ការ​ចុះ​ចត​លើ​ផែនដី​«ជិត​បាន​សម្រេច» នៃ​កាំជ្រួច​ផ្កាយ​រណប

ជិតបានសម្រេច មិនមានន័យថា បានសម្រេចនោះទេ។ វាជារឿងគួរឲ្យស្ដាយបំផុត បើប្រៀបធៀបទៅនឹងការខិតខំប្រឹងប្រែង របស់ក្រុមអ្នកស្រាវជ្រាវ របស់ក្រុមហ៊ុន​ Space X។
ទិដ្ឋភាពនៃការសាកល្បងចុះចត នៅលើផែនដី របស់កាំជ្រួចផ្កាយរណប។

ការស្រាវជ្រាវ ដើម្បីឲ្យកាំជ្រួចផ្កាយរណប បានធ្វើឡើង សឹងតែបានសម្រេចទៅហើយ។ នោះជាគម្រោងស្រាវជ្រាវមួយ របស់ក្រុមហ៊ុន Space X របស់អាមេរិក ដើម្បីនាំកាំជ្រួចផ្កាយរណប ឲ្យត្រឡប់មកផែនដីវិញ ហើយធ្វើយ៉ាងណា ឲ្យ​កាំជ្រួច​ទាំងនោះ អាចចុះចតបញ្ឈរ។ ប៉ុន្តែ នៅពេលកាំជ្រួចបានចុះ មកដល់ជិតទូក ដែលដាក់រងចាំទទួលកាំជ្រួច នៅ​កណ្ដាលមហាសមុទ្រនោះ កាំជ្រួចបានរលំ ហើយបានផ្ទុះឡើង។ បញ្ហានេះ ទំនងបណ្ដាលមកពី កាំជ្រួចបានចុះចតវិញ ដោយ​ល្បឿន​លឿនពេក និងមិនបានចំកន្លែង ច្បាស់លាស់។

ការសាកល្បងនេះ បានប្រព្រឹត្តទៅ ជាលើកទី៣ នៅក្នុងឆកសមុទ្រ ផ្លរីដា (Florida) ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក កាល​ពីថ្ងៃអង្គារថ្ងៃទី១៤ ខែមេសាកន្លងទៅ ហើយរូបភាពទើបនឹងបញ្ចេញ ឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។

បើទោះជាការសាកល្បង បានទទួលបរាជ័យ ប៉ុន្តែការស្រាវជ្រាវ នៅតែបន្តទៀត ដោយហេតុថា ទីភ្នាក់ងារអវកាស NASA របស់អាមេរិក ចង់កាត់បន្ថយការចំណាយ ទៅលើការសាងសង់កាំជ្រួច នៅរៀងរាល់ប្រតិបត្តិការ បាញ់ឡើង​ទៅ​អវកាស ដោយចង់ត្រឡប់ មកប្រើកាំជ្រួច ដែលបានប្រើរួច។ ហើយដើម្បីបម្រើឲ្យការសាកល្បង សម្រាប់ការចុះចត នៅ​លើ​ដី ក្រុមហ៊ុន Space X មានកាំជ្រួចដល់ទៅ៨ដើម សម្រាប់ឆ្នាំ២០១៥នេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments