ចារកម្ម​កូរ៉េ​ខាង​ជើង មក​ចាប់​និស្សិត​ដើម​កំណើត​កូរ៉េ ពី​រដ្ឋធានី​ប៉ារីស?

កូនប្រុសនៃឪពុកមាសាច់ថ្លៃ របស់អគ្គមគុទេសន៍ដ៏មហិមា គីម ជុងអ៊ុន នៃប្រទេសកូរ៉េខាងជើង បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង។ ប្រភពពីខាងអាជ្ញាធរបានបង្ហើបថា យុវនិស្សិតដែលកំពុងរៀនក្នុងសាលាជានខ្ពស់ខាងស្ថាបត្យកម្ម នៃ​រដ្ឋធានី​ប៉ារីស ត្រូវបានចារកម្មកូរ៉េខាងជើង មកចាប់ពង្រត់ទៅ។

ជាចម្ងល់ដ៏អន្ទះសារ ប្រកប​ដោយ​ភាព​ស្រឡាំង​កាំង ដែល​បាន​ផ្ទុះ​កើត​ឡើង សម្រាប់​អ្នក​រស់​នៅ​រដ្ឋធានី​ប៉ារីស ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ។ ផ្ទុះ​ចម្ងល់ ព្រោះ​ប្រទេស​បារាំង ស្ថិត​នៅ​ចម្ងាយ​ច្រើន​ពាន់​គីឡូមែត្រ ពី​ប្រទេស​កុម្មុយនីស​កូរ៉េ​ខាង​ជើង បែរ​ជា​កំពុង​រង​ការ​សង្ស័យ​ថា បាន​ទុក​ចន្លោះ​ឲ្យ​ចារកម្ម​របស់​របប​ផ្ដាច់​ការ អាច​ចូល​មក​លើ​ទឹកដី​របស់​ខ្លួន ដើម្បី​ចាប់​ពង្រត់​មនុស្ស​សំខាន់​ម្នាក់​ចេញ​ទៅ។

យុវនិស្សិត ហាន (Han) ដែល​កំពុង​សិក្សា​នៅ​ក្នុង​សាលា​ជាន់​ខ្ពស់​ផ្នែក​ស្ថាបត្យកម្ម នៃ​រដ្ឋធានី​ប៉ារីស (L'école d'architecture de Paris-La Villette) លែង​មាន​ដំណឹង​សូន្យ​ឈឹង តាំង​ពី​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។ មិត្តភ័ក្រ​របស់ ហាន មួយ​ចំនួន​ទៀត ក៏​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​នោះ​មក​ដែរ។ នេះ​បើ​តាម​របាយការណ៍​ជា​ច្រើន ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​សារព័ត៌មាន នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ បាន​សរសេរ​បញ្ជាក់​ថា យុវជន ហាន ទំនង​ជា​ត្រូវ​បាន​ភ្នាក់ងារ​ចារកម្ម របស់​របប​កុម្មុយនីស​កូរ៉េ​ខាង​ជើង ចាប់​ពង្រត់​យក​ទៅ។

នៅក្នុងគេហទំព័រឯកជនមួយ របស់អ្នកសារព័ត៌មាន ប្រចាំឲ្យវិទ្យុសម្លេងបារាំងអន្តរជាតិ (RFI) ក៏បានសរសេរ ពីការបាត់ខ្លួនដ៏អាថ៌កំបាំង របស់យុវនិស្សិត ហាន និងមិត្តភ័ក្រដែរ។ ការបាត់ខ្លួននេះ ក៏ត្រូវបានបញ្ជាក់​ដោយ​នាយករង​​ របស់គ្រឹះស្ថានសិក្សាផ្នែកស្ថាបត្យកម្មនោះថែមទៀត។ របាយការណ៍សឹងតែទាំងអស់គ្នា សុទ្ធតែ​បាន​ដាក់ការសង្ស័យ ទៅលើភ្នាក់ងារចារកម្ម របស់ប្រទេសកូរ៉េខាងជើង ថាបានជ្រៀតចូលមកក្នុងទឹកដីបារាំង ដើម្បី​ចាប់ខ្លួនយុវជនដែលជាកូនប្រុសរបស់អតីតដៃស្ដាំរបស់របបកុម្មុយនីស ដែលទើបនឹងត្រូវបាន​ប្រហារ​ជីវិត ពីបទក្បត់ជាតិ ក្បត់បដិវត្តន៍ កាលពីមួយឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ (Yonhap) របស់ប្រទេសកូរ៉េខាងត្បូង បានសរសេរថា បន្ទាប់ពីលោក ចាំង សុងតឹក (Jang Song-taek) ឪពុកមាសាច់ថ្លៃរបស់អគ្គមគុទេសដ៏មហិមា លោក គីម ជុងអ៊ុន (Kim Jong-un) ត្រូវបានរបបនេះប្រហារជីវិតរួចមក សមាជិកគ្រួសារមួយភាគទៀត របស់អតីតដៃស្ដាំរបស់របបរូបនេះ បានបន្ត​រង​ការ​តាមប្រម៉ាញ់ និងការតាមធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរកូរ៉េខាងជើង ក្នុងនោះក៏មានយុវជន ហាន កូន​ប្រុសរបស់លោក ចាំង ម្នាក់ដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មានដដែល បានសរសេរទៀតថា ភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើង ទំនងជាបាន​មកទទួលយុវជន ហាន ពីច្រកចេញនៃគ្រឹះស្ថានសិក្សា ក្នុងរដ្ឋធានីប៉ារីស ប៉ុន្តែនៅពេលដែលបានបញ្ជូនខ្លួន មកដល់​ព្រលាន​យន្ដហោះអន្តរជាតិ នៃរដ្ឋធានីប៉ារីស យុវជនរូបនេះទំនងជាបានរត់គេសខ្លួនរួច ពីការចាប់​ពង្រត់។ បន្ទាប់​ពីនោះមក គេលែងទទួលបានដំណឹងពីយុវនិស្សិត ហាន សោះតែម្ដង បូករួមទាំងនិស្សិត​ដើម​កំណើតកូរ៉េ ចំនួនជាង១០នាក់ផ្សេងទៀតផង។

ផ្ដើមចេញពីរបាយការណ៍របស់អ្នកសារព័ត៌មាន នគរបាលបារាំងបានបើកសំនុំរឿងមួយ ពីករណីនេះ ដើម្បី​ស៊ើប​អង្កេតមើល ពីហេតុការណ៍ពិតប្រាកដ និងថាតើមានចារកម្មកូរ៉េ បានមកជាន់ទឹកដីបារាំងឬយ៉ាងណា។ បើតាមអ្នកទទួលខុសត្រូវមួយរូប នៃសាលាជាន់ខ្ពស់បានឲ្យដឹងថា ក្រុមនគរបាលបានមកស៊ើប​សួរពី​ករណី​នេះ កាលពីប៉ុន្មានសប្ដាហ៍មុន។

នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មាន Streetpress ដែលចេញផ្សាយតាំងពីឆ្នាំ២០១៣ បានឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០០០មក ប្រទេសបារាំងបានទទួលយុវជនប្រមាណជាជាង១០នាក់ ដែលមានដើមកំណើតពី​ប្រទេសកូរ៉េខាងជើង មកធ្វើការសិក្សា និងរស់នៅយ៉ាង«សំងាត់» លើទឹកដីរបស់ខ្លួន។ នៅឆ្នាំ២០១១ និស្សិត​កូរ៉េខាងជើង ចំនួន១០នាក់ ក៏ត្រូវបានផ្ញើរឲ្យមករៀន នៅក្នុងសាលាជាន់ខ្ពស់ផ្នែកស្ថាបត្យកម្មទាំងពីរ នៃ​រដ្ឋធានីប៉ារីសដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments