អាជីវករ​ថ្ងៃ​១៤​កុម្ភៈ បែប​ត្រូវ​ប្តូរ​អាជីព ព្រោះ​លក់​មិន​ដាច់

ក្នុងទិវាបុណ្យ នៃសេចក្ដីស្រលាញ់ឆ្នាំនេះ អ្នកលក់ផ្កាជាច្រើន ដែលរំពឹងថានឹងលក់ដាច់ ត្រូវខកបំណង ដោយសារតែយុវវ័យ មិនសូវចាប់អារម្មណ៍ក្នុងការទិញផ្កា ឬទិញការដូ ឱ្យមនុស្សជាទីស្រលាញ់ ដូចឆ្នាំមុនៗទៀត។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 17, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ នៅតាមដងផ្លូវនៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ ឃើញមានការដាក់លក់ផ្កាស្រស់ យ៉ាងព្រោងព្រាត ស្ទើរសឹងគ្រប់ច្រកល្ហក។។ ប៉ុន្តែការលក់ផ្កា នៅក្នុង១៤ កុម្ភៈឆ្នាំនេះ មិនដូចឆ្នាំមុននោះទេ។ អាជីវករជាច្រើនបានត្អូញត្អែរ ដោយសារតែឆ្នាំនេះ លក់មិនដាច់។

កញ្ញា ស្រីលីន ដែលជាអ្នកលក់ផ្កា នៅតាមបណ្តោយផ្លូវ ម៉ៅសេទុង បានប្រាប់ឱ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា ការលក់ផ្ការបស់កញ្ញា ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ក្នុងឆ្នាំ២០១៥នេះ លក់មិនសូវដាច់ដូចឆ្នាំមុនៗទេ ខុសឆ្ងាយពីគ្នាសឹងតែដូចមេឃ និងដី។ ខុសឆ្ងាយគ្នា ព្រោះតែបើគិត ក្នុងពេលម៉ោង៩ដូចគ្នា កាលពីឆ្នាំទៅ កញ្ញាលក់បានប្រមាណ ពី១០០ដុល្លារទៅ២០០ដុល្លារ ក្នុងតម្លៃផ្កាមួយដើម ពី៤០០០រៀលទៅ៦០០០រៀល។ ដោយឡែកឆ្នាំនេះវិញ សឹងតែលក់មិនបានមួយទងផង។

កញ្ញាបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយនេះ កញ្ញានឹងបញ្ឈប់អាជីព ជាអ្នកលក់ផ្កាទៀតហើយ។ នៅពេលសួរពីមូលហេតុ នៃការលក់មិនដាច់នេះ អ្នកលក់ផ្ការូបនេះ បានប្រាប់ថា ដោយសារតែយុវវ័យនៅក្នុងឆ្នាំនេះ មិនជ្រួលច្របល់ដូចឆ្នាំមុនៗ ពួកគេហាក់មិនសូវ ចាប់អារម្មណ៍នោះទេ។

ចំណែកអ្នកលក់ផ្កាដ៏ស្រស់ស្អាតទាំងពីនាក់ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ឯណោះវិញ គឺស្រីម៉ៅ និងស្រីលក្ខណ៍ ដែលលក់របស់អនុស្សាវរីដូចជាតុក្កតា និងផ្កាជាដើម បានថ្នូរប្រាប់ អ្នកសារព័ត៌មាន​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូផងដែរថា៖ «ឆ្នាំនេះលក់មិនដាច់ទេ មិនដឹងថាឆ្នាំនេះ មកពីហេតុផលអ្វី បានជាលក់មិនដាច់សោះ ខុសពីឆ្នាំមុនៗលក់ដាច់ណាស់»។

អ្នកលក់ទាំងពីរនាក់ ក៏មិនខុសគ្នាកញ្ញា ស្រីលីន ដែរ ប្រសិនបើសន្ទុះអតិថិជន នៅតែរបៀបនេះ នៅឆ្នាំក្រោយនឹងឈប់លក់ទៀតហើយ។ ស្រីម៉ៅ ថាគ្រឿងការដូរបស់នាង ភាគច្រើនគឺដាច់តែចំពោះយុវវ័យនោះទេ។

រីឯអ្នកលក់ម្នាក់ទៀត ដែលលក់ផ្កាក្នុងលក្ខណៈតូចតាច មានត្រឹមតែផ្កាកុលាបមួយធុងស្ពេក ត្រូដាក់លក់នៅតាមផ្លូវនៅម្តុំវត្តកោះ បានរៀបរាប់ឱ្យដឹងដែរថា មូលហេតុដែលកញ្ញាលក់មិនសូចដាច់ ដោយសារតែឆ្នាំនេះ ប្រហែលបណ្តាលមកពីសំបូរអ្នកលក់ច្រើន ហេតុនេះហើយ បានជាកញ្ញាលក់មិនសូវដាច់។ អ្នកលក់ផ្កាវ័យក្មេង ដែលចាប់អាជីពនេះបានពីរឆ្នាំរូបនេះ បានបន្តថា មួយវិញទៀត ប្រហែលមកពីឆ្នាំនេះយុវវ័យភាគច្រើន ចូលចិត្តផ្កាក្រដាស មិនសូវចូលផ្កាស្រស់ៗនោះទេ ដោយសាតែផ្កាក្រដាស មានតម្លៃថោកជាងផ្កាស្រស់។

យ៉ាងណាក៏ដោយ ក៏នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ក្នុងឆ្នាំ២០១៥នេះ យុវវ័យកម្ពុជាជាទូទៅ មិនសូវជ្រួលច្របល់ និងមិនយល់ច្រលំ នៃបុណ្យបែបបច្ចឹមលោកមួយនេះ ថាជាថ្ងៃណាត់គ្នាដូចឆ្នាំមុនៗនោះទេ។ ពួកគេខ្លះ បានបង្វែពីការជូនកាដូ ឬជូនផ្កា ទៅធ្វើអ្វីផ្សេង។ យុវវ័យខ្លះបានយកថ្ងៃនៃសេចក្តីស្រលាញ់ ទៅធ្វើរឿងល្អៗដើម្បីជួយសង្គម និងយុវ័យមួយចំនួនទៀត បានយកថ្ងៃនេះ ដើម្បីរម្លឹកដល់គុណឪពុកម្តាយ និងអ្នកគ្រូលោកគ្រូទៅវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...