​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

ព្រះបរមរាជវាំង បានបដិសេធថា អង្គព្រះមហាក្សត្រកម្ពុជា ព្រះនរោត្តម សី ហមុនី «ពុំមាន»ព្រះរាជតម្រិះ ឬព្រះរាជឱង្ការ កោះហៅមេដឹកនាំ គណបក្សធំៗទាំងបី ដូចអ្វីដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលឡើយ។

សេចក្តីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ក្នុងថ្ងៃទី២៧ ខែ​កក្កដា នេះ បានលើកឡើងថា មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនធំ បានធ្វើការចុះផ្សាយ ដោយស្រង់យក​សម្តី របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានមានព្រះបន្ទូលថា «ព្រះមហាក្សត្រគ្រោង នឹងកោះ​ហៅ​មេ​ដឹកនាំ គណបក្សនយោបាយធំៗ ទាំងបី មកប្រជុំពិភាក្សា លើបញ្ហាព្រំដែន...។»

សេចក្តីប្រកាសព័ត៌មានដែល បានចេញក្នុងថ្ងៃទី២៧ ខែកក្កដា នេះបានបន្តទៀតថា៖ «បើមានកិច្ចពិភាក្សា ពី​បញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (...) ព្រះអង្គ​នឹង​ពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃអង្គនិតិប្រតិបត្តិ ហើយព្រះអង្គ ក៏មិនមានទម្លាប់ពិគ្រោះ​យោបល់ ជាមួយ​គណបក្សនយោបាយឡើយ។»

សូមបញ្ជាក់ថា ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ កាលពីព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ បានមានបន្ទូលអះអាងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់ទំនងជា​គ្រោង​ នឹង​កោះ​ហៅ​មេដឹកនាំ នៃគណបក្សទាំងបី ឲ្យចូលពិភាក្សាគ្នា ពីបញ្ហាព្រំដែនកម្ពុជា។ មានបន្ទូល ក្នុង​ជំនួបជា​មួយក្រុមយុវជន នាពេលនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជតួនាទី ក្នុងការថែរក្សា​បូរណភាពទឹកដី។

» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ

ចំពោះការអះអាង របស់ព្រះអង្គម្ចាស់ខាងលើនេះ ត្រូវបានក្រសួងព្រះបរមរាជវាំង ធ្វើការបដិសេធ និងទាត់​ចោលទាំងស្រុង ដោយនិយាយថា ព័ត៌មាននេះ បានធ្វើឡើងប្រាសចាកពីការពិត។ ជុំវិញបញ្ហានេះ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរកប្រតិកម្ម ពីព្រះអង្គម្ចាស់ រណឬទ្ធិ ឬអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បាននៅឡើយ៕


» សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់