សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

«មិនខ្វះទេ កម្មវិធីនយោបាយ កុំយកព្រំដែន ធ្វើជាចំណីនយោបាយ។» នេះជាអនុសាសន៍ របស់អ្នកវិភាគនយោបាយ លោក សុខ ទូច ផ្ញើរសារ ទៅកាន់គណបក្សនយោបាយទាំងពីរ។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 23, 2015
  • ប្រធានបទ: ព្រំដែន
  • អាន និងបញ្ចេញយោបល់

សូមអ្នកនយោបាយទាំងអស់ ជៀសឲ្យឆ្ងាយ ពីបញ្ហាយករឿងព្រំដែន ជារឿងរបស់ជាតិទាំងមូម មកធ្វើជា​រឿង​កំប្លុកកំប្លែង ដើម្បីតែចំណេញនយោបាយរបស់ខ្លួន។ នេះជាសារ ដែលលោក សូខ ទូច អ្នកវិភាគនយោបាយ និងជាប្រធានក្រុមការងារស្រាវជ្រាវ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រមូលឯកសារ ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅរាជបណ្ឌិតសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

លោកបានថ្លែងឡើងថា បញ្ហា«ព្រំដែន» មិនមែនជាបញ្ហា របស់បុគ្គលណាម្នាក់ មិនមែនជាបញ្ហា របស់​លោក​​នាយករដ្ឋមន្រ្តីហ៊ុនសែន ហើយក៏មិនមែនជាបញ្ហា របស់គណបក្សប្រឆាំងដែរ តែជាបញ្ហារបស់ជាតិ​កម្ពុជា​ទាំង​មូល ជាបញ្ហារបស់រដ្ឋសភាកម្ពុជា។ លោក សុខ ទូច បានបង្ហាញការខកចិត្ត ចំពោះគណបក្សសង្គ្រោះជាតិ ដែល​តែងតែប្រកាសក្តែងៗថា បានទទួល ឬចម្លងផែនទី ពីប្រទេសបារាំង សម្រាប់ការប្រើប្រាស់ជាក់ស្តែង តែ​ផ្ទុយទៅវិញ មានត្រឹមតែក្នុងអាយផែត (iPad) ប៉ុណ្ណោះ។ លោកបានផ្តាំផ្ញើរថា ផែនទីដែលគណបក្ស​សង្គ្រោះ​ជាតិ​មាននោះ លោកមិនអាចទទួលយក មកធ្វើការស្រាវជ្រាវបានឡើយ។

អ្នកវិភាគនយោបាយ បានថ្លែងអះអាងថា៖ «សូមបដិសេធទាំងស្រុង ទៅលើឯកសារទាំងឡាយណា ដែល​ចេញ​ពីអាយផេត ពីឌីវីឌី (DVD)។ យើងមិនយកទេ ប៉ុន្តែយើងទទួលយកដើម្បីអី? ដើម្បីសិក្សាឲ្យគ្រប់​ព័ត៌មាន។ (...) យើងដាច់ខាត យើងនឹងមិនយកឯកសារ ចេញពីអាយផេត និងឌីវីឌី ដាច់ខាត នៅពេលយកទៅ​អនុវត្តន៍ នៅ​លើ​ផែនដី​នោះ។»

លោក សុខ ទូច បានពន្យល់ទៀតថា៖ «បើរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ត្រូវយកតាមរដ្ឋធម្មនុញ។ (...) ផែនទី​ដែល​មិនឆ្លើយតប តាមរដ្ឋធម្មនុញ្ញ គួត្រូវបានធ្វើវិសោធកម្ម ឬការធ្វើវិសោធកម្ម លើមានត្រា២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីបើកផ្លូវ ឲ្យមានលទ្ធភាព ក្នុងការប្រើប្រាស់ផែនទីផ្សេងទៀត ដែលមានប្រយោជន៍ និង​ភាព​ប្រសើជាង ជាមួយនឹងប្រទេសជិតខាង។ (...) ហើយឈប់ជះទឹកលើគ្នា ពីបបញ្ហាព្រំដែននេះ។»

ជាមួយនឹងដំណោះស្រាយ ផ្នែកជម្លោះព្រំដែនកម្ពុជា-វៀតតណាម ត្រូវបានលោក សុខ ទូច លើកឡើងអះអាង​ទៀតថា គោលការណ៍សំខាន់ ក្នុងការស្រាវជ្រាវ និងកំណត់ទិស បានជាក់លាក់ច្បាស់លាស់ លើបញ្ហាព្រំដែន សុខ ឬត្រូវ តោងគោរពតាម គោលការណ៍បីយ៉ាង ទីមួយ លើផែនទី - ទីពីរ លើឯកសារពាក់ព័ន្ធនានា និងទីបី លើមនុស្សដែលកំពុងរស់នៅ។

បើតាមលោក សុខ ទូច មកទល់ពេលនេះ ឯកសារនានា និងផែនទី ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រាជបណ្ឌិតសភា​កម្ពុជា បានទទួលឯកសារមួយចំនួន ពីរដ្ឋាភិបាល, ពីលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅប្រទេសបារាំង។ ដោយឡែក ឯកសារដែលលោក ហ៊ុន សែន ស្នើសុំខ្ចីពីបណ្តាប្រទេស​មហា​អំណាច​ទាំងបី និងផែនទីដែលលោក សម រង្ស៊ី ទិញពីប្រទេសបារាំង ក្រុមរបស់លោក សុខ ទូច នៅមិនទាន់ទទួល​បាន​នៅឡើយ។

លោក សុខ ទូច អះអាងថា កម្ពុជាដល់ពេលមានឯកសារ ជាផ្លូវការរបស់ខ្លួន​ ជាភាសាខ្មែរហើយ មិនចាំបាច់​ប្រើប្រាស់ភាសាបរទេសទៀតទេ។ ហើយលោកថា មានអ្នកអក្សរសាស្រ្តច្រើនណាស់ រង់ចាំទទួលកិច្ចការ​ទាំង​អស់នេះ។ ត្រូវមានឯកសារសម្រាប់ជាតិ ក្នុងនាមខ្លួនជាប្រទេសមួយ មានអធិបតេយ្យរបស់ខ្លួននោះ៕

------------------------

» សូមតាមដានព័ត៌មាននេះ ជាវីដេអូ ដូចតទៅ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់