ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

គណបក្ស​ប្រជាជនកម្ពុជា បាន​ប្រកាស​ជា​ថ្មី​ទៀត ថា​ប្រធានគណបក្សថ្មី លោក ហ៊ុន សែន នឹង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី និង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី នៅ​អាណត្តិក្រោយ​ៗ​បន្ត​ទៀត ដោយគ្មានការផ្លាស់ប្ដូរអ្វីឡើយ។​
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 21, 2015
  • ប្រធានបទ: បន្តអំណាច
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជាប់ឆ្នោត​ កាលពីថ្ងៃ​សៅរ៍ ​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នោះមក ភ្លាមៗនៅពាក់កណ្ដាលអាធ្រាត ថ្ងៃដដែល សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សនេះ បានបញ្ជាក់​ឲ្យ​ដឹងសារជាថ្មី ពីជំហរជា​ឱឡារិក​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ ​ជា​នាយក​រដ្ឋមន្រ្តី​ដដែល និង​ជា​បេក្ខភាព​​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិ​ក្រោយ​ៗ​ទៀត។

បើមានពាក្យចចាមអារ៉ាម...

សេចក្ដីថ្លែងការណ៍នោះ បានសរសេរខ្លួនឯងថា បន្ទាប់ពីសន្និបាតជ្រើសរើស​ប្រធាន និង​អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ «ក៏មានលេច​ឭ ពាក្យ​ចចាម​អារ៉ាម​បំពុល ​ក្នុង​សាធារណមតិ​ថា សម្តេច​ អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទៀតហើយ»។

ហើយការកាន់តំណែង ជានាយករដ្ឋមន្ត្រី និងបន្តបេក្ខភាពជានាយកមន្ត្រី សម្រាប់អណត្តិក្រោយៗទៀត របស់​លោក ហ៊ុន សែន នោះ ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ អះអាងដែរ ថាបានអនុលោម «ទៅ​​តាម​សេចក្តី​សម្រេច​​ចិត្ត ​របស់​មហា​សន្និបាត​វិសាមញ្ញ​ តំណាង​ទូទាំង​ប្រទេស ​របស់​គណបក្ស​ជា​បន្ត​បន្ទាប់​​កន្លង​មក»។

កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៥ សន្និបាតមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលជា​គណបក្ស​កាន់អំណាច បានជ្រើសតាំងលោក ហ៊ុន សែន ជាប្រធានគណបក្ស ជំនួសលោក ជា ស៊ីម ដែលទើប​នឹង​ធ្វើ​អនិច្ចកម្ម ក្នុងជន្មាយុ៨២ឆ្នាំ។ ចំណែក​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក​ ស ខេង និង​ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ត្រូវជ្រើសតាំង ​ឲ្យ​ក្លាយ​ជា​អនុប្រធាន​គណ​​បក្ស តែមិន​បាន​កំណត់​ថា​ តើ​នរណា​​ម្នាក់​ជា ​អនុ​​ប្រធាន​​ទី​១ ឬ​ទី​២​ នោះ​ទេ។​

នេះ​ ជា​​លើក​ទី​មួយ ដែល​គណបក្ស​ប្រជាជនកម្ពុជា​ មាន​អនុប្រធាន​គណបក្ស​ ចំនួន​​២​រូប និងជាអ្វី ដែលបាន​ជំរុញ ឲ្យមានការជជែកវែកញ៉ែក ក្នុងចំណោមអ្នកតាមដាន ស្ថានការណ៍នយោបាយកម្ពុជា យ៉ាង​ផុលផុស។​

សម្រាប់លោក ហ៊ុន សែន ខ្លួនលោកវិញ លោកធ្លាប់​បាន​ប្រកាស​ កាលពីថ្ងៃទី​២៩ ខែមេសាថា ​លោក​នឹង​ធ្វើ​ជា​បេក្ខភាព​នាយ​ក​រដ្ឋមន្រ្តីដដែល សម្រាប់អណត្តិទី៦ខាងមុខទៀត។​ ប៉ុន្តែបុរស​ខ្លាំង​របស់ប្រទេសកម្ពុជា ដែល​កាន់អំណាចក្នុងតំណែងនេះ តាំងពី៣ទសវត្សន៍មកហើយនោះ មិនបានប្រាថ្នាចង់ធ្វើជានាយករដ្ឋមន្ត្រី រហូត​ដល់លោក មានអាយុ៩០ឆ្នាំនោះឡើយ។ នេះបើតាមការថ្លែងអះអាង ដោយខ្លួនលោកផ្ទាល់ កាលពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ២០១៥ ដោយហេតុថា ការចូលរួម​កម្មវិធី​ជារៀងរាល់ថ្ងៃ បានធ្វើឲ្យ​លោក​ហត់​នឿយ​៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់