សាំង​មួយ​លីត្រ អាច​លក់​ត្រឹម​តែ​៣៣០០​រៀល​ប៉ុណ្ណោះ?

ខណៈពេលដែលនៅតាមបណ្តាស្ថានីយ៍ប្រេងនានា ក្នុងរាជធានីភ្នំពេញ ហ៊ានបញ្ចុះតម្លៃប្រេងរបស់ខ្លួន មក​នៅ​ត្រឹម​៤២០០​រៀល ក្នុងមួយលីត្រនោះ ស្រាប់តែអាជីវករមួយចំនួន អាចលក់ប្រេងសាំងនេះ ក្នុងតម្លៃ​តែ​៣៣០០​រៀល ក្នុង​មួយ​លីត្រ​ប៉ុណ្ណោះ។ ហេតុអ្វី? គុណភាពខុសគ្នា?

កន្លែង​ចាក់​សាំង​មួយ បាន​លក់​ប្រេង​សាំង​របស់​ខ្លួន ត្រឹម​តែ​តម្លៃ​៣៣០០​រៀល​ប៉ុណ្ណោះ។ ចម្ងល់​បាន​កើត​ឡើង​ជា​ទូទៅ ថា​មាន​ចំណុច​ពិសេស​ណា ដែល​អាច​ធ្វើ​ឲ្យ​អាជីវក​នៅ​ទី​នោះ អាច​បំបាក់​តម្លៃ​សាំង​មក​យ៉ាង​ខ្លាំង​បែប​នេះ? ចម្ងល់​ទាំង​នេះ​បាន​កើត​មាន​រហូត​ដល់​មាន​មនុស្ស​មួយ​ចំនួន និយាយ​ថា អាច​ជា​ប្រេង​សាំង​លាយ​ប្រេង​កាត និង​អាច​ជា​ប្រេង​រត់​ពន្ធ។

លោក ហ៊ាន តារា ជា​ម្ចាស់​អាជីវកម្ម នៅ​ចំណុច​បណ្តោយ​ផ្លូវ (ផ្លូវ​មាត់​ទន្លេ) នៅ​ទល់​មុខ​រដ្ឋករ​ទឹក​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោក​អាច​លក់​សាំង​ក្នុង​តម្លៃ​នេះ ព្រោះ​លោក​យក​ចំណេញ​តិច។ បុរស​ដែល​រស់​នៅ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​រូប​នេះ បាន​ថ្លែង​ថា លោក​លក់​ប្រេង​បាន​ថោក​ជាង​នៅ​តាម​បណ្តា​ស្ថានីយ៍​ផ្សេងៗ មិន​មែន​មក​ពី​ការ​លាយ​ប្រេង ឬ​ប្រេង​គ្មាន​គុណភាព​នោះ​ទេ ប៉ុន្តែ​មក​ពី​លោក យក​ចំណេញ​តែ​១៥០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ។

តាមតារាងតម្លៃប្រេងសាំង របស់ក្រុមហ៊ុនកាល់តិច និងការអះអាងរបស់បុគ្គលិក របស់ក្រុមហ៊ុននេះ ឲ្យ​ដឹង​ថា តម្លៃសាំងធម្មតាបានចុះពី៤៤៥០រៀល មកត្រឹម៤២៥០រៀល ចាប់ពីថ្ងៃសៅរ៍ ទី១០ ខែមករានេះ។ ក្រុមហ៊ុន​សូគីមិច បានបញ្ចុះតម្លៃប្រេងសាំងធម្មតា មកត្រឹម៤៤០០រៀល។ តែបុគ្គលិកចាក់សាំងបាន​អះអាង​ថា អាច​ចុះ​ជាង៤៤០០រៀល ក្នុងថ្ងៃនេះបន្តទៀត។ ចំណែកក្រុមហ៊ុនតូតាល់វិញ នៅតែរក្សាតម្លៃ​ប្រេង​សាំង ៤៤០០រៀល​ដដែល។

គួររំឮកថា កាលពីខែធ្នូ ឆ្នាំ២០១៣ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យភាគីពាក់ព័ន្ធពិនិត្យមើល​លទ្ធភាព បន្ថែមទៀតក្នុងការបញ្ចុះតម្លៃប្រេងនៅកម្ពុជា ឲ្យស្របតាមទីផ្សារអន្តរជាតិ ប៉ុន្តែលោកច្រានចោល​ការ​​លើក​ឡើងថា រដ្ឋាភិបាលនៅតែរក្សាតម្លៃប្រេងខ្ពស់ បើប្រៀបធៀបនឹងទីផ្សារអន្តរជាតិ។

ម្ចាស់អាជីវកម្មខាងលើ បានបន្តទៀតថា ប្រេងរបស់លោក យកផ្ទាល់ពីក្រុមហ៊ុនតេលា។ ម្យ៉ាងទៀត​លោក​ថា លោកមិនបានប្រើប្រាស់បុគ្កលិកនោះទេ គឺលក់ជាលក្ខណៈគ្រួសារ ហើយលោកក៏មិនចំណាយថ្លៃ​បង់​ពន្ធ​​ជូន​រដ្ឋច្រើនដែរ។ តាមតម្លៃរបស់លោក ហ៊ាន តារា​ ខាងលើ មានលក្ខណៈថោកជាង២០០រៀល ជាងតម្លៃដែល​ត្រូវ​បានប៉ាន់​ប្រមាណ ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកជំនាញសេដ្ឋកិច្ចមួយរូប។

លោក សម រង្ស៊ី ធ្លាប់សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា អត្រាពន្ធលើប្រេងសាំង មានកម្រិត​ប្រមាណ​ជា ១០០០រៀលក្នុងមួយលីត្រ ហើយបើកម្ពុជាបញ្ចុះពន្ធនេះ មកត្រឹមតែ៥០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃ​ប្រេងសាំង ឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេស ដែលបានចុះថ្លៃយ៉ាងគំហុក ពេលនោះតម្លៃ​ប្រេងសាំងលក់​រាយ​នៅ​ប្រទេសកម្ពុជា នឹងមានតម្លៃមិនលើសពី៣៥០០រៀលក្នុងមួយលីត្រ។

ទីផ្សារប្រេងសាំងពិភពលោក បានចុះថ្លៃចាប់តាំងពីខែតុលាឆ្នាំ២០១៤ ។ ប៉ុន្តែមូលហេតុដែលនាំឲ្យ​ប្រេងសាំង​ចុះថ្លៃយ៉ាងគំហុកនេះ ត្រូវបានក្រុមហ៊ុនប្រេងសាំងមួយចំនួន នៅលើពិភពលោកទទួលស្គាល់ថា មកពីការ​ប្រែ​ប្រួលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក ហើយជាពិសេស គឺអាមេរិកចាប់ផ្ដើមបញ្ចេញប្រេងឆៅ ដែលបាន​ស្តុកទុកតាំងពីឆ្នាំ២០០៩ ហើយម្យ៉ាងទៀតអាមេរិក ចាប់ផ្ដើមផលិតប្រេងរបស់ខ្លួន ដែលទើបរុករកឃើញ​ថ្មីៗ​នេះ។ នៅក្នុងការបង្ហាញតារាងតម្លៃនៅលើប្រព័ន្ធអិធើណែតថា តម្លៃប្រេងសាំងនៅប្រទេសវៀតណាម​មាន​តម្លៃ០,៨៨ដុល្លារ ឡាវ១,២៩ដុល្លារ ថៃ១,២៧ដុល្លារ ហ្វីលីពីន ១,០៥ដុល្លារ និងសហរដ្ឋអាមេរិក ០,៨២ដុល្លារ​ក្នុងមួយលីត្រ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments