«ទីផ្សារ​សូត្រ​ខ្មែរ មាន​តម្រូវ​ការ​ខ្ពស់ ប៉ុន្តែ​កម្ពុជា​បំពេញ​បាន​តែ​១០%»

អ្នកជំនាញខាងផ្នែកនាំចេញ ផលិតផលសូត្រខ្មែរ បានលើកឡើងថា សូត្រខ្មែរ ជាពិសេសសូត្រមាស ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង នៅលើទីផ្សារអន្តរជាតិ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ កម្ពុជាមិនអាចបំពេញតម្រូវការ ទីផ្សារ​អន្តរជាតិ​បាន។
សកម្មភាពត្បាញរបស់អ្នកស្រុកនៅឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ (រូបថតឯកសារ)

បន្ទាប់ពីកាលពេលថ្មីៗនេះ កម្ពុជា​ទទួល​បាន​ពាន​រង្វាន់ «Good Design Award» ពី​ប្រទេស​ជប៉ុន សូត្រ​ខ្មែរ​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់ ពី​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន ដែល​ពី​មុន​មក​ប្រទេស​ទាំង​នោះ មិន​ដែល​ធ្លាប់​ស្គាល់ នូវ​សរសៃរ​សូត្រ​ខ្មែរ​សូម្បី​មួយ​សរសៃ។ ហើយ​ពាន​រង្វាន់​នេះ បាន​ធ្វើ​ឱ្យ​សូត្រ​ខ្មែរ បាន​នឹង​កំពុង​ទទួល​បាន​ការ​ទទួល​ស្គាល់ ពី​ពិភពលោក ថា​សូត្រ​ខ្មែរ ពិត​ជា​ល្អ​ប្រណិត​ពិត​ប្រាកដ​មែន។

លោកស្រី សេង តក្កនារី ស្ថានិក ជា​នាយក​ក្រុមហ៊ុន​សន្តុសា​សៀល និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្រី្ត​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ តម្រូវ​ការ​សូត្រ​ខ្មែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ខ្ពស់ ប៉ុន្តែ​កម្ពុជា​អាច​បំពេញ​តម្រូវការ បាន​តែ​១០%​តែ​ប៉ុណ្ណោះ។ លោក​ស្រី​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សូត្រ​ខ្មែរ មិន​អាច​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​បាន ដោយ​សព្វ​ថ្ងៃ​នេះ កម្ពុជា​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​ករណី​ខ្វះ​នូវស​រសៃរ​សូត្រ ជា​ពិសេស​សរសៃរ​សូត្រ​មាស ការ​ចំណាក​ស្រុក​របស់​អ្នក​ត្បាញ និងក​ង្វះ​ថវិការ​ជា​ដើម។

លោកស្រីថា ទីផ្សារសូត្រខ្មែរមានស្ទើគ្រប់ប្រទេស ប៉ុន្តែនៅតែមានលក្ខណៈខ្នាតតូច មិនទាន់ជាលក្ខណៈ​ខ្នាត​ធំនៅឡើយទេ ដោយសារតែកម្ពុជាមិនអាចផលិត ចំនួនច្រើនបាន ព្រោះតែការផលិតនៅធ្វើការដោយដៃ មាន​លក្ខណៈជាគ្រួសារ និងបែបប្រពៃណី។ លោកស្រីសង្ឃឹមថា ទីផ្សារសូត្រកម្ពុជានឹងមានសកត្តានុពល និង​ពង្រីក​ទីផ្សារឱ្យបានធំជាងមុន។

«មានតែការចងគ្នាជាក្រុមទេ ទើបខ្មែរអាចផលិតសូត្របានច្រើន»

លោកស្រី សេង តក្កនារី ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានពន្យល់ថា ដើម្បីដោះស្រាយ​បញ្ហាកង្វះខាត ក្នុងការផលិតសូត្របំពេញតម្រូវការទីផ្សារ លុះត្រាតែមានការរួមគ្នា និងប្រមូលផ្តុំទៅ​តាម​ជំនាញ របស់ប្រជាសហគមន៍អ្នកត្បាញសូត្រ ហើយ«មានតែការចងគ្នាជាក្រុមទេ ទើបខ្មែរអាច​ផលិតសូត្រ​បានច្រើន»។ លោកស្រី បានអះអាងបន្ថែមថា៖ «មិនមែនយើងមិនអាចធ្វើបានទេ យើងអាចធ្វើបាន។ អញ្ចឹង​គឺយើងយកពូជ ដើម្បីបណ្តុះនៅតាមខេត្តនានា អញ្ចឹងយើងនឹងអាចបានសរសៃរសូត្រគ្រប់គ្រាន់ ប៉ុន្តែ​កិច្ចការ​នេះ វាទាមទារឱ្យមានការចូលរួម ជាច្រើនពីវិស័យឯកជន ពីអ្នកត្បាញ ពីរដ្ឋាភិបាល និងអ្នកគាំទ្រ​ទាំង​អស់»។

ចំពោះសហគមន៍ ដែលបានត្បាញសូត្រជាប្រចាំ សម្រាប់បំពេញតម្រូវការក្នុង និងក្រៅប្រទេស មានតែ​ខេត្ត​ព្រៃវែង តាកែវ ខេត្តកណ្តាល កំពង់ធំ និងកំពង់ស្ពឺតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់នាយកក្រុម​ហ៊ុន​សន្តុសាសៀលដដែលនេះ។ លោកស្រីចង់ឱ្យប្រជាពលរដ្ឋ ដែលបានធ្វើចំណាកស្រុកទាំងអស់ ងាកមក​ត្បាញ​សូត្រវិញ ដើម្បីរួមគ្នាលើកស្ទួយនូវសូត្រខ្មែរ និងរក្សាអត្តសញ្ញាណជាតិមួយនេះឱ្យបានគង់វង្ស៕

វីដេអូខាងក្រោម ថតដោយអ្នកទេសចរណ៍បរទេស បង្ហាញពីសកម្មភាពត្បាញសូត្ររបស់អ្នកភូមិកោះដាច់៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments