាស៊ីសេរី ដែលនិយាយទាក់ទងនឹងការវាយដំ ទាត់ធាក់ ទៅលើតំណាងរាស្ត្រពីររូប មកពី​គណបក្សសង្គ្រោះជាតិ នៅក្រោយបាតុកម្មមហាជន ទាមទារទម្លាក់លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភាជាតិ។

នៅពេលនោះ លោក កែម ឡី បានចាក់ចំឫស​គល់ នៃករណីវាយដំនេះ ថាកើតឡើងពីខ្សែរញ៉ាក់ នៅខាង​ក្រោយ​តែដដែលៗ និងតែមួយប៉ុណ្ណោះ។ ហើយអ្នក​កាន់​​ខ្សែរញ៉ាក់នេះទៀតសោធ មានចរិកដូច«ម៉ៃថៃសុន (Mike Tyson)» អតីតអ្នកប្រដាល់ជាតិអាមេរិក ដែលប្រដាល់តាមច្បាប់ប្រដាល់មិនឈ្នះ បែរជាលេងខាំ​«ស្លឹក​ត្រជៀក»គូប្រកួតរបស់ខ្លួន កីឡាករប្រដាល់ «ហូលីហ្វៀល (Evander Holyfield)»។

ចរិកលេង«ខាំស្លឹកត្រជៀក» របស់«ម៉ៃថៃសុន» ដែលធ្វើឲ្យក្រុមអ្នកតាមដានស្ថានការណ៍ ជាពិសេសអ្នក​ដែលស្គាល់ ពីនយោបាយកម្ពុជា ចាត់ទុកថា ជាការសំដៅទៅរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់​អំណាច ដោយកណ្ដាប់ដៃដែក តាំងពីជាង៣ទសវត្សន៍មកហើយ។

ប៉ុន្តែការលើកឡើង ប្រៀបប្រដូចលោក ហ៊ុន សែន នេះ ទៅនឹងអតីតកំពូលអ្នកប្រដាល់ ម៉ៃថៃសុន មិនមែន​ទើប​តែមាន ជាលើកទីមួយនោះទេ។ កាលពីឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥-៦កក្កដា នៃការធ្វើរដ្ឋប្រហារ បណ្ដេញព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចេញពីអំណាច ជានាយករដ្ឋមន្ត្រីទីមួយនោះ លោក ហ៊ុន សែន ក៏ត្រូវ​បានគេ​ចំអកឲ្យ ថាមានចរិក ជាអ្នកប្រដាល់លេងខូច «ម៉ៃថៃសុន» ដែរ។ ប៉ុន្តែនៅពេលនោះ លោកបានថ្លែង​បដិសេធ ជាសាធារណៈ តបទៅវិញថា៖ «គេថា លោក ហ៊ុន សែន វ៉ៃដូចម៉ៃថៃសុន។ ខ្ញុំប្រាប់ទៅវិញថា ម៉ៃថៃសុន វ៉ៃ​លេង​ខាំស្លឹកត្រជៀក ឯខ្ញុំ ខ្ញុំវ៉ៃដោយតម្លាភាព។»

យ៉ាងណាក៏ដោយ លោក កែម ឡី បានថ្លែងដោយមោទនៈ នៅក្នុងវិទ្យុអាស៊ីសេរីទៀតថា តាំងពី៤ ឬ៥ឆ្នាំមុន រហូតមកដល់ពេលនេះ លោកមិនដែលរង​នូវការគម្រាមណាមួយ ធ្វើឡើងដោយផ្ទាល់ មកកាន់រូប​លោក​ឡើយ។ លោកបានឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យមានបរិយាកាសរបៀបនេះ ទៅលើអ្នកដទៃគ្រប់រូប ដែលហ៊ាន​បញ្ចេញ​មតិ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់