ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសង្ឃរា សេនឌី ដែលជាព្យុះសង្ឃរាមួយ ក្នុងចំណោមព្យុះដ៏ខ្លាំងផ្សេងទៀត ដែលទើបនឹងបានវាយលុកទន្ទ្រានទឹកដីប៉ែកឦសាន (កើតឆៀងជើង) នៃសហរដ្ឋអាមេរិក បានបន្សល់ទុកនូវភាពបង្ហិនបង្ហោចខ្លោចផ្សារ នៅតំបន់ឆ្នេរខាងកើតនៃប្រទេស ទឹកជំនន់ពេញប្រៀបក្នុងរន្ធរថភ្លើងក្រោមដី និងផ្នែកមួយនៃសង្កាត់ម៉ាណាតាន់ (Manhattan) នៅទីក្រុងញ៉ូយក បង្ខំអោយទីផ្សារហិរញ្ញវត្ថុបិទទ្វា និងការបង់ខាតជាច្រើនកោដដុល្លាអាមេរិក។ ខាងក្រោមនេះ ជាតួលេខសំខាន់ៗ ដែលជាលទ្ធផលបូកសរុបបណ្ដោះអាសន្ន នៅថ្ងៃបន្ទាប់ពីមហាវិនាសកម្ម ជាប្រវត្តិសាស្រ្តនេះ។

ព្យុះសង្ឃរា សេនឌី ដែលជាព្យុះសង្ឃរាមួយ ក្នុងចំណោមព្យុះដ៏ខ្លាំងផ្សេងទៀត ដែលទើបនឹងបានវាយលុក​ទន្ទ្រានទឹកដី​ប៉ែកឦសាន (កើតឆៀងជើង) នៃសហរដ្ឋអាមេរិក បានបន្សល់ទុកនូវភាពបង្ហិនបង្ហោចខ្លោចផ្សារ នៅតំបន់ឆ្នេរខាងកើត​នៃ​ប្រទេស ទឹកជំនន់ពេញប្រៀបក្នុងរន្ធរថភ្លើងក្រោមដី និងផ្នែកមួយនៃសង្កាត់ម៉ាណាតាន់ (Manhattan) នៅទីក្រុងញ៉ូយក បង្ខំអោយទីផ្សារហិរញ្ញវត្ថុបិទទ្វា និងការបង់ខាតជាច្រើនកោដដុល្លាអាមេរិក។ ខាងក្រោមនេះ ជាតួលេខសំខាន់ៗ ដែលជា​លទ្ធផលបូកសរុបបណ្ដោះអាសន្ន នៅថ្ងៃបន្ទាប់ពីមហាវិនាសកម្ម ជាប្រវត្តិសាស្រ្តនេះ។

 
រថយន្ដ បានអណ្ដែតឡើងទល់ពិដាន នៅក្នុងចំណតរថយន្ដក្រោមដីមួយ នៅទីក្រុងញ៉ូយក។ រូបថតរ៉យទើរ។

ព្យុះសង្ឃរាដ៏មហិមា៖ មុននឹងមកដល់ឆ្នេរផ្នែកខាងកើត នៃសហរដ្ឋអាមេរិក ដែលស្ថិតនៅចម្ងាយប្រមាណជា ២៥០គម ខាងត្បូងទីក្រុងញ៉ូយក ខ្យល់ព្យុះនេះ បានជះឥទ្ធិពលរបស់វា នៅលើបណ្ដោយផ្លូវប្រវែង ១ ៦០០គម។ វាអាចមានល្បឿន​បោកបក់រហូតដល់ ១៥០គម/ម៉ោង និងអង្កត់ទ្រូងនៃតំបន់ដែលប៉ះពាល់មានរហូតដល់ ៨០០គម។ វាធ្វើបន្លាស់ទីក្នុង​ល្បឿន ៤៥គម/ម៉ោង ជាមួយនឹងទំហំសំពាធ ប្រមាណជា ៩៥១ អ៊ិចតូប៉ាស្កាល់ ដែលជាទំហំ និងល្បឿនមួយ មិនសូវ​​ដែល កើតមានទេ នៅក្នុងតំបន់នៃខ្សែរបន្ទាត់ឧត្តុនិយមនេះ។

លទ្ធផលបូកសរុប​ មានទំងន់ធ្ងន់៖ ខ្យល់ព្យុះ ដ៏សាហាវ បានសម្លាប់មនុស្ស៤២នាក់ ក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះ ១៨នាក់ នៅទីក្រុងញ៉ូយក។ មុននឹងមកដល់អាមេរិក ខ្យល់ព្យុះបានសម្លាប់បណ្ដាជនចំនួន ៦៩នាក់រួចមកហើយ ក្នុងនោះ​៥២នាក់នៅហាអ៊ីទី ១១នាក់នៅគុយបា ១នាក់នៅជាម៉ៃអ៊ីក ២នាក់នៅបាហាម៉ាស ២នាក់នៅសាធារណរដ្ឋដូមីនីកាំង និង​ម្នាក់ទៀតនៅប៉រតូ រីកូ។ លទ្ធផលបូកសរុបជាអកុសលនេះ ទើបនឹងបានបន្ថែមតួលេខម្នាក់ទៀត មកពីប្រទេសកាណាដា។

ប្រជាជន ដែលបានជម្លៀសខ្លួនចេញ៖ បណ្ដាជនជាច្រើនរយពាន់នាក់ បានត្រូវជម្លៀសខ្លួនចេញ ក្នុងនោះ ៣៧៥ ០០០​នាក់​ ចេញពីផ្នែកខាងក្រោមនៃសង្កាត់ម៉ាណាតាន់នាទីក្រុងញ៉ូយក ៥០ ០០០នាក់ ចេញពីរដ្ឋដីឡាវ៉ារ (Delaware)  និង ប្រមាណជា ៣០ ០០០នាក់ទៀត ចេញពីទីក្រុងអាត្លង់ទីកស៊ីធី។ បណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន បានរាយការណ៍ថា មន្ទីរពេទ្យសកល នៃទីក្រុងញ៉ូយក បានជម្លៀសអ្នកជម្ងឺចំនួន ២០០នាក់ ដោយមានទាំងទារកទើបនឹងកើត ហើយស្ថិតនៅ​ក្រោម​មាស៊ីនជំនួយដកដង្ហើម ដែលបានខូចលែងមានដំណើរការ។ អ្នករស់នៅ ដែលជាប់គាំង នៅក្នុងទីក្រុងញ៉ូយក បាន​ដណ្ដើមគ្នាស្វែងរកការសង្រ្គោះជាបន្ទាន់ ហើយបានហៅទូរស័ព្ទទៅសេវាកម្មសង្គ្រោះនេះដល់ទៅ ១០ ០០០ដង ច្រើន​ជាង​រាល់ដង ដែលមានតែ ១ ០០០ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទីក្រុងញ៉ូយក លង់លិច៖ ផ្នែកកណ្ដាលនៃសង្កាត់ម៉ាណាតាន់ បានរងនូវគ្រោះជំនន់ ដែលខ្ពស់ជាងគេនៅក្នុងប្រវត្តិសាស្រ្ត មានកំពស់រហូតដល់ ៤,២មែត្រ ខ្ពស់ជាងលើកមុន នៅឆ្នាំ១៩៦០ ខណៈមានព្យុះសង្ឃរាមួយទៀត ឈ្មោះ ដូណា (Donna) បានបក់ឆ្លងកាត់។ រន្ធរថភ្លើងក្រោមដី ចំនួន៧ខ្សែរ ត្រូវបានបំពេញប្រៀបដោយទឹក ក្នុងនោះមានខ្សែររថភ្លើង ដែលភ្ជាប់ពី ម៉ាណាតាន់ ទៅប៊្រូគ្លីន (Brooklyn) និងទៅគ្វីន (Queens) ដោយមុជឆ្លងតាម អ៊ើស្ទ រីវ័រ (East River)។

ទឹកប្រាក់ជាច្រើនកោដដុល្លា នឹងត្រូវបង់ខាត

រថភ្លើងក្រោមដី នៅជាប់គាំង៖ នាយកអាជ្ញាធរដឹកជញ្ជូន នៃទីក្រុងញ៉ូយក លោកជូសេហ្វ ឡូថា (Joseph Lotha)  បាន និយាយថា នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ទឹកបានលិចរហូតដល់ពិដាន។ «តាំងពី ១០៨ឆ្នាំមកហើយ បុគ្គលិករបស់យើង មិនដែលជួបនឹងឧប្បតិហេតុ ដែលមានទំហំដូចថ្ងៃនេះទេ។» ចៅហ្វាយក្រុងទីក្រុងញ៉ូយក លោកម៉ៃឃើល ប៊្លូមប៊ើរ (Michael Bloomberg) បានអះអាងថា សេវាកម្មរថភ្លើងក្រោមដី នឹងមិនមានដំណើរការមុន ៤ទៅ៥ថ្ងៃខាងមុខនេះទេ។

អគ្គិសនីត្រូវបានកាត់ផ្ដាច់៖ ខ្យល់ព្យុះ បានបង្កងោយមនុស្សជាង ៨លាននាក់ រស់នៅនិងធ្វើការ ដោយគ្មានចរន្តអគ្គិសនី គ្មានទូរស័ព្ទ និងគ្មានអាំងទែណែត។ ភាពរអាក់រអួលនេះបណ្ដាលមកពី ការបិទ និងការកាត់បន្ថយនៃដំណើរការ រោងចក្រ នុយក្លេអ៊ែរចំនួនប្រមាណជា ៦។  រដ្ឋញ៉ូ ជេស្ស៊ី ទទួលរងគ្រោះខ្លាំងជាងគេ ក្នុងការកាត់ផ្ដាច់ចរន្តអគ្គិសនីនេះ ជាមួយនឹង ចំនួនជនរងគ្រោះ ២,៥លាននាក់ ដែលត្រូវនឹង ៦២%នៃចំនួនទាំងអស់។ ចំណែកឯនៅទីក្រុងញ៉ូយក បណ្ដាជន ២លាន នាក់ ត្រូវ ២១% នឹងត្រូវរស់នៅក្នុងភាពងងឹតសូន្យសុងជាបណ្ដោះអាសន្ន។  តំបន់ដែលរងគ្រោះខ្លាំងជាងគេ ត្រូវគេវំពឹងថា នឹងអាចភ្ជាប់ចរន្តឡើងវិញ នៅក្នុងរយះពេលជាងមួយសប្ដាហ៍ខាងមុខ។

ទីផ្សារហិរញ្ញវត្ថុ និងបនល្បែង បានបិទទ្វា៖ ដូចបានជម្រាបរួច ថាវ៉ល ស្រ្ទីត (Wall Street) បានបិទទ្វាតាំងពីថ្ងៃច័ន្ទ ទី២៩​តុលា រហូតមកទល់នឹងថ្ងៃពុធទី៣១តុលានេះ។ ហើយនេះជាលើកដំបូងហើយ បើគិតចាប់តាំងពី ថ្ងៃភេវរកម្មទី​១១​កញ្ញាឆ្នាំ២០០១មកនោះ។ ចំណែកឯ បនល្បែងចំនួន ១២កន្លែងផ្សេងទៀត នៅទីក្រុងអាត្លង់ទីក ស៊ីធី ក៏បានបិតទ្វាដែរ ដែលជាការបិទទ្វារួមគ្នាលើកទី៤ គិតចាប់តាំងពីការអនុញ្ញាតិជាផ្លូវការ កាលពីឆ្នាំ១៩៧៨។ ការបិទទ្វាលើកនេះ ត្រូវគេ​រំពឹង​ថា នឹងមានការខាតបង់ ជាទឹកប្រាក់ប្រមាណជា ៥០លានដុល្លា។

ជើងហោះហើរជាច្រើន ត្រូវបានលប់ចោល៖ ប្រមាណជា ៥ ៧០០ជើងហោះហើរ ត្រូវបានគេលប់ចោល ក្នុងហោះចូល និងហោះចេញ នៃយន្ដហោះទាំងឡាយ ក្នុងអាកាសយានដ្ឋានជាប់ឆ្នេរខាងកើត នៃប្រទេសអាមេរិក។ ព្រលានយន្តហោះ​ សំខាន់បី នៅជុំវិញទីក្រុងញ៉ូយក នៅតែបិតទ្វានៅឡើយ។ ជាតួលេខសរុប ចំនួនជើងហោះហើរចំនួន ១៥ ៥០០ បានត្រូវ លប់ចោល ពីគ្រប់ព្រលានយន្ដហោះទាំងអស់ ច្រើនជាង ១ ៥០០ជើងហោះហើរ បើប្រៀបធៀបទៅនឹងខ្យល់ព្យុះ អ៊ៀរ៉ែន លើកមុន។

ការបង់ខាតទឹកប្រាក់ ហួសពីការស្មាន៖ តួលេខមួយចំនួនបានផ្សាយថា ខ្យល់ព្យុះសេនឌី បានបង្កអោយមានការ ខូតខាត គិតជាទឹកប្រាក់ ប្រមាណជា ២០កោដដុល្លាអាមេរិក (១៥កោដអ៊ឺរ៉ូ) ដោយយោលទៅលើការបាក់បែក អាគារផ្ទះ​សម្បែង រថយន្ដ ហេដ្ឋារចនាសម្ព័ន្ធ និងទំនិញលក់ដូរជាដើម។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា  បានប្រកាសដាក់​ភាពអាសន្ន ពីគ្រោះថ្នាក់ធម្មជាតិ នៃរដ្ឋពីរ ញ៉ូយក និងញ៉ូ ជេស្ស៊ី នៅក្នុងអនុក្រិតមួយ ដែលនឹងធ្វើអោយមានការផ្លាស់ប្ដូ ខាងជំនួយហិរញ្ញវត្ថុ ទៅលើការស្ដារឡើងវិញនៃរដ្ឋទាំងពីរនេះ។ ក្រុមហ៊ុនធានារ៉ាប់រង អាចនឹងសងត្រឡប់មកវិញ ប្រមាណជា​ ៥ទៅ ១០កោដដុល្លា៕

---------------------------------------------------
ដោយ ៖ សេក មនោរកុមារ - ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments