អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ថា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣០ តុលា

លទ្ធផលនៃជំនួបលើកទីប្រាំ នៃការកំណត់តួរលេខប្រាក់ខែរកម្មករ និយោជិក នៅមិនទាន់​កំណត់​តួរ​លេខ​ច្បាស់​លាស់​នៅ​ឡើយ ដោយរង់ចាំស្តាប់លទ្ធផល នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ដែលជាកិច្ចប្រជុំចុងក្រោយនៃត្រីភាគី។ នេះបើតាម​ការ​អះ​អាង​របស់​លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា។
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 29, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អាន និងបញ្ចេញយោបល់

ក្នុងកិច្ចសម្ភាសន៍ ជា​មួយ​អ្នក​សារព័ត៌មាន កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ លោក ហេង សួរ បាន​លើក​ឡើង​ថា ជំនួប​លើក​ទី​ប្រាំ​នេះ ក្រៅ​ពី​ចំណុច​នីតិវិធី ក៏​នៅ​មាន​ការ​ពិភាក្សា លើ​ចំណុច​មួយ​ចំនួន​ទៀត ដែល​ជា​សំណូមពរ ទាំង​ភាគី​កម្មករ​និយោជិក និង​ខាង​និយោជក ក្នុង​ការ​ដាក់​បញ្ចូល ទៅ​ក្នុង​របាយការណ៍​លទ្ធផល ដើម្បី​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ពិនិត្យ និង​ពិភាក្សា​បន្ថែម។

យ៉ាងណាក៏ដោយ លោក ហេងសួរ នៅ​មិន​ទាន់​បញ្ជាក់ ពី​តួរ​លេខ​នៃ​ចំនួន​ប្រាក់​ឈ្នួល​នោះ​នៅ​ឡើយ មក​ទល់​ពេល​នេះ ដោយ​លោក​លើក​ឡើង​ថា វា​កំពុង​ស្ថិត​នៅ​ក្នុង​«ជម្រើស»​ពីរ ដែល​ធាតុ​ពិត នៃ​សំណល់​ចុង​ក្រោយ មាន​តម្លៃ​ស្មើ​គ្នា។ លោក​បាន​បញ្ចាក់ នូវ​ជម្រើស​ទាំង​ពីរ​យ៉ាង​ដូច្នេះ​ថា «មួយ​វិធី​ឲ្យ​ទៅ​ហើយ ដក​មក​វិញ និង​វិធី​មួយ​ទៀត ដក​ចេញ​ទាំង​អស់ ឃើញ​សំណល់​តែ​ម្តង។ តាម​ការ​ពិត​សំណល់​ចុង​ក្រោយ នៅ​ដូច​គ្នា។ តែ​តួរ​លេខ​ប៉ុន្មាន យើង​សុំ​មិន​និយាយ​ទៅ​ចុះ យ៉ាង​ហោច​ណាស់ ក៏​យើង​បាន​ថ្លឹង​ថ្លែង សម្រាប់​ភាគី​ទាំង​សង​ខាង។»

អ្នកនាំពាក្យរូបនេះ បានបន្តថា ថ្វីបើខាងភាគីនិយោជន នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងតួរលេខមួយ តែ​ក្នុង​នាមជាអ្នកសម្របសម្រួល លោកបានស្នើឲ្យមានការបន្ថូបន្ថយ និងតម្លើង ស្របទៅតាម​តម្រូវការចាំបាច់​ប្រចាំ​ថ្ងៃ របស់កម្មករនិយោជិក។ បើអ្វីដែលជាតម្រូវការ របស់កម្មករនិយោជិក ដែលលើសពីលទ្ធភាពរបស់​និយោជក​ផ្តល់ឲ្យ នោះរាជរដ្ឋាភិបាលក៏នឹងមាន«វិធានការ ឬយន្តការកែសម្រួលមួយចំនួន»។

យ៉ាងណាក៏ដោយលោកសង្ឃឹមថា ភាគីនិយោជក និងទទួលយកសំណើររបស់រដ្ឋាភិបាល ក្នុងការសម្រប​សម្រួល និងធានាបាន នូវប្រាក់ខែអប្បបរមា សម្រាប់កម្មករនិយោជិក ដែលស្ថិតនៅលើបន្ទាត់នៃភាពក្រីក្រ។ លោក​និយាយទៀតថាថា ជំនួបចុងក្រោយនេះ នឹងទទួលបានលទ្ធផលជាវិជ្ជមានមួយ ដែលអាចទទួល​យក​បាន ព្រោះថា «ការកំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ២០១៥នេះ ជាតួរលេខមួយ ដោយផ្អែកលើ​បច្ចេក​ទេស វិទ្យាសាស្រ្ត និងមានការស្រាវជ្រាវ គាំទ្រពីស្ថាប័នមួយចំនួនហើយ។ តួរលេខនេះ ក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះ​ទំនាក់​ទំនង​វិជ្ជាជីវៈ មានភាពប្រសើរឡើង និងក៏អាចទាញកម្លាំងចិត្ត អ្នកបញ្ជាទិញមួយចំនួន​ត្រឡប់មក​វិញ។»

អគ្គលេខាធិកា នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានគាំទ្រចំពោះ​លទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ដែលបង្ហាញនូវលទ្ធផល ច្រើនជាងកិច្ចប្រជុំមុនៗ។ លោកបន្ថែមថា មានការគាំទ្រ​ច្រើន​ពីភាគីរដ្ឋាភិបាល និងនិយោជក ដើម្បីការទទួលបាននូវសន្តិភាព សម្រាប់កម្មករនិយោជិក ក៏ដូចជា​ប្រទេស​ជាតិទាំងមូល ទៅអនាគត។

យ៉ាងណាក៏ដោយតំណាងនិយោជក មិនបានផ្តល់នូវចំណាប់អារម្មណ៍យ៉ាងណានោះទេ ចំពោះលទ្ធផល​នៃ​កិច្ចប្រជុំលើកទីប្រាំនេះ។ តែតំណាងខាងនយោជនរូបនោះ គ្រាន់តែបញ្ជាក់ថា រង់ចាំលទ្ថផលនែកិច្ចប្រជុំ​បញ្ចប់ នាថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។

សូមទស្សនាកិច្ចសម្ភាសន៍តំណាងត្រីភាគីដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments