ប៉ោយប៉ែត៖ សំណង់​តូប​លក់​ដូរ​ស្រេច​ចិត្ត លើ​ចិញ្ចើម​ផ្លូវ​មុខ​​វត្ត​​ថ្មី?

ព្រះគ្រូចៅអធិការវត្ត«សុរិយារាម» ហៅវត្ត«ថ្មី» ព្រួយបារម្ភខ្លាចមានបញ្ហា នៅថ្ងៃមុខ ព្រោះមានការសាងសង់ ធ្វើ​ជា​កន្លែង​លក់​ដូរ នៅ​ពី​មុខ​របងវត្ត។ ដីដែលម្ចាស់អាជីវកម្មឯកជន បានសាងសង់នោះ ជាដីចិញ្ចើម​ផ្លូវ​សាធារណៈ ដែល​មាន​ព្រំ​ប្រទល់​ជាប់ ជា​​មួយ​​វត្ត​ និង​សាលា​បឋម​សិក្សា ហ៊ុន សែន វត្តថ្មី។

ការសាងសង់ នៅលើចិញ្ចើមផ្លូវដើម្បីប្រកបរបរ ធ្វើអាជីវកម្មជាលក្ខណៈឯកជន បានបង្ករឲ្យមានការព្រួយ​បារម្ភ ដល់​ព្រះ​គ្រូ​ចៅអធិការវត្ត សូរិយារាម ហៅវត្តថ្មី និងនាយកសាលាបឋមសិក្ស ហ៊ុន សែន វត្តថ្មី។ បើ​តាម​ប្រភព​ផ្ទាល់កន្លែង បានឲ្យ​ដឹងថា សំណង់តូបទាំងនេះ ត្រូវបានសាងសង់ឡើង តាំងពីថ្ងៃទី៨ ដើមខែកុម្ភៈ នៅ​លើ​ចិញ្ចើម​ផ្លូវសាធារណៈ ភូមិ​បាលិលេយ្យ​ទីមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​នឹងរបងវត្ត និងសាលាបឋម​សិក្សា​នោះ​តែ​ម្ដង។  រហូតមកដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ការសាងសង់ ហាក់​ដូចជាបានកើនឡើង រឹងរឹតតែលើសដើម ដោយ​មិន​មាន​អន្តរាគមន៍​ណាមួយ ពីអាជ្ញាធរសង្កាត់ ក្នុងតំបន់​នោះ​នៅ​ឡើយ ។

ព្រះតេជគុណ ឌួង រដ្ឋា ចៅអធិការវត្តថ្មី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ព្រះអង្គមានការបារម្ភ នឹង​សំណង់​ធ្វើ​អាជីវកម្មទាំងនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនា។ ព្រះតេជគុណយល់ថា ការបង្កើត​រោងលក់ដូវរនេះ មិន​មែនជាលក្ខណៈតូចតាច ដែលអាចរុះរើបានឆាប់ៗនោះទេ ដោយហេតុមានចាក់ប៉េតុង យ៉ាងរឹងមាំផង។ ម្យ៉ាងទៀត ការ​សាងសង់ មិនមានការបញ្ឈប់ តែនៅតែធ្វើ ជាបន្តបន្ទាប់ទៀត ហើយ​មិន​មាន​ខាងមន្ត្រីមូលដ្ឋានណាមួយ ចុះមកទប់​ស្កាត់​នោះទេ ទោះជាដឹងថា ទង្វើទាំងនេះផ្ទុយនឹងសេចក្តីប្រកាស របស់​សាលាខេត្តក៏ដោយ។

ដូចគ្នានឹងការព្រួយបារម្ភ របស់គ្រូចៅអធិការវត្តខាងលើ នាយកសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី លោកគ្រូ អៀ លំអង បានឲ្យដឹងដែរថា ការសាងសង់នេះ បានធ្វើឡើង នៅទល់ពីមុខសាលារបស់លោកតែម្តង។  លោក​បានសម្ដែងក្ដីបារម្ភថា សំណង់តូបទាំងនោះ មានផលប៉ះពាល់ ដល់ការសិក្សា និងកាចេញចូល របស់សិស្ស។ ទោះជាទីនេះ ជាចញ្ចើមផ្លូវ​សាធារណៈ​ក៏ដោយ តែវាក៏ជាបរិស្ថាន ឬជាសួនកុមាមួយ របស់សាលាដែរ។

នាយកសាលាបានបន្ថែមថា មានផលប៉ះពាល់ជាច្រើនទៀត ដល់អាគាសិក្សារបស់លោក ហើយក្នុង​ពេលនេះ​ដែរ លោក​កំពុងតែដាក់លិខិតស្នើសុំមួយ ទៅកាន់ចៅសង្កាត់ប៉ោយប៉ែត ដើម្បីឲ្យមានការអន្តរាគមន៍ បញ្ឈប់​ម្ចាស់​អាជីវកម្ម​ឯកជន​ទាំងនេះ។ នៅពេលសួរចង់ដឹងថា តើម្ចាស់អាជីវកម្មទាំងនោះ ជានរណា លោក​នាយក​សាលា បានឆ្លើយឡើងថា៖ «ខ្ញុំ​មិន​អាចប្រាប់បានទេ»។

បើគិតពីថ្ងៃទី០៨ មកដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ មានរយៈ២០ថ្ងៃហើយ ដែលម្ចាស់តូបទាំងនោះ បានសង់តូប​លក់ដូរ​ទាំង​នោះ។ ព្រះគ្រូចៅអធិការវត្តថ្មី បានមានសង្ឃដីការថា នៅថ្ងៃទី២៧ ម្សិលម៉ិញ មានតូបមួយទៀត ត្រូវបានសង់បន្ថែម។

ទស្សនាវដ្តីបានព្យាយាម ទាក់ទងទៅលោកអភិបាលខេត្ត គោ ស៊ុំសារឿន ដើម្បីបំភ្លឺបញ្ហានេះ តែទូរស័ព្ទ​របស់​លោក មិន​អាចហៅចូលបាន។​ ប៉ុន្តែកាលពីពេលថ្មីៗនេះ សាលាខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តី​ប្រកាស​ជាសាធារណៈថា មិន​មានបុគ្គលណាម្នាក់ មានសិទ្ធលើដីសារធារណៈរបស់រដ្ឋនោះទេ ជាពិសេសគឺ​ចិញ្ចើម​ផ្លូវ។ នេះ បើយោងតាមសម្ដីអះអាង របស់នាយកសាលាបឋមសិក្សា លោក អៀ លំអង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់