រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

«ឈប់ចោទរដ្ឋាភិបាលថា យកផែនទីក្លែងក្លាយ»។ នេះជាសំណើរ របស់មន្ត្រីរដ្ឋាភិបាល លោក វ៉ា គឹមហុង ខណៈ​លោក រៀល ខេមរិន្រ្ទ មក​ពី​គណបក្ស​ប្រឆាំង បាន​ស្នើ​ដែរ​ថា៖ «ឈប់ប្រើ អាពាក្យថា យកប្រជាប្រិយភាព»។

ពាក្យឌឺដងដាក់គ្នា ផ្លែផ្កាឲ្យគ្នាទៅវិញទៅមកនេះ ត្រូវបានលើកឡើងដដែលៗ និងជាបន្តបន្ទាប់ ក្នុងរយៈពេល​ជាងបីម៉ោង ក្នុងសន្និសីទសារព័ត៌មាន របស់មន្ត្រីរដ្ឋាភិបាល លោក វ៉ា គឺមហុង កាលពីថ្ងៃទី២ ខែកក្កដា ម្សិល​ម៉ិញនេះ នាទីស្តីការគណរដ្ឋមន្រ្តី។ ពាក្យទាំងពីរនេះ ត្រូវបានស្នើបញ្ចប់រៀងៗខ្លួន រវាងលោក វ៉ា គឹមហុង តំណាង​ឲ្យរាជរដ្ឋាភិបាល និងលោក រៀល ខេមតិន្ទ្រ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក រៀល ខេមរិន្ទ្រ មកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យលោក វ៉ា គឹមហុង ដកយកពាក្យថា គណបក្សប្រឆាំង កំពុងទាញយក«ប្រជាប្រិយភាព» តាមរយៈការស្វែង​រក​ដំណោះ​ស្រាយ លើបញ្ហាព្រំដែនចេញទៅវិញ។

តំណាងរាស្រ្តមណ្ឌលស្វាយរៀងរូបនេះ បានស្នើឡើងថា៖ «អ្វីដែលយើងខ្ញុំធ្វើ ដើម្បីទាញយកប្រជាប្រិយភាព? សូមឈប់មានប្រសាសន៍បែបនេះទៅ។ ព្រោះមិនមែនជារឿងគណបក្សសង្គ្រោះជាតិ មិនមែនជារឿងបុគ្គល​របស់ខ្ញុំទេ ជារឿងជាតិតែមួយ។ ខ្ញុំគ្រាន់តែសុំបញ្ជាក់ប៉ុណ្នឹង។ (...) មិនមែនជារឿងប្រជាប្រិយភាពទេ បើយើង​ដើរទៅយួនវាយបែកក្បាល។ គឺបញ្ហាជាតិ។ (...) ឈប់ប្រើ អាពាក្យថា យកប្រជាប្រិយភាព។ គណបក្ស​សង្គ្រោះ​ជាតិ មិនមានយកប្រជាប្រិយភាពអ្វីទេ គឺជួយជាតិ។»

ដើម្បីទទួលយកសំណើរនេះ ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹម ហុង បានស្នើ​ទៅមន្រ្តី និងគណបក្សសង្គ្រោះជាតិទាំងមូលវិញ ឲ្យឈប់ធ្វើការ ចោទប្រកាន់រដ្ឋាភិបាល ថាប្រើប្រាស់​ផែនទី​ក្លែងក្លាយ ឬលក់ខ្លួន ឲ្យប្រទេសវៀតណាមជាដើម។

ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការព្រំដែនរូបនេះ បានលើកឡើងដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិ ឈប់ចោទ​រដ្ឋាភិបាលថា យកផែនទីក្លែងក្លាយ ឈប់ចោទថា កម្ពុជាមិនបានយកផែនទី... ឈប់ចោទថា យើងហ្នឹង​លក់​ខ្លួនឲ្យគេ ធ្វើការឲ្យគេ ឲ្យគេចូលមកស្រេចនឹងចិត្ត។ ឈប់! អត់មានឲ្យចោទតទៅទៀតទេ។»

តែកិច្ចសន្ទនា ពីពាក្យទាំងពីរ មិនបញ្ចប់ត្រឹមណ្នឹងទេ ព្រោះតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានបន្ត​ស្នើ​ឲ្យ​លោក វ៉ា គឹមហុង ត្រូវយល់ពីពាក្យថា «វប្បធម៌សន្ទនា» ហើយកុំយកពាក្យនេះ មកជជែកក្នុងបរិបទមួយ ដែល​ប្រជាពលរដ្ឋកម្ពុជា ឬតំណាងរាស្រ្ត រួមគ្នាដោះស្រាយបញ្ហាសម្រាប់ជាតិ ហើយចោទថា ទង្វើទាំងនោះ ជា​ការ​ធ្វើឲ្យខូចវប្បធម៌សន្ទនា របស់គណបក្សទាំងពីរនោះ។ លោកបានបន្ថែមដូច្នេះថា៖ «វប្បធម៌សន្ទនា យើង​និយាយ​ពីបញ្ហាអ្វី ដែលជាប្រយោជន៍សម្រាប់ជាតិ។ មិនមែនយកវប្បធម៌សន្ទនាមកថា ពេលដែលយើង​ទៅ​មើលជាយដែន ធ្វើឲ្យខូចវប្បធម៌សន្ទនានោះទេ។ វប្បធម៌សន្ទនា ជារឿងជាតិរបស់យើងទាំងអស់គ្នា។»

ទាក់ទិននិងបញ្ហានេះ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា ការចុះមើលព្រំដែនកម្ពុជា-វៀតណាម ជារឿងរបស់ជាតិទាំងមូល ដែលក្នុងនាមពលរដ្ឋ ឬតំណាងឲ្យរាស្រ្ត​ទូទាំង​ប្រទេសនោះ ចាំបាច់ត្រូវដឹង និងដោះស្រាយ។ លោកក៏បានបង្ហាញនូវភាពអស់សង្ឃឹម ចំពោះអាជ្ញាធរ​វៀតណាម ដែលមិនបានឆ្លើយតប នឹងកំណត់ទូតរបស់កម្ពុជា បើទោះជាកម្ពុជាបានដាក់ទៅ ជាច្រើនលើក​ក៏​ដោយនោះ៕

» សូមទស្សនាវីដេអូដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់