ជន​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ពី​ឆ្នាំ២០១៤ បន្ថែម​បន្ទុក​ថ្មី​សម្រាប់ ICC

ភស្ដុតាងថ្មីបន្ថែមទៀត ត្រូវបានបញ្ជូនទៅឲ្យអន្តររដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ជា​ភាសា​អង់គ្លេស ICC និង​ជា​ភាសា​បារាំង CPI) កាលពីថ្ងៃព្រហស្បត្តិ ទី២៣ ខែកក្កដា ទាក់ទងនឹងពលរដ្ឋ ប្រមាណ​ជា​៦ម៉ឺន​នាក់ ដែល​បាន​រងគ្រោះ នឹង​នយោបាយ​បណ្ដេញ​ចេញ ពីដិធ្លីផ្ទះសម្បែង​រាប់ចាប់តាំងពីឆ្នាំ ២០១៤។ នេះ​បើ​តាម​ការអះអាង​ របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​កាត់​ថា FIDH។

បើទោះជាករណី​ នៃការដាក់ពាក្យបណ្ដឹង ទៅកាន់សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ​ ដូចជាត្រូវបានគេ​បំភ្លេច​​ចោល​ជា​អន្លឺ​ ដោយបញ្ហាផ្សេងទៀត ដូចជាបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាដើមនោះ តែសម្រាប់លោកមេធាវី រីឆារដ៍ រ៉ូជ័រ (Richard J. Rogers) មិនបានភ្លេច«ភារកិច្ច»របស់លោក ក្នុងការនាំបណ្ដឹង ប្រឆាំង​នឹង​ក្រុម​មនុស្ស ដែល​ស្និត​នឹងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ឡើងទៅ​តុលាការ​អន្តរជាតិ មួយ​នេះ​ឡើយ។

ក្នុងនាមលោក តំណាងឲ្យជនរងគ្រោះ និងជាដៃគូរបស់សមាគម «Global Diligence (ដែលធ្វើការមិនគិត​កម្រៃ ផ្នែកយុត្តិធម៌ មានទីស្នាក់ការធំ នៅក្នុងរាជធានីឡុងដ៍ ចក្រភពអង់គ្លេស)» លោកមេធាវីបានបន្ថែម ភស្តុតាង​ថ្មីៗបន្ថែមទៀត បញ្ជូនទៅឲ្យអ្នកស្រី អន្តររដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន។ នេះជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ដែលបានគាំទ្រពាក្យបណ្ដឹង របស់លោកមេធាវី រ៉ូជ័រ។

ប្រធានសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ លោក ការីម ឡាហីដ្យី (Karim Lahidji) បានថ្លែងឲ្យដឹងថា៖ «ករណី​ទាំង​នេះ បានបង្ហាញនូវភស្ដុតាងជាថ្មីទៀត ថាការអនុវត្តន៍ជាប្រព័ន្ធ នូវការរឹបអូសដីធ្លី អាចត្រូវបានចាត់ទុក ជា​ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។ ដូច្នេះ វាជារឿងបន្ទាន់ ដែលអ្នកស្រីអន្តររដ្ឋអាជ្ញា របស់សាលាក្ដី​ព្រហ្ម​ទណ្ឌ​អន្តរជាតិ គួរតែមានវិធានការ បើកឲ្យមានការស៊ើបអង្កេត ជាជំហានដំបូងមួយ។»

សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធអន្តរជាតិមួយនេះ បានឲ្យដឹងទៀតថា ចលនានៃការរឹបអូស និងការ​បណ្ដេញចេញ ពីដីធ្លីផ្ទះសម្បែង បានបង្កើនល្បឿនយ៉ាងខ្លាំង នៅឆ្នាំ២០១៤ ដែលបង្កឲ្យពលរដ្ឋកម្ពុជា ច្រើន​ជាង៦ម៉ឺននាក់ បានរងគ្រោះ បើគិតមកទល់នឹងត្រីមាសទីមួយ នៃឆ្នាំ២០១៥នេះ។ គេអាចគណនាបានថា មាន​មនុស្សជាង ៨៣ម៉ឺននាក់ បានរងគ្រោះនឹងបញ្ហាដីធ្លី បើរាប់តាំងពីឆ្នាំ២០០០មកនោះ។ ពីក្នុងចំណោម​នោះ មួយ​ភាគធំ កំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី ជាមួយនឹងស្ថានភាពដ៏អាក្រក់ មិនមានអាហារគ្រប់គ្រាន់ និង​ពោរ​ពេញ​ដោយជំងឺដម្កាត់។

កាលពីឆ្នាំទៅម៉ិញ អង្គការសង្គមស៊ីវិល ចំនួន៤០ នៅជុំវិញពិភពលោក ដែលធ្វើការទាក់ទងនឹងដីធ្លី បានស្នើ​សុំទៅ សាលាក្ដីមួយនេះ ដើម្បីពិនិត្យមើល ទៅលើសំនុំរឿង។ អង្គការសង្គមស៊ីវិលទាំងនោះ បានប្រកាសថា៖ «យើងមានកាតព្វកិច្ច ការពារជនរងគ្រោះ ពីការរឹបអូសដីធ្លី និងការបណ្ដេញចេញពីផ្ទះសម្បែង ដែលគ្មាន​សង្ឃឹម​​នឹងទទួលបាន នូវយុត្តិធម៌ នៅប្រទេសរបស់ពួកគេ»។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បាន​ឲ្យ​ដឹង​​ទៀត​ថា ជនជាតិកម្ពុជាច្រើនជាង ៧០០០នាក់ បានចុះហត្ថលេខា នៅលើញត្តិមួយ ដើម្បីស្នើសុំ ឲ្យ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ បើកការស៊ើបអង្កេត ទៅលើការចោទប្រកាន់ទាំងនេះ។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

លោកមេធាវី រីឆារដ៍ រ៉ូជ័រ បានថ្លែងឲ្យដឹងថា៖ «ការផ្ដល់ជូន នូវឯកសារទាំងនេះ ជាឱកាសតែមួយ សម្រាប់​អ្នកស្រី​​អន្តររដ្ឋអាជ្ញា របស់សាលាក្ដី ក្នុងការអះអាង ពីតួនាទីដ៏សំខាន់ របស់ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ នៅក្នុង​​កិច្ច​ការពារ​ពលរដ្ឋ ប្រឆាំងនឹងការបណ្ដេញចេញ ពីដីធ្លីរបស់ពួកគេដោយបង្ខំ»។

នៅក្នុងឯកសារទាំងនោះ បានបង្ហាញបន្ថែមទៀត ពីឧក្រិដ្ឋកម្មដែលជាប់ទាក់ទង នឹងការរឹបអូសយកដីធ្លី និង​ដែល​មានទំហំមិនសមប្រកប ថាបានប្រព្រឹត្តិទៅលើស្ត្រី ខណៈពួកគេ មានការទទួលខុសត្រូវ ក្នុងការចិញ្ចឹម និង​អប់រំកូនចៅ នៅក្នុងគ្រួសារ។ ការបាត់បង់ដីធ្លី បានបង្កឲ្យក្រុមស្ត្រីទាំងនេះ ទទួលរងនូវការធ្វើអាជីវកម្ម និង​ខ្លះទៀតគ្មាន​ការងារធ្វើ។ ក្រុមស្ត្រីដែលបានធ្វើការ តវ៉ាសម្ដែងមតិរបស់ពួកគេ ប្រឆាំងនឹងការរឹបអូសដីធ្លី ឬការ​បណ្ដេញ​ចេញ​នេះ តែងបានរងគ្រោះ ត្រឡប់មកវិញ នូវការបង្ក្រាបយ៉ាងឃោឃៅ និងត្រូវបានចាប់ឃុំខ្លួន ដោយ​គ្មាន​​ការ​ជំនុំជម្រះ។

គួររំលឹកជូនថា សំណុំឯកសារដំបូង ត្រូវបានលោកមេធាវី រ៉ូជ័រ រួមជាមួយនឹងសហព័ន្ធ សិទ្ធិមនុស្សអន្តរជាតិ ដាក់​ជូនអ្នកស្រីអន្តររដ្ឋអាជ្ញា នៃសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ កាលពីអំឡុងខែតុលារ ឆ្នាំ២០១៤។ នៅក្នុង​ពាក្យ​បណ្ដឹង​នោះ បានលើកពីភស្ដុតាង និងសាក្សីជាច្រើន ដែលបង្ហាញថា ក្រុមមេដឹកនាំ នៃរដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ - នៃកងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកមានប្រាក់ ស្និតនឹងរដ្ឋាភិបាល បានរៀបចំឲ្យ​មាន នូវ​យុទ្ធនាការ ប្រឆាំងនឹងប្រជាជនស៊ីវិល នៅក្នុងបុព្វហេតុពីរ៖ (១) ដើម្បីការមានបាន របស់ពួកគេ និង(២) ដើម្បី​រក្សា​អំណាច​របស់​ពួកគេ បើទោះជាត្រូវអនុវត្តន៍ តាមវិធីណាក៏ដោយ។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់អាច ស្វែងរកប្រតិកម្មតប ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅក្នុងសំនុំ​ឯកសារថ្មីនេះបានឡើយ ដោយសារតែថ្ងៃនេះ ជាថ្មៃឈប់សម្រាក។ ទស្សនាវដ្ដីនឹងព្យាយាម ស្វែងរកប្រតិកម្ម ហើយយកមកចុះផ្សាយ នៅក្នុងអត្ថបទខ្លួន នាពេលក្រោយ។ យ៉ាងណាក៏ដោយ នៅក្នុងការដាក់ពាក្យបណ្ដឹង លើកទីមួយ របស់ក្រុមអ្នកច្បាប់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ឡើងទៅសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិនេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើការច្រានចោល នាពេលនោះ ដោយបាន​ចាត់​ទុក​ថា ពាក្យ​បណ្ដឹង ក្នុង​រឿង​វិវាទ​ដីធ្លីខាងលើ គ្រាន់​តែ​ជា​ការ​បង្កាច់​បង្កូច នៃ​ក្រុម​អ្នក​«ថា» មិន​ដែល​«ធ្វើ»​ មកលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

កាលពីសប្ដាហ៍មុន របាយការណ៍ «ដីរបស់អ្នកណា?» របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក  បានចេញ​ផ្សាយឲ្យដឹងថា ក្នុងរយៈពេល ១៨ខែ ចាប់ពីចុងឆ្នាំ២០១៣ មកដល់ពេលនេះ បញ្ហាដីធ្លី បានធ្វើឲ្យប៉ះពាល់​ដល់​ពលរដ្ឋ ប្រមាណ​ជាង៩ពាន់គ្រួសារ ក្នុងជម្លោះដីធ្លី ប្រមាណជាងបីម៉ឺនហិកតារ។ ឯពលរដ្ឋក៏ត្រូវបានចាប់​ខ្លួន ជាបន្តបន្ទាប់ ក្នុង​នោះ​ចំនួន១៣៩នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងជម្លោះដីធ្លី។ សម្រាប់ដើមឆ្នាំ២០១៥នេះ ​ពលរដ្ឋ​ចំនួន១៨នាក់​ ត្រូវបានចាប់ខ្លួន ក្នុងនោះ៩នាក់ត្រូវបានឃុំខ្លួន, ៦នាក់ ដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យ ដោយ​តុលាការ និង​៣នាក់​ដោះលែង។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

» ដើម្បីអានរាល់សំនុំរឿង ដែលទាក់ទងនឹងវិវាតដីធ្លី នៅក្នុងប្រទេសកម្ពុជា សូមចុចនៅលើទីនេះ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់