ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

យុវជនជំទង់វ័យ១៦ឆ្នាំម្នាក់ បានចេញទៅជួបយុវតីមួយរូប ដែលខ្លួនបានស្គាល់ និងទទួលការណាត់ជួប តាម​រយៈ​បណ្ដាញ​សង្គម។ នៅពេលទៅដល់កន្លែង យុវជនបែរជាជួបនូវគ្រោះថ្នាក់ដ៏ធំមួយ រហូតដល់ស្លាប់។
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 24, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

យុវជន រីកាដូ រ៉ូម៉េរ៉ូ (Ricardo Romero) បាន​លា​ចាក​លោក​ទៅ ទាំង​នៅ​វ័យ​ក្មេង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​យុវជន​ត្រូវ​បាន​ក្រុម​ជន​មួយ​ក្រុម​វាយ​ធ្វើ​បាប កណ្ដាល​ក្រុង​ញ៉ូយក (New York)។ ហេតុការណ៍​នេះ បាន​កើត​ឡើង ទំនង​ជា​បណ្ដាល​មក​ពី​យុវជន​រង​គ្រោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​យុវតី​រូប​ស្អាត​ ស៊ិចស៊ី​ម្នាក់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

បើ​តាម​អ្នក​ជិត​ដិត​នឹង​យុវជន រ៉ូម៉េរ៉ូ បាន​ឲ្យ​ដឹង​ថា យុវជន​វ័យ​១៦​ឆ្នាំ មាន​ដើម​កំណើត​ម៉ិចសិក​រូប​នេះ ត្រូវ​បាន​ទាក់​ទាញ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ម្ចាស់​គណនី​មួយ ដែល​យុវជន​គិត​ថា ជា​យុវតី​រូប​ស្អាត​មាន​ឈ្មោះ​ថា ឈីគីតា អេនឌី (Chiquita Andy)។ បន្ដិច​ក្រោយ​មក យុវជន រ៉ូម៉េរ៉ូ បាន​យល់​ព្រម​ទៅ​ជួប«យុវតី អេនឌី»នេះ នៅ​យប់​ថ្ងៃ​សុក្រ នៅ​ក្នុង​បន្ទប់​មួយ​នៃ​សង្កាត់ ប្រ៊ុន (Bronx) របស់​ទីក្រុង​ញ៉ូយក។

ប៉ុន្តែនៅពេលទៅដល់អាគារសម្រាប់ការណាត់ជួបនោះ យុវជន រ៉ូម៉េរ៉ូ មិនបានឃើញនាង អេនឌី ទេ តែបែរជា​បានជួបមនុស្សពីរនាក់ ដែលបានបើកការវាយប្រហារមកលើនាយ រហូតមានរបួសយ៉ាងធ្ងន់ធ្ងរ។ រ៉ូម៉េរ៉ូ ត្រូវបាន​វាយក្បាលនឹងដបមួយ ហើយបន្ទាប់មកត្រូវបានចាក់មួយកាំបិតចំទ្រូង។ កាបូបលុយ និងទូរស័ព្ទដៃរបស់​យុវជន ត្រូវបានក្រុមជនទាំងនោះ ឆក់យកទៅអស់។ រីឯយុវជន រ៉ូម៉េរ៉ូ វិញ បានខំប្រឹងដើរចេញមកវិញ បាន​ប៉ុន្មានជំហាន ហើយបានដួលចុះនៅនឹងផ្លូវ។ អ្នកដំណើរមួយរូប បានឃើញនាយ និងបានព្យាយាមជួយដាស់ ចលនាបេះដូងរបស់នាយឡើងវិញ ប៉ុន្តែយុវជនជំទង់ បានរងរបួសមិនអាចទ្រាំបាន។ នៅក្រោយពេលគេ​បញ្ជូនមកដល់មន្ទីរពេទ្យបានបន្ដិច យុវជន រ៉ូម៉េរ៉ូ បានផុតដង្ហើមនៅទីនោះ។

ជនសង្ស័យ នៅក្នុងហេតុការណ៍វាយកាប់ចាក់ខាងលើ ត្រូវបានគេស្គាល់ថា ជាយុវជនពីររូប មានអាយុ១៩ និង​២៧ឆ្នាំ ដោយសារម៉ាស៊ីនថតសុវត្ថិភាពមួយ បានចាប់រូបភាពដ៏រន្ធត់ ប្រព្រឹត្តិទៅលើយុវជន រ៉ូម៉េរ៉ូ។ យុវជន​ទាំង​ពីរនាក់នេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងធ្វើការចោទប្រកាន់ជនទីមួយ ពីបទមនុស្សមនុស្សឃាត ចោរកម្ម និង​ជន​ទីពីរ​ពីបទផ្សំគំនិត។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកដ៏អាថ៌កំបាំង ត្រូវបានសារព័ត៌មាន New York Daily News អះអាងថា នាង​ពិតជា អេនឌី មែន។ យុវតីរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថា នាងជាសង្សារបស់យុវជនម្នាក់ ដែល​ស្ថិត​ក្នុង​ចំណោមជនសង្ស័យទាំងពីរ។ សង្សានាងម្នាក់នេះ រស់នៅក្នុងអាគារតែមួយ នៃកន្លែងណាត់ជួប រ៉ូម៉េរ៉ូ។ នាង អេនឌី បានសារភាពថា នាងក៏បានស្ថិតក្នុងហេតុការណ៍នេះដែរ តែនាងបានចោទជនទីបី ថាជាអ្នកចាក់​យុវជន រ៉ូម៉េរ៉ូ រហូតមានរបួសធ្ងន់ និងស្លាប់បែបនេះ។ ចំណែកឯក្រុមនគរបាលស៊ើបអង្កេតវិញ បានបដិសេធមិន​អះ​អាង​ថា នាង អេនឌី ពិតជាសង្សារបស់ជនសង្ស័យណាម្នាក់ ឬយ៉ាងណានោះទេ។ មកទល់នឹងពេលនេះ នគរបាល​នៅ​មិនទាន់ធ្វើការសង្ស័យ និងចោទប្រកាន់ដាក់បន្ទុក ទៅលើយុវតីរូបនេះនៅឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments