សម រង្ស៊ី សន្យា​ជួយ​តំណាង​អ្នក​ភូមិ​បឹង​កក់ ដែល​ជាប់​ឃុំ

ប្រជាសហគមន៍ មកពីតំបន់បឹងកក់ បានដាក់ក្ដីសង្ឃឹមរបស់ពួកគេទាំងស្រុង ទៅលើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី។ ជាក្ដីសង្ឃឹម ដែលលោក សម រង្ស៊ី បានឆ្លើយថា នឹងខំឲ្យអស់ពីលទ្ធភាព។

លោក សម រង្ស៊ី បានថ្លែងថា នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ក្នុង​ករណី​ការ​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​បឹង​កក់​ទាំង ១០​នាក់ ដែល​ក្នុង​នោះ មាន​ព្រះ​សង្ឃ​មួយ​អង្គ​ផង​ដែរ។ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ថ្លែង​ដូច្នេះ នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​បឹង​កក់ ប្រមាណ​ជា ៥០នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ហែង មក​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខ័ណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​ធ្នូ នេះ ដើម្បី​សុំ​ឲ្យ​លោក សម រង្ស៊ី ជួយ​ធ្វើ​អន្តរាគមន៍ លើ​ករណី​ការ​ចាប់​ខ្លួន​អ្នក​តំណាង​ទាំង ១០រូប របស់​ក្រុម​ខ្លួន។

ឆ្លើយតបនឹងការស្នើសុំនោះ លោក សម រង្ស៊ី បាន​និយាយ​ថា លោកមានការឈឺចាប់ដូចគ្នា ចំពោះ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និងអ្នកតំណាងភូមិបឹងកក់នេះ ហើយ​ប្រសិន​បើ​មាន​ឱកាស លោកនឹងលើក​យក​បញ្ហានេះ ទៅ​ពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ។ លោក​បានបញ្ជាក់ថា៖ «គេព្រម ឫមិនព្រម អាណ្នឹងចាំបងប្អូន​ដឹង​នៅ​ពេល​ក្រោយ​ទៀត»។

តំណាងអ្នកភូមិបឹងកក់ទាំង ១០ នាក់ រាប់ទាំងព្រះសង្ឃមួយអង្គផង ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅព្រឹក​ថ្ងៃ​ទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយសារតែបានធ្វើការតវ៉ា ចំពោះបញ្ហាទឹកលិចផ្ទះ នៅសាលា​រាជធានី​ភ្នំពេញ។ ក្រុមសកម្មជនទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគារ​រយៈ​ពេល១ឆ្នាំ ក្នុងពន្ធនាគាព្រៃសរ និងពិន័យជាប្រាក់ ២លានរៀល ពី«បទប្រមាថមន្ត្រីរាជការសាធារណៈ និង​ការបិទផ្លូវបង្កឲ្យស្ទះចរាចរណ៍»។

ស្ត្រីម្នាក់ នៅក្នុងចំណោមអ្នកភូមិបឹងកក់ទាំងនោះ បានលើកឡើងថា ពួកគាត់ដែលជាជនរងគ្រោះមិន​អាច​ធ្វើ​អ្វីបាន ក្រៅតែមកពឹងលើលោក សម រង្ស៊ី ទាំងស្រុង។ ហើយពួកគាត់មកនេះ ក៏បានបង្ហាញពីជំនឿយ៉ាង​មុត​មាំដែរ ថាលោក សម រង្ស៊ី ពិតជាអាចដោះស្រាយបញ្ហានេះបាន។ អ្នកស្រីបានបន្តទៀតថា ចំពោះការចាត់​វិធានការដោះស្រាយរបស់លោក នឹងទទួលលទ្ធយ៉ាងណានោះ គេនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយ។

គួបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋទាំងនោះ បានធ្វើដំណើរមកទីស្នាក់ការគណបក្សតាំងពីព្រឹក តែរហូតដល់​ម៉ោង​១១កន្លះ ទើបបានជួបជាមួយមេដឹកនាំគណបក្សប្រឆាំង ដើម្បីថ្លែងទុក្ខរបស់ពួកគេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments