បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

គណបក្សប្រជាជនកម្ពុជា ចង់«បង្រួម»សិទ្ធិនៃការធ្វើការឃោសនា និងការចូលរួមឃោសនាការបោះឆ្នោតរបស់ពលរដ្ឋ ហើយចង់ឲ្យចែង ក្នុងច្បាប់បោះឆ្នោតថ្មី។ តែគណបក្សសង្គ្រោះជាតិ អះអាងថា ពលរដ្ឋ​គួ​មាន​សេរីភាព​ស្រប​តាម​ច្បាប់​ដែល​មាន​ចែង។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 10, 2015
  • ប្រធានបទ: បោះឆ្នោត
  • អាន និងបញ្ចេញយោបល់

កិច្ចពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​មក​ដល់​ដំណាក់​កាល​មួយ​ទៀត ស្ដី​ពី​សិទ្ធិ​នៃ​ការ​ឃាសនា​បោះ​ឆ្នោត។ បន្ទាប់​ពី​ជំនួប​ជា​ថ្មី តែ​ខ្លី​ខុស​ពី​ធម្មតា នៃ​ក្រុម​ការងារ​ចាស់​របស់​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៤ ម្សិល​ម៉ិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រធាន​ក្រុម​ការងារ​របស់​ខ្លួន លោក ប៊ិន ឈិន បាន​ថ្លែង​ឡើង​ចង់​ឲ្យ​មាន​«មាត្រា»​កំណត់​ឲ្យ​ច្បាស់​ពី​«សកម្មភាព»​ធ្វើ​យុទ្ធនាការ​ឃោសនា របស់​គណបក្ស​នយោបាយ​ទាំង​អស់។

លោក​បាន​ពន្យល់​ថា ចង់​ឲ្យ គ.ជ.ប កំណត់​ការ​អនុញ្ញាត ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ត្រូវ​ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​ដំបូង និង​នៅ​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ចរចរាចរណ៍។ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា ក្នុង​ថ្ងៃ​បន្ត​បន្ទាប់ (មិន​មែន​ថ្ងៃ​ដំបូង និង​ថ្ងៃ​បញ្ចប់) ត្រូវ​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ ដែល​គណបក្ស​នី​មួយៗ​ត្រូវ​ចង់​បាន ក្រោមការ​អនុញ្ញាត​ពី​អាជ្ញាធរ​តំបន់​នោះ។

លោក ប៊ិន ឈិន បានផ្ដល់ជម្រើសមួយទៀតថា ត្រូវធ្វើការឃោសនាបោះឆ្នោតមួយថ្ងៃ និងឈប់មួយថ្ងៃ ជៀស​វាងការកកស្ទះចរាចរណ៍ នេះជាចំណុចដែលចង់ធ្វើការដោះស្រាយ។

សម្រាប់គណបក្សសង្គ្រោះជាតិវិញ នៅមិនទាន់បង្ហាញជំហរច្បាស់លាស់នៅឡើយ ជុំវិញការស្នើសុំឲ្យកាត់​បន្ថយសិទ្ធិឃោសនា នៃការបោះឆ្នោតនេះ។ លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានថ្លែង​ប្រាប់អ្នកសារព័ត៌មានថា លោកសុំដកឃ្លាក្នុងការជួបពិភាក្សាផ្ទៃក្នុង នៃក្រុមការងារសិន ព្រោះសំណើរថ្មី​របស់​គណបក្សប្រជាជនកម្ពុជាខាងលើ នៅមិនទាន់បានទទួលមកពិនិត្យនៅឡើយ។

លោកបន្តថា តើអ្វីដែលស្នើសុំនេះ វាសមស្របទៅនឹងស្ថានការណ៍ គោលការណ៍ ឬដំណើរការ នៃការបោះ​ឆ្នោត​ត្រឹមត្រូវ និងសេរីយុត្តិធម៌ដែរឬយ៉ាងណា ខណៈច្បាប់ចាស់ដែលមានរួចជាស្រេចនោះ មានភាពល្អ​ប្រសើរក្នុងករណីនេះរួចហើយ? លោកបញ្ជាក់ថា «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ (ច្បាប់​ចាស់) មានចែងអំពីសេរីភាពនៃយុទ្ធនាការឃោសនាដោយសេរី និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋ ឲ្យមានតម្លាភាព។  (…) ក្រុមការងារគណបក្សប្រជាជន ស្នើដាក់ខ្លឹមសារទៅលើសេចក្តីព្រាងនេះ អីចឹង​ដោយ​សារក្រុមការងារគណបក្សសង្គ្រោះជាតិមិនទាន់បានពិនិត្យ អីចឹងយើងដកឃ្លាសិនដើម្បីទៅពិនិត្យមើល។»

លោក វណ្ណ សុគន្ធ មន្ត្រីរាជការមួយរូបបានលើកឡើងថា ការចង់បង្រួមសិទ្ធិរបស់ពលរដ្ឋ ក្នុងពេលធ្វើការ​ឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដោយសំអាងលើការ«កកស្ទះចរាចរណ៍»នេះ មិនសម​ហេតុផលនិងស្របច្បាប់នោះឡើយ។ គណបក្សប្រជាជនកម្ពុជា ហាក់កំពុងមានចេតនាក្នុងការ​«កម្រិត»​នូវ​សិទ្ធិពលរដ្ឋ ដែលមិនស្របតាមលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ព្រមទាំងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សនោះទៀត។

ពលរដ្ឋវ័យចំណាស់រូបនេះ បានថ្លែងឡើងថា៖ «បើចង់ដាក់ដូច្នេះ ទាន់តែធ្វើវិសោធកម្មច្បាប់រដ្ឋធម្មនុញ្ញ​ជាមុន​សិន ទើបអាចបន្តពិភាក្សាលើច្បាប់នេះជាក្រោយ។ បើមិនដូច្នេះទេ មិនអាចធ្វើច្បាប់នេះបន្តបានឡើយ។ ហើយក៏មិនអាចឯកភាពគ្នាលើច្បាប់នេះហើយ បានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាក្រោយនោះទេ ព្រោះ​វា​មិនស្របនឹងច្បាប់ប្រទេសជាតិ ពិសេសច្បា់រដ្ឋធម្មនុញ្ញ។ (…) មិនដែល “កូនកើត” ហើយទើប “ឪមានកំណើត” ជាក្រោយនោះទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments