អាយុ​ទើប​៩​ឆ្នាំ ចេះ​សរសេរ​ប្រលោមលោក ពី​ប្រវត្តិ​អតីត​ជើង​ឯក​ពិភពលោក F1

អៃដេន (Aidan) កុមារមួយរូប ជាតិអៀឡង់ខាងជើង អាយុទើបនឹង៩ឆ្នាំ តែបានសរសេរសៀវភៅមួយ ដើម្បី​ឧទ្ទិស​ឲ្យ​ទៅ​លោក ម៉ៃឃើល ឃ្យូម៉ាឃើ (Michael Schumacher) ដែលជាជើងឯកពិភពលោក ខាង​ប្រណាំង​កាំជ្រួច​លើ​វាល​រាប ឬ​ហៅ​កាត់​ថា F1។ ស្នាដៃនេះ ត្រូវបានផ្ញើរទៅដល់ដៃ របស់ភរិយារបស់លោក ម៉ៃឃើល ឃ្យូម៉ាឃើ។
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 04, 2014
  • ប្រធានបទ: អ្នកនិពន្ធក្មេង
  • អាន និងបញ្ចេញយោបល់

អ្នកគាំទ្រតែងតែផ្ញើរសំបុត្រ ទៅតារាឬវីរបុរស ដែលពួកគេស្រឡាញ់។ តែសម្រាប់កុមារា អៃដេន ហ្គោមឡី (Aidan Gormley) ដែលទើបនឹងមានអាយុ៩ឆ្នាំ បានសរសេរប្រលោមលោក មួយខ្សែរ។ អ្នកស្រឡាញ់​គាំទ្រ របស់អតីតជើងឯកពិភពលោក លោក ម៉ៃឃើល ឃ្យូម៉ាឃើ (Michael Schumacher) ខាងការប្រណាំង​កាំជ្រួច​លើវាលរាប បានឧទ្ទិសស្នាដៃរបស់ខ្លួន ទៅវីរបុរសដែលខ្លួនស្រឡាញ់ បន្ទាប់ពីលោក ម៉ៃឃើល ឃ្យូម៉ាឃើ បានរង​របួស​ធ្ងន់ធ្ងរ នៅក្នុងស្ថានីយកីឡាស្គី កាលពីដើមឆ្នាំកន្លងទៅ ក្នុងប្រទេសបារាំង។

កុមារា អៃដេន បានប្រើប្រាស់រយៈពេលបីសប្ដាហ៍ ដើម្បីសរសេរនិងរៀបចំលំអសៀវភៅរបស់ខ្លួន ដោយ​ដាក់ចំណងជើងថា «ដំណើរផ្សងព្រេង របស់ហ្វែរ៉ារី (Ferrari Adventure)» ដោយសារតែលោក ឃ្យូម៉ាឃើ ធ្លាប់បានកាន់ចង្កូតយាន F1 ពណ៌ក្រហមរបស់ក្រុមហ៊ុន ហ្វេរ៉ារី។ សៀវភៅ ត្រូវបានគ្រឹស្ថានផ្សព្វផ្សាយ​មួយសម្រាប់កុមារ ទទួលយកទៅបោះពុម្ភ។ សៀវភៅដែលបានបោះពុម្ភចេញយ៉ាងស្អាតនោះមួយក្បាល ត្រូវបានផ្ញើរទៅកាន់គ្រួសាររបស់ ម៉ៃឃើល ឃ្យូម៉ាឃើ។

ភរិយារបស់អតីតជើងឯកពិភពលោក បានឆ្លើយតបទៅកុមារវិញថា៖ «ម៉ៃឃើល របស់យើងជាមនុស្សដែល​តស៊ូ​ខ្លាំងជាទីបំផុត។ គាត់នឹងមិនបោះបង់ចោលឡើយ។ សូមអរគុណសម្រាប់ពាក្យជូនពររបស់អ្នក និង​អំណោយដ៏ថ្លៃថ្លារបស់អ្នក។ ជាការគាំទ្រមួយដ៏អស្ចារ្យ សម្រាប់គ្រួសាររបស់យើង។» សារលិខិតនោះ បាន​សរសេរចាក់ទម្លុះបេះដូង អ្នកនិពន្ធវ័យក្មេង រហូតដល់ អេដេន លាន់មាត់ថា៖ «មិនគូរឲ្យជឿទេ ដែលខ្ញុំ​ទទួល​សារពីភរិយារបស់ម៉ៃឃើល ឃ្យូម៉ាឃើ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments