តារា​ផ្សាយ​ពាណិជ្ជកម្ម​ប្រចាំ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ នឹង​ទៅ​អូស​ទឹក​លក់!

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងជាតារាហ្វេសប៊ុកដ៏ល្បីឈ្មោះ លោក ផៃ ស៊ីផាន បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នូវ​រូបភាព​មួយ ដោយ​មាន​កាន់​ដប​ស្រាបៀរ នៅ​ជាប់​នឹង​ដៃ​ជា​មួយ​ផង។ តើ​រូបភាព​នេះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​បែប​ណា? សូម​តាម​ដាន ការ​ឆ្លើយ​ឆ្លង​ព័ត៌មាន ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​«ជ័យ​នាង​គ្រត» ដូច​ត​ទៅ។

នាងគ្រត៖ «ច៎ា នាងខ្ញុំសូមជម្រាបសួរ ពុកម៉ែ មាមីង និងបងប្អូនជាទីមេត្រី។ នាងខ្ញុំបានចូលខ្លួនត្រឡប់​មក​វិញហើយ នៅក្នុងកម្មវិធីព័ត៌មានជ័យនាងគ្រត។ ព្រឹត្តិការណ៍សំខាន់ ដែលយើងបានចាប់អារម្មណ៍​នៅ​ពេល​នេះ គឺការចុះផ្សាយរូបភាព មានកាន់ស្រាបៀរនៅនឹងដៃ របស់មន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋាភិបាល​កម្ពុជា គឺលោក ផៃ ស៊ីផាន នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា «អង្គភាពប្រតិកម្ម​រហ័ស»។​ ច៎ា ដើម្បីដឹងថា ការ​ចុះផ្សាយរបស់លោក មានខ្លឹមសារយ៉ាងណានោះ នាងខ្ញុំសូមភ្ជាប់ខ្សែទំនាក់ទំនង ជា​មួយ​នឹងបងជ័យ ដែល​កំពុង​ឈរជើង នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ទីកន្លែងដែលលោក ផៃ ស៊ីផាន មាន​តំណែង​ជារដ្ឋលេខាធិការ នោះ​ផង​ច៎ា។ អាឡូ ... បងជ័យ? ទទួលបានឬទេ ច៎ា?»

ជ័យ៖ «បាទ គ្រត ទទួលបានច្បាស់ល្អណាស់បាទ!»

នាងគ្រត៖ «ច៎ា ពុកម៉ែ មាមីង និងបងប្អូន ចង់ដឹងថា តើរូបថតដែលលោក ផៃ ស៊ីផាន ឈរកាន់ដបស្រាបៀរ ហើយយកមកផ្សាយ នៅលើទំព័រហ្វេសប៊ុកខ្លួនលោកទៅទៀតនោះ មានអត្ថន័យយ៉ាងណាដែរ? បងជ័យ មាន​បានជួបលោក ផៃ ស៊ីផាន ផ្ទាល់ និងបានទទួលដំណឹងអ្វី ពីរូបថតមួយនេះដែរឬទេ?»

ជ័យ៖ «បាទ ខ្ញុំបាទនេះ មិនបានជួបផ្ទាល់ជាមួយនឹងលោក រដ្ឋលេខាធិការ ផៃ ស៊ីផាន នោះទេ ដោយ​សារ​តែ​ខ្ញុំបាទនេះ ជាអ្នកសារព័ត៌មានស្រុកស្រែ មកពីចុងកាត់មាត់ញក។ មកទីស្ដីការគណៈរដ្ឋមន្ត្រី គ្រាន់តែបាន​អើតសួរមន្ត្រីមួយចំនួន ពីក្រៅរបងប៉ុណ្ណោះ។ ហើយបើតាមការឲ្យដឹង ពីមន្ត្រីដែលធ្វើការ​ក្នុងទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ពួកគាត់បានឆ្លើយដោយខ្លីថា រូបថតរបស់លោក ផៃ ស៊ីផាន នេះ បញ្ជាក់ពីសមញ្ញភាព របស់មន្ត្រី​រដ្ឋាភិបាលមួយរូប។ មន្ត្រីនោះបាននិយាយទៀតថា លោក ផៃ ស៊ីផាន ក៏ចេះផឹក ចេះស៊ី ចេះញ៉ែ ចេះដើរ​លេង ជាពិសេសលោកត្រូវតែឆ្លៀតឱកាស ឲ្យបានច្រើនបំផុត ជាមួយនឹងប្រពន្ធក្មេង ទើបនឹងរៀបការ​របស់​លោក​ដែរបាទ។»

នាងគ្រត៖ «ច៎ា តែបើតាមពុកម៉ែ មាមីង និងបងប្អូនមួយចំនួននោះ បានលើកជាមន្ទិលឡើងថា បើលោក ផៃ ស៊ីផាន ចង់បង្ហាញពីសមញ្ញភាព ហេតុអ្វីលោក ផៃ ស៊ីផាន មិនឡើងដើមត្នោត ទៅដោះបំពង់ទឹកត្នោត ដើម្បី​មកធ្វើជាទឹកត្នោតជូ ដើម្បីទទួលទានវិញ? ព្រោះថាធ្វើបែបនេះ ពុកម៉ែ មាមីង និងបងប្អូន មិនដឹងជា​ស្រឡាញ់​​លោក យ៉ាងណាទេ ...»

ជ័យ៖ «ករណីនេះ មានមនុស្សជាច្រើនបានឆ្លើយជំនួសលោក ផៃ ស៊ីផាន តាមបណ្ដាញសង្គមថា លោក ផៃ ស៊ីផាន មិនអាចទៅធ្វើរឿងបែបនេះបានទេ ព្រោះវាបូរាណពេកហើយ។ ប្រពន្ធលោកនៅក្មេង អញ្ចឹងលោក​ត្រូវដើរឲ្យទាន់សម័យកាលទំនើប។ ណាមួយទៀត ក្នុងនាមមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ត្រូវតែស្រប​តាមចរន្ដនយោបាយរបស់រដ្ឋាភិបាល ជាពិសេសត្រូវបង្ហាញពីផលិតផល ឬពីសមិទ្ធិផល របស់រដ្ឋាភិបាល ដែល​សម្រេចបានជាមួយនឹងក្រុមអ្នកវិនិយោគទុន។»

នាងគ្រត៖ «ច៎ា នៅក្នុងករណីបែបនេះ ខាងក្រុមហ៊ុនស្រាបៀរនោះ ទំនងជាសប្បាយចិត្តយ៉ាងណាទៅណ្ន៎ ...»

ជ័យ៖ «បាទ ត្រឹមត្រូវហើយគ្រត។ ការទៅសម្ពោធ កាត់ខ្សែបូរ ឬការទៅបង្ហាញផលិតផលណាមួយក៏ដោយ ពីសំណាក់នាយករដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាល ឲ្យក្រុមហ៊ុនរបស់វិនិយោគិនណាមួយ សុទ្ធសឹងជាឱកាសមាស​នៃការឃោសនាពាណិជ្ជកម្ម ទាំងខាងរដ្ឋាភិបាល ទាំងខាងក្រុមហ៊ុន។ ដូច្នេះ ការលើកបង្ហាញពី​ផលិតផល​សម្រេចបាន របស់កម្ពុជាក្រោមការដឹកនាំ របស់រដ្ឋាភិបាលសម័យនេះ នឹងជួយលើកមុខ​ឲ្យក្រុមហ៊ុន​ ក៏ដូច​ជាវិនិយោគិននោះដែរបាទ។ រីឯខាងរដ្ឋាភិបាល ក៏មានឱកាសបានបង្ហាញដែរថា នេះហើយជាសមិទ្ធិផល​ថ្មី​របស់កម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាង។ មិនត្រឹមតែប៉ុណ្ណោះ លោក ផៃ ស៊ីផាន បានថតរូបខ្លួនលោក យក​ទៅចុះផ្សាយ នៅក្នុងទំព័រហ្វេសប៊ុកដ៏ល្បី ជំរុញឲ្យមនុស្សនៅជុំវិញពិភពលោក កាន់តែស្គាល់ពីផលិតផល​នោះខ្លាំងឡើងថែមទៀត។ តែអ្វីដែលសំខាន់ និងជាការព្រួយបារម្ភ របស់មនុស្សមួយចំនួនតូច ...»

នាងគ្រត៖ «ជាអ្វីទៅ ...បងជ័យ?»

ជ័យ៖ «ការព្រួយបារម្ភនោះ គឺថា តារាដែលជាប់កិច្ចសន្យា ឃោសនាផ្សាយពាណិជ្ជកម្ម ប្រចាំឲ្យក្រុមហ៊ុន​ស្រាបៀរនោះ អាចនឹងអស់តម្លៃ បើទោះជាថតរូប ឬវីដេអូស្អាត ល្អយ៉ាងណាក៏ដោយ ព្រោះសុទ្ធតែមិន​ល្អ​មិនស្អាត មិនល្បីទៅក្រៅស្រុក ដូចរូបថតតាមធម្មជាតិរបស់លោក ផៃ ស៊ីផាន នោះទេ។ ជាពិសេសទៅ​ទៀត បើករណីនេះ នៅតែកើតមាន តារាម្នាក់នោះ អាចនឹងអស់អាជីព ឬឈានទៅរកការអូសទឹកលក់វិញ​ផងក៏​មិនដឹង។ នេះបើតាមសម្ដីប្រិយមិត្ត អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀត។»


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments